ហ្សឺណែវ ៖ ក្នុងឋានៈលោកជាសហប្រធាននៃគណៈកម្មការសាកលអំពីអនាគតពលកម្ម លោកប្រធានាធិបតី Cyril Ramaphosa នៃប្រទេសអាហ្វ្រិកខាងត្បូងបានពិនិត្យមើលបញ្ហានេះកាលពី១៨ខែមុននេះ។ របាយការណ៍ដែលគួរកត់សម្គាល់របស់គណៈកម្មការនេះដែលបានត្រូវចេញផ្សព្វផ្សាយកាលពីខែមករាបានត្រូវលើកយកទៅជជែកដេញដោលគ្នា និងត្រូវពិចារណាដើម្បីធ្វើការអនុម័តនៅក្នុងសន្និសីទនៃអង្គការ ILO។
លោក Ramaphosa បាននិយាយថា ការគំរាមកំហែងដល់ពលកម្មបានត្រូវដាក់ឱ្យមានដោយការជឿនលឿនខាងបច្ចេកវិទ្យា ការលូតលាស់នៃបច្ចេកវិទ្យាបញ្ញានិម្មិត ភាពស្វ័យប្រវត្តិនិងបច្ចេកវិទ្យារូបយន្តតម្រូវឱ្យមានការឆ្លើយតបដែលផ្តោតទៅលើមនុស្ស។ លោកបានថ្លែងថាការណ៍នេះមានទាក់ទិននឹងការវិនិយោគក្នុងពលកម្មសមរម្យនិងអាចគាំទ្របាន។
លោកថ្លែងថា៖ «ក្នុងឋានៈជាប្រទេសក្នុងទ្វីបអាហ្វ្រិក យើងមានការប្តេជ្ញាជាពិសេសថា នឹងធ្វើឱ្យប្រាកដប្រជាថាការធ្វើវិនិយោគនេះផ្តោតការយកចិត្តទុកដាក់លើការបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់ពួកមនុស្សវ័យក្មេង...យុវជនច្រើននាក់នៅក្នុងទ្វីបយើងគ្មានការងារធ្វើទេហើយខ្វះការប៉ិនប្រសប់សំខាន់ៗដែលទាមទារឱ្យមានដោយកន្លែងធ្វើការនៅពេលបច្ចុប្បន្ន និងក្នុងពេលអនាគត»។
គណៈកម្មការនេះស្នើការធានារ៉ាប់រងពលកម្មសាកលមួយដែលមានរួមបញ្ចូលសិទ្ធិខាងការរៀនសូត្រមួយជីវិតនិងការហ្វឹកហ្វឺនខាងការប៉ិនប្រសប់។ លោក Dmitry Medvedev នាយករដ្ឋមន្ត្រីនៃសហព័ន្ធរុស្សីមានការយល់ព្រមជាទូទៅជាមួយអនុសាសន៍នៃគណៈកម្មការនេះ។
ក៏ប៉ុន្តែលោកបានព្រមានអំពីការគំរាមកំហែងឯទៀតៗដល់ពលកម្មនិងស្ថិរភាពសេដ្ឋកិច្ចសាកល។ លោកបាននិយាយតាមរយៈអ្នកបកប្រែភាសាម្នាក់។
លោកថ្លែងថា៖ «យើងរស់នៅក្នុងពិភពលោកមួយមានសាកលភាវូបនីយកម្មនិងនិយតកម្មនៃទំនាក់ទំនងខាងពលកម្មត្រូវការឱ្យមានគោលការណ៍ដូចគ្នានិងស្មើគ្នាខ្លះ...ហើយការដាក់ទណ្ឌកម្មដោយខុសច្បាប់, ការការពារផលិតកម្មក្នុងប្រទេស, សង្គ្រាមពាណិជ្ជកម្ម និងរបាំងសិប្បនិម្មិតឯទៀតៗមានផលប៉ះពាល់អវិជ្ជមាន ក្នុងចំណោមអ្វីឯទៀតៗ ដល់ផ្សារការងារនិងសេដ្ឋកិច្ចរបស់ប្រទេសទាំងអស់ជាទូទៅ»។
លោកស្រីអធិការបតី Angela Merkel នៃប្រទេសអាល្លឺម៉ង់សរសើរអង្គការពលកម្មពិភពលោកអំពីការងារដែលអង្គការនេះបានធ្វើក្នុងរយៈពេលជាង១០០ឆ្នាំកន្លងទៅនេះក្នុងការខិតខំព្យាយាមធ្វើពិភពពលកម្មឱ្យទៅជាកន្លែងមួយមានយុត្តិធម៌ជាងមុន។ ក៏ប៉ុន្តែលោកស្រីបានមានប្រសាសន៍បន្ថែមថាមានកិច្ចការច្រើនត្រូវធ្វើថែមទៀតដើម្បីបង្កើតស្ថានភាពការងារសមរម្យសម្រាប់មនុស្សគ្រប់ៗគ្នា។
លោកស្រី Merkel បានមានប្រសាសន៍តាមរយៈអ្នកបកប្រែភាសាម្នាក់ថា៖ «នៅក្នុងពិភពលោកនេះដែលមានការរួមបញ្ចូលគ្នានិងការភ្ជាប់ការទាក់ទងគ្នាជិតស្និទ្ធ យើងត្រូវតែខិតខំប្រឹងប្រែងច្រើនជាងមុនដើម្បីកែប្រែការលូតលាស់សេដ្ឋកិច្ចឱ្យទៅជាការជឿនលឿនខាងសង្គមដែលនៅក្នុងនោះមនុស្សគ្រប់គ្នាចូលរួមផងដែរ...វាហាក់ដូចជាមាននិន្នាការបញ្ច្រាសមួយ។សកលភាវូបនីយកម្មបានបង្កើតឱ្យមានមនុស្សសំបូរធនធានច្រើននាក់ណាស់ ក៏ប៉ុន្តែអយុត្តិធម៌ក្នុងសង្គមនិងភាពមិនស្របគ្នាដោយអន្លើហាក់ដូចជាមានខ្លាំងឡើងៗ»។
លោកស្រី Merkel បានមានប្រសាសន៍ថា មានវិធីជាច្រើននាំទៅកាន់គោលដៅនៃស្ថានភាពការងារសមរម្យសម្រាប់ឱ្យមានជីវភាពល្អ ក៏ប៉ុន្តែមានមនុស្សច្រើននាក់បានត្រូវផាត់ចេញពីស្ថានភាពទាំងនេះ។ លោកស្រីបានមានប្រសាសន៍ថាមានកិច្ចការច្រើនដែលអង្គការ ILO ត្រូវធ្វើក្នុងរយៈពេល១០០ឆ្នាំខាងមុខ៕