ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គួរ​ផ្អាក​ការ​អង្គុយ​យូរៗ​ទៀត​ទៅ បើសិនជា​អាន​អត្ថបទ​នេះ​រួច​
18, Jun 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការដែល​អ្នក​មិនមែន​គេង​លើ​គ្រែ​ជាប់​រហូត​មិនមែន​មានន័យថា អ្នក​មិន​ស្ថិតក្នុង​របៀប​រស់នៅ​បែប​ស៊ី​ដេកៗ​នោះទេ​។ បើសិនជា​អ្នកចំណាយ​ពេលវេលា​ដឹងខ្លួន​ធម្មតា​អង្គុយ​ច្រើន​ម៉ោង នោះ​អ្នក​ក៏​ប្រឈម​នឹង​បញ្ហា​សុខភាព​នៅ​ថ្ងៃមុខ​ច្រើន​ដែរ ហើយ​ភាគច្រើន​នឹងធ្វើ​ឲ្យ​ជីវិត​ស្ថិតក្នុង​ភាពគ្រោះថ្នាក់​បាន​។


 
​យ៉ាងណាមិញ ខាងក្រោម​នេះ ខ្ញុំ​នឹង​បង្ហាញ​អំពី​បញ្ហា​សុខភាព​មួយចំនួន ដែល​អាច​កើតឡើង​បើសិន​អ្នក​ចេះតែ​ចំណាយពេល​វេលា​យូរៗ​ក្នុងការ​អង្គុយ​ជាប់​៖
 
​ធាត់​ជ្រុល​
 
​ពិតណាស់ ការ​អង្គុយ​ច្រើនពេក​អាចធ្វើ​ឲ្យ​ឡើង​ទម្ងន់​បាន ដោយសារតែ​វា​មិន​អាចជួយ​រំលាយ​ជាតិ​ខ្លាញ់​ដែល​លើស​ក្នុង​ខ្លួន​ចោល​បានទេ​។ ការ​ធាត់​ជ្រុល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​រូប​សម្រស់​ទេ តែ​វា​ក៏​ជា​ជំងឺ​ដែលមាន​ផលវិបាក​ធ្ងន់ធ្ងរ​ផងដែរ​។ 
 
​ឈឺសន្លាក់​
 
​បើសិនជា​អ្នក​គិតថា ការ​មិនបាន​ប្រើប្រាស់​សន្លាក់ អាចធ្វើ​ឲ្យ​វា​មាន​សុខភាព​ល្អ និង​មិន​ឈឺ ឬ​ហើម​នោះ ចូរ​គិត​ឡើងវិញ ព្រោះ​អ្នកជំនាញ​និយាយថា ការ​អង្គុយ​ជាប់​ច្រើន​ម៉ោង​អាចធ្វើ​ឲ្យ​សន្លាក់​ឈឺ​ខ្លាំង រលាក និង​គាំង​បាន​។ រឿងនេះ​កើតឡើង​ជាពិសេស​ចំពោះ​អ្នកជំងឺ​រលាក​ឆ្អឹងខ្ចី​ក្នុង​សន្លាក់​តែម្តង​។ 
 
​ជំងឺ​ពុក​ឆ្អឹង​
 
​គ្រប់គ្នា​ដឹង​ហើយ​ថា របប​អាហារ​មាន​ជាតិ​កាលស្យូម​ខ្ពស់​សំខាន់​ណាស់​ក្នុងការ​ថែរក្សា​ឆ្អឹង​ឲ្យ​រឹងមាំ​។ ប៉ុន្តែ​បើសិនជា​អ្នក​កំពុងតែ​រស់នៅ​បែប​ស៊ី​ដេកៗ​ច្រើន ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាលស្យូម​ច្រើន​អាចធ្វើ​ឲ្យ​អ្នក​ប្រឈម​ខ្ពស់​នឹង​ការពុក​ឆ្អឹង​ទៅវិញ​ទេ​។ ដើម្បី​ឆ្អឹង​មាន​ភាពរឹងមាំ ចូរ​ព្យាយាម​ដើរ​ឲ្យ​បាន ១០០០០​ជំហាន​ក្នុង​មួយថ្ងៃ​។ 
 
​បាក់​ទឹកចិត្ត​
 
​ការរស់នៅ​បែប​សកម្ម​ដូចជា ការហាត់​ប្រាណ​ទៀងទាត់ គឺជា​រឿង​ល្អ​សម្រាប់​ជួយ​ឲ្យ​អារម្មណ៍ល្អ ហើយ​វា​ក៏​ជួយ​បង្កើន​អ័រម៉ូន​សប្បាយចិត្ត​ក្នុង​ខួរក្បាល​ដែរ​។ យ៉ាងណាមិញ ការចំណាយ​ពេល​ពេញ​មួយថ្ងៃ​អង្គុយ អាចធ្វើ​ឲ្យ​ប្រឈម​នឹង​ការបាក់​ទឹកចិត្ត​បាន​។ 
 
​លើស​សម្ពាធ​ឈាម​
 
​សម្ពាធ​ឈាម​មនុស្ស​យើង កាលណា​លើសពី ១២០/៨០ mmHg ហើយ មានន័យថា​វា​អាច​ប៉ះពាល់​ដល់​ជីវិត​អ្នក​គ្រប់ពេល​ហើយ​។ បើសិនជា​អ្នក​មិនអាច​រក្សា​សម្ពាធ​ឈាម​ឲ្យ​នៅ​ធម្មតា​បានទេ វា​នឹង​បង្ក​ជា​ជំងឺ​បន្ថែម​ដល់​បេះដូង និង​ប្រព័ន្ធ​សរសៃឈាម​កាន់តែខ្លាំង​ថែមទៀត​។​
 
​ជំងឺ​បេះដូង​
 
​ជំងឺ​បេះដូង​ត្រូវបាន​គេ​រកឃើញថា ជាដើម​ហេតុ​នាំ​ឲ្យ​មនុស្ស​ស្លាប់​ច្រើនណាស់​។ តើ​អ្វី​ទៅជា​កត្តា​ប្រឈម​នឹង​ជំងឺ​បេះដូង​នេះ​ទៅ​? នោះ​គឺជា​ការរស់នៅ​បែប​ស៊ី​ដេកៗ​។ វា​មិន​ខុសគ្នា​នឹង​អ្វីដែល​បាន​រៀបរាប់​ខាងលើ​នោះទេ ការដែល​លើស​សម្ពាធ​ឈាម គឺ​ងាយ​នឹង​នាំ​ឲ្យ​មាន​ជំងឺ​បេះដូង​ខ្លាំងណាស់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com