ជាតិ
សង្គមជាតិ
​អាជ្ញាធរ​អប្សរា​៖ បើ​មិន​ចង់​ខកចិត្ត សូមកុំ​ទិញ​ដី​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​!
17, Jun 2019 , 6:25 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​អប្សរា ព្រមាន​អ្នក​ប្រកាស​លក់​ដី​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ឲ្យ​បញ្ឈប់​សកម្មភាព​ខ្លួន​ជា​បន្ត ជាពិសេស​ការផ្សព្វផ្សាយ​លក់​តាម​បណ្តាញ​សង្គម ព្រោះ​ដី​នៅ​តំបន់​នោះ ជា​បេតិកភណ្ឌ​ពិភពលោក​ដែល​អាជ្ញាធរ​បាន​ហាមឃាត់​។ បើ​ករណី​មិន​គោរព​តាម​ការណែនាំ អាជ្ញាធរ​ជាតិ​អប្សរា នឹង​ចាត់វិធានការ​តាមច្បាប់​។​

 
​កន្លងមក​អាជ្ញាធរ​អប្សរា​សង្កេតឃើញថា មាន​ជន​មិន​គប្បី​ជាច្រើន បានប្រកាស​លក់​ដីធ្លី​ក្នុង​តំបន់​អង្គរ ដែល​ផ្ទុយ​ពី​ច្បាប់​ដែល​បានចែង​គ្រប់គ្រង​តំបន់​សៀមរាប​អង្គរ និងសេចក្តីសម្រេច ចុះ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០០៤ របស់​រាជរដ្ឋាភិបាល ស្តីពី​កំណត់​បទដ្ឋាន​នៃ​ការប្រើប្រាស់​ដីធ្លី​នៅ​តំបន់​១ និង​តំបន់​២​។ 
 
​យោងតាម​សេចក្តីជូនដំណឹង​របស់​អាជ្ញាធរ​ជាតិ​អប្សរា ការហាម​ប្រាម  គឺ​ដើម្បី​អនុវត្ត​គោលការណ៍​ច្បាប់​ក្នុង​កិច្ចការ​អភិរក្ស និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ចីរភាព ម្យ៉ាង​ដើម្បី​បង្ការ​ការខូចខាត​ផលប្រយោជន៍​របស់​សាធារណជន​ដែល​កើតឡើង​ពី​ការបោក​បញ្ឆោត​របស់​ជ​ន​មួយចំនួន ពី​ទិញ​ដីធ្លី​ក្នុង​តំបន់​អង្គរ​។ 
 
​ក្នុងករណី​ទប់ស្កាត់​សកម្មភាព​នេះ អាជ្ញាធរ​អប្សរា ឲ្យ​ពលរដ្ឋ​ដែលមាន​បំណង​ចង់​ទិញ​ដី នៅ​ខេត្តសៀមរាប ត្រូវ​ពិចារណា និង​ទាក់ទង​ទៅ​អាជ្ញាធរ​ជាតិ​អំពី​ចម្ងល់​ផ្សេងៗ​ដែល​ទាក់ទង​នឹង​ការទិញ​ដី តាមរយៈ​លេខ​ទូរ​សព្ទ ០៩២ ៨៩៩ ៩៦៦ ដើម្បី​កុំ​ឲ្យ​មានការ​ខកចិត្ត​តាម​ក្រោយ​៕ 

Tag:
 អាជ្ញាធរ​អប្សរា​
 ​ដី​
 ​ប្រាសាទ​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com