កីឡាអន្តរជាតិ
អន្តរជាតិ
Pogba ចង់ចេញពី Man Utd មែនទែនហើយ
× Paul Pogba ខ្សែបម្រើឆ្មើម Manchester United បាននិយាយយ៉ាងច្បាស់ថានេះជាពេលវេលាដ៏ល្អដើម្បីរូបគេផ្លាស់ទៅកន្លែងថ្មី សម្រាប់ការប្រកួតប្រជែងថ្មី។ ការលើកឡើងបែបនេះ ត្រូវបានគេជឿជាក់ថា Pogba ពិតជាចង់ចាកចេញពី Old Trafford នៅរដូវកាលថ្មីនេះហើយ។
ខ្សែបម្រើវ័យ២៦ឆ្នាំ ដែលជួយបារាំងឈ្នះពាន World Cup ឆ្នាំ២០១៨ នៅរុស្ស៊ី កំពុងមានទំនាក់ទំនងទៅនឹងការផ្លាស់ប្តូរទៅកាន់ក្លិបយក្សអេស្ប៉ាញ Real Madrid ឬ Juventus ក្នុងតម្លៃខ្លួនដ៏ខ្ពស់មួយ។
ទោះយ៉ាងណាក៏ដោយ Pogba ដែលជាប់ឈ្មោះក្នុងចំណោមកីឡាករល្អផុតទាំង១១នាក់ PFA team of the Year ប្រចាំរដូវកាល ២០១៨-១៩ នោះនៅសល់កិច្ចសន្យាជាមួយ Man Utd រហូតដល់ខែកក្កដា ឆ្នាំ ២០២១ ឯណោះ។
«ខ្ញុំកំពុងគិតថា ខ្ញុំចង់មានការប្រកួតប្រជែងថ្មីនៅកន្លែងផ្សេង។ សម្រាប់ខ្ញុំ ខ្ញុំបានស្នាក់នៅរយៈ ៣ឆ្នាំនៅទីក្រុង Manchester ហើយបានធ្វើរឿងដ៏អស្ចារ្យមួយចំនួន ក៏ដូចជារឿងមិនល្អផងដែរជាមួយអ្នកគ្រប់គ្នា ក៏ដូចជានទីកន្លែងនេះ។ បន្ទាប់ពីរដូវកាលនេះ និងអ្វីគ្រប់យ៉ាងដែលបានកើតឡើងនៅរដូវកាលនេះ គឺជារដូវកាលដ៏ល្អសម្រាប់ខ្ញុំ... ខ្ញុំគិតថានេះជាពេលវេលាដ៏ល្អដើម្បីឲ្យមានការប្រកួតប្រជែងថ្មីទៀត»។ Pogba និយាយបែបនេះ នៅពេលរូបគេធ្វើដំណើរមកតំបន់អាស៊ីដើម្បីចូលរួមផ្សព្វផ្សាយកម្មវិធីទេសចរណ៍នៅចិន និងជប៉ុន។
បើទោះជា Pogba លើកឡើងយ៉ាងនេះក្តី ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យនៅតែជឿជាក់លើខ្សែបម្រើឆ្នើមសញ្ជាតិបារាំងរូបនេះនៅបន្តស្នាក់នៅ Old Trafford នារដូវកាលក្រោយដដែល។
Pogba បានផ្ទេរត្រឡប់មកក្រុមបិសាចក្រហមវិញកាលនៅក្រោមការដឹកនាំរបស់លោក Jose Mourinho ពីក្លិបរហស្សនាមសេះបង្កង់ក្នុងតម្លៃ៨៩,៣លានផោន (១១២លានដុល្លារអាមេរិក) កាលពីខែសីហា ឆ្នាំ២០១៦។ Pogba ជាយុវជនរបស់ Man Utd មុនទៅលេងនៅ Juventus ក្នុងឆ្នាំ២០១២៕
Tag:
បាល់ទាត់
Paul Pogba
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com