អន្តរជាតិ
លោក ត្រាំ ចង់​កាន់តំណែង​ប្រធានាធិបតី​លើសពីរ​អាណត្តិ​?
17, Jun 2019 , 3:03 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៦ ខែមិថុនា បានលើកឡើង​ពី​លទ្ធភាព​ដែល​លោក​អាច​កាន់តំណែង​ប្រធានាធិបតី​លើសពី​ពីរ​អាណត្តិ​។ តាមរយៈ Twitter របស់ខ្លួន លោក ត្រាំ អះអាងថា អ្នកគាំទ្រ​របស់លោក​អាច​ទាមទារ​ឲ្យ​មាន​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដើម្បី​បើកផ្លូវ​ឲ្យ​លោក​អាច​បន្ត​ស្នាក់នៅ​សេត​វិមាន​លើសពី​៨​ឆ្នាំ​។ តើ​លោក ត្រាំ កំពុងនិយាយ​មែនទែន ឬ​លេងសើច ខណៈ​លោក​ធ្លាប់​និយាយ​រឿង​កាន់អំណាច​យូរ​នេះ​ញឹកញយ​ហើយ​ដែរ​?

 
​មិនទាន់​ចប់​អាណត្តិ​ទីមួយ​ឡើយ តែ​លោក ដូ​ណា​ល់ ត្រាំ បាន​សម្លឹង​ឃើញ​អាណត្តិ​ទី​ពីរ​ទៅហើយ​។ កាន់តែ​ចាប់អារម្មណ៍​នោះ ប្រធានាធិបតី​អាមេរិក​រូបនេះ ទំនង​មានកូន​ចិត្ត​ចង់​កាន់កាប់​សេត​វិមាន​ហួស​ពីរ​អាណត្តិ​ទៀតផង​។ ម្ដង​ជា​ពីរដង លោក ត្រាំ និយាយ​បែប​មែន​បន្លំ​លេងសើច​ថា លោក​អាចដឹកនាំ​អាមេរិក​លើស​ដប់ឆ្នាំ​ទៀតផង​។​
 
​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្លៀតពេល​រិះគន់​កាសែត​អាមេរិក New York Times និង Washington Post នោះ លោក ត្រាំ ក៏​រំឭក​រឿង​កាន់អំណាច​លើសពីរ​អាណត្តិ​នេះ​ជាថ្មី​។ ជា​ទម្លាប់​ប្រើប្រាស់​បណ្ដាញ​សង្គម Twitter ដើម្បី​បញ្ចេញ​សារ​នយោបាយ ប្រធានាធិបតី​អាមេរិក​រូបនេះ បាន​បញ្ជាក់ថា អ្នកគាំទ្រ​របស់លោក​អាច​ស្នើ​ឲ្យ​មាន​ការកែ​រដ្ឋធម្មនុញ្ញ​ដើម្បី​ឲ្យ​លោក​បន្តធ្វើ​ឲ្យ​អាមេរិក​កាន់តែ​អស្ចារ្យ​។ 
 
 
​លោក ត្រាំ សរសេរ​លើ Twitter ផ្ទាល់ខ្លួន​ថា​៖ «​ព័ត៌មាន​ល្អ​គឺថា ៦​ឆ្នាំ​រំលង​ផុត​ទៅ​បន្ទាប់ពី​អាមេរិក​ត្រឡប់​ទៅរក​ភាព​អស្ចារ្យ​ម្ដងទៀត ហើយ​ខ្ញុំ​នឹង​ចាក​ចេញពី​សេត​វិមាន​ដ៏​ស្រស់ស្អាត​។ តើ​អ្នក​គិតថា ប្រជាជន​អាមេរិក​នឹង​ទាមទារ​ឲ្យ​ខ្ញុំ​បន្ត​នៅ​យូរ​ទៅទៀត​ទេ​? អាមេរិក​នឹង​នៅតែ​អស្ចារ្យ​...​។​» 
 
​តាមរយៈ​សារ​ខាងលើ លោក ត្រាំ ដែល​នឹង​ប្រកាស​ពី​យុទ្ធនាការ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០២០ ទំនង​ចង់​និយាយថា ប្រជាប្រិយភាព​របស់លោក​ក្នុងចំណោម​ប្រជាជន​អាមេរិក​មាន​អត្រា​ខ្ពស់​ដោយសារ​នយោបាយ​ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ​ឡើងវិញ​។ ប៉ុន្តែ​រដ្ឋធម្មនុញ្ញ​អាមេរិក​ដែល​កើត​ក្រោយ​វិសោធនកម្ម​លើក​ទី​២២ នោះ ចែង​ច្បាស់​ហើយ​ថា អាណត្តិ​ប្រធានាធិបតី​មាន​ត្រឹម​ពីរ​អាណត្តិ​ប៉ុណ្ណោះ​។ ប៉ុន្តែ​លោក ត្រាំ ក៏​ទំនង​គិត​ដោយ​ខ្លួនឯង​ថា ច្បាប់កំពូល​នេះ អាច​កែប្រែ​ម្ដងទៀត​ក៏​ថា​បាន​។ 
 
​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ តាមរយៈ​សារ Twitter លោក ត្រាំ មាន​ទំនុកចិត្ត​ខ្ពស់​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២០ ហើយ​បន្ត​ដឹកនាំ​អាមេរិក​អាណ​ត្ត​ទី​ពីរ ប៉ុន្តែ​លោក​បែរជា​សរសេរថា ៦​ឆ្នាំ​មិនមែន​៨​ឆ្នាំ​ទៅវិញ ទោះជា​អាណត្តិ​ប្រធានាធិបតី​អា​មេ​រិ​មាន​បួន​ឆ្នាំ​ក្ដី​។ មិន​រាប់​៨​ឆ្នាំ ព្រោះ​លោក ត្រាំ ដក​ពីរ​ឆ្នាំ​ដំបូង​ចេញ ព្រោះ​ចោមរោម​ដោយ​សំណុំរឿង​រុស្ស៊ី​លូកលាន់​ការបោះឆ្នោត​ឆ្នាំ​២០១៦ ដែ​លោក ត្រាំ ផ្ដួល​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បេក្ខជន​បក្ស​ប្រជាធិបតេយ្យ​។​
 
​កាលពី​ខែមេសា លោក ត្រាំ ព្រលយ​ពាក្យ​ចង់​ដឹកនាំ​អាមេរិក​ពីរ​ឆ្នាំ​បន្ថែមទៀត ដើម្បី​ទូទាត់​នឹង​ពេលវេលា​ដែល​លោក​ខាតបង់​ដោយសារ​ការស៊ើបអង្កេត​របស់​រដ្ឋអាជ្ញា​ពិសេស Robert Mueller ។ ចុងក្រោយ លោក​បែរជា​ថា នេះ​ជាស​ម្ដី​កំប្លែង​ប៉ុណ្ណោះ​។ ឆ្នាំ​២០១៨ លោក ត្រាំ និយាយ​រឿង​ដូចគ្នានេះ​អំឡុង​ជំនួប​ជាមួយ​ប្រ​ធា​ធិបតី​ចិន ស៊ី ជិន​ភីង ដែល​កែ​ច្បាប់​ដើម្បី​កាន់អំណាច​បានយូរ​នោះ​។ កាលនោះ លោក​ថា អាមេរិក​ធ្វើតាម​ចិន​ដែរ​នៅ​ថ្ងៃ​ណាមួយ​៕ 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com