ជាតិ
នយោបាយជាតិ
រដ្ឋាភិបាល៖ ប្លុកមួយក្នុងសមុទ្រ កំពុងឈានទៅផលិតប្រេងកាត
× រដ្ឋាភិបាល បានបង្ហាញសញ្ញាថា កម្ពុជា ជិតមានប្រេងប្រើខ្លួនឯងហើយ។ ការបង្ហើបរបស់រដ្ឋាភិបាល គឺនៅក្នុងសេចក្តីថ្លែងហេតុ អំពីសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និង ផលិតផលប្រេងកាត។
សេចក្តីថ្លែងហេតុ ដែលចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងត្រូវបានផ្សព្វផ្សាយក្នុងកិច្ចប្រជុំពេញអង្គរបស់រដ្ឋសភា នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បានសរសេរយ៉ាងដូច្នេះថា «....ការរុករកនិងការអភិវឌ្ឍធនធានប្រេងកាត ទាំងដែនគោកនិងដែនសមុទ្រ កំពុងដំណើរការទៅមុខ ដែលក្នុងនោះ ប្លុកប្រេងកាតមួយនៅដែនសមុទ្រ កំពុងឈានទៅរកការផលិតធនធានប្រេងកាតលើកទីមួយក្នុងប្រវត្តិសាស្ត្រកម្ពុជានាពេលខាងមុខនេះ»។
ក្នុងកិច្ចប្រជុំពេញអង្គ សមាជិករដ្ឋសភា បានអនុម័តសេចក្តីព្រាងច្បាប់នេះហើយ ដែលមាន មាន៩ជំពួក និង ៧២មាត្រា។ រដ្ឋាភិបាល បញ្ជាក់ក្នុងសេចក្តីថ្លែងហេតុថា ការតាក់តែងសេចក្តីព្រាងច្បាប់នេះ គឺដើម្បីគ្រប់គ្រងនិងអភិវឌ្ឍប្រេងកាតឲ្យមានប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ទាក់ទាញ និងផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគ និងដើម្បីជំរុញការអភិវឌ្ឍវិស័យប្រេងកាតប្រកបដោយនិរន្តរភាព ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិ។
សេចក្តីថ្លែងហេតុ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ច្បាប់នេះ ត្រូវបានតាក់តែងលើកដំបូង ដោយក្រសួងរ៉ែនិងថាមពល តាំងពីក្នុងឆ្នាំ១៩៩៦មក។ នៅឆ្នាំ២០០៦ អតីតអាជ្ញាធរប្រេងកាតជាតិកម្ពុជា បានយកសេចក្តីព្រាងច្បាប់នេះ ទៅកែសម្រួលឡើងវិញ ដោយមានការពិគ្រោះយោបល់ជាមួយអ្នកបច្ចេកទេស និងអ្នកជំនាញផ្នែកច្បាប់ជាតិ-អន្តរជាតិ។
សេចក្តីថ្លែងហេតុ បន្តថា ក្នុងឆ្នាំ២០១៣ សេចក្តីព្រាងច្បាប់នេះ ត្រូវបានកែសម្រួលបន្ថែម ដោយបញ្ចូលបរិបទថ្មីៗមួយចំនួនផ្អែកលើបទពិសោធពីបណ្តាប្រទេសផ្សេងៗ ដូចជា ន័រវេស អូស្ត្រាលី ជប៉ុន ឥណ្ឌូនេស៊ី ថៃ វៀតណាម ទីម័រខាងកើត ម៉ាឡេស៊ី និង ព្រុយណេ ជាដើម។ រហូតដល់ខែមេសា ឆ្នាំ២០១៩ គណៈរដ្ឋមន្ត្រី ក៏សម្រេចបញ្ជូនសេចក្តីព្រាងច្បាប់នេះ ទៅរដ្ឋសភា។
ក្រោយអនុម័ត រដ្ឋសភា ក៏បញ្ជូនសេចក្តីព្រាងច្បាប់ ទៅព្រឹទ្ធសភា ដើម្បីពិនិត្យបន្ត។ ក្រោយចេញពីព្រឹទ្ធសភា សេចក្តីព្រាងច្បាប់ នឹងត្រូវថ្វាយទៅព្រះមហាក្សត្រ ដើម្បីព្រះអង្គចេញព្រះរាជក្រមប្រកាសឲ្យប្រើប្រាស់៕
Tag:
ច្បាប់ប្រេងកាត
រដ្ឋសភា
© រក្សាសិទ្ធិដោយ thmeythmey.com