ជាតិ
សិល្បះ
លោក ឯល ប៊ុនណា នឹង​ទទួលបានសិទ្ធិគ្រប់គ្រងចម្រៀង​៣០បទ
17, Jun 2019 , 3:57 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ឯល ប៊ុនណា អ្នក​បទភ្លេង និងបទចម្រៀងជើងចាស់ នឹងទទួល​សិទ្ធិគ្រប់គ្រងបទចម្រៀង​ចំនួន​៣០ តាមសំណើរបស់សាម៉ី​ខ្លួន​នាពេលខាងមុខ។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កាលពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ​២០១៩។



លោក ឯល ប៊ុនណា ដែលជាឪពុករបស់តារាចម្រៀង ណាំ ប៊ុណ្ណារ័ត្ន ផងដែរនោះ បាន​ដាក់សំណើសុំ​សិទ្ធិគ្រប់គ្រង​ចម្រៀង៣០បទ ដែល​ក្នុងនោះ ក្រសួងពិនិត្យឃើញថា ២៨បទជាស្នាដៃ​និពន្ធបទភ្លេង និងទំនុក​ចម្រៀង​ដោយ​លោក ឯល ប៊ុនណា តែម្នាក់ឯង រីឯ២បទទៀត ជាស្នាដៃសហនិពន្ធ ហើយ​បានផ្ទេរសិទ្ធិជូន​លោកជាតំណាង។

ជាមួយគ្នា ក្រសួងបើកផ្លូវ​សម្រាប់ការប្តឹងជំទាស់ដែលមាន​សុពល​ភាព​មួយខែ មុននឹង​ប្រកាសផ្តល់សិទ្ធិជាផ្លូវការជូន​លោក ឯល ប៊ុនណា។

បទចម្រៀងដែល​ជា​ស្នាដៃនិពន្ធ និងទំនុក​ច្រៀង​ដោយ លោក ឯល ប៊ុនណា មានដូចជា ដំបៅដួងចិត្ត, បងស្រែក​ច្រៀងម្តេចនាងយំ, ណារីនឹមនួន ដែល​ច្រៀងដោយលោក ស៊ីន ស៊ីសាមុត បទប៉ុន្មាន​ខែទៀតទើបបងរៀបការ, កុំនឹកអូនអី ដែលច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា ជាដើម៕




Tag:
 បទចម្រៀង
© រក្សាសិទ្ធិដោយ thmeythmey.com