អន្តរជាតិ
ហេតុអ្វី​បានជា​អ្នក​មើលឃើញ​ផ្កាយ​ផ្លេកៗ​នៅពេល​យប់​?
17, Jun 2019 , 9:19 pm        
រូបភាព
​នៅពេល​មាន​មេឃ​ស្រឡះ គ្មាន​ពពក គ្មាន​ភ្លៀង ទិដ្ឋភាព​មេឃងងឹត​ជាមួយនឹង​ផ្កាយ គឺជា​ទិដ្ឋភាព​មួយ​ដែល​មិនអាច​រំលង​បាន ជាពិសេស​នៅតាម​ទីជនបទ នៅពេលដែល​ការបំពុល​ដោយ​ពន្លឺភ្លើង​អគ្គីសនី​មាន​ចំនួន​តិច​។ តែ​នៅពេលដែល​អ្នក​ងាកមើល​ទៅរក​ផ្កាយ ចំណុច​ពន្លឺ​តូចៗ​ទាំងនោះ​ហាក់បីដូច​ជាមាន​ពណ៌​ផ្លេកៗ ដូចជា​គ្រាប់ពេជ្រ​។ តើ​ពន្លឺ​ផ្លេកៗ​ទាំងនេះ កើតឡើង​ដោយសារ​បាតុភូត​អ្វី​?

 
​បាតុភូត​សាមញ្ញ​ពេលយប់​មួយ​នេះ កើតឡើង​គ្មានអ្វី​ក្រៅពី​ស្រទាប់​បរិយាកាស​របស់​ភពផែនដី​ដែល​យើង​រស់នៅ​នោះទេ​។ គេហទំព័រ​វិទ្យាសាស្ត្រ livescience.com បាន​ពន្យល់ថា បរិយាកាស​របស់​ផែនដី​សម្បូរ​ទៅដោយ​ឧស្ម័ន​ជាច្រើន​ខុសគ្នាៗ រសាត់​ទៅវិញទៅមក​ទៅតាម​រយៈ​ចរន្ត​ខ្យល់​។ នៅក្នុង​ស្រទាប់​នីមួយៗ សីតុណ្ហភាព​ក៏មាន​លក្ខណៈ​ខុសគ្នា​ដែរ​។ សីតុណ្ហភាព​ខុសៗ​ទាំងនេះ ធ្វើ​ឲ្យ​មាឌ និង​ដង់ស៊ីតេ​ឧស្ម័ន​ប្រែប្រួល​ទៅតាម​នេះដែរ​។ 
 
​នៅពេលដែល​ពន្លឺ​របស់​ផ្កាយ​ទាំងនោះ​ឆ្លងកាត់​ស្រទាប់​បរិយាកាស​ផែនដី លក្ខណៈ​របស់​ឧស្ម័ន​ផ្សេងៗ​គ្នា​គឺជា​អ្នក​បត់បែន​ដំណាល​របស់​ពន្លឺ ទៅវិញទៅមក​។ ហេតុ​ដូចនេះហើយ នៅពេលដែល​អ្នកពិនិត្យ​មើល​ផ្កាយ អ្នក​សង្កេតឃើញថា ពួកវា​ហាក់ដូច​បី​ជា​បញ្ចេញ​ពន្លឺ​ផ្លេកៗ​។ ប៉ុន្តែ បើ​អ្នក​អាច​ចេញ​ផុតពី​បរិយាកាស​ភពផែនដី នោះ​ពន្លឺ​ផ្លេកៗ​ដែល​អ្នកឃើញ​នឹង​បាត់​ទៅវិញ​៕

© រក្សាសិទ្ធិដោយ thmeythmey.com