អន្តរជាតិ
លោក ស៊ី នឹងទៅជួបលោក គីម ដើម្បីរកច្រកចេញបញ្ហានៅឧបទ្វីបកូរ៉េ រូបភាព Xinhua
× ប្រធានាធិបតីចិន ស៊ី ជិនភីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងជើងនៅសប្ដាហ៍នេះ។ នេះបើតាមការផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិននៅល្ងាចថ្ងៃទី១៧ ខែមិថុនា។ ទំនាក់ទំនងទ្វេភាគី និងស្ថានការណ៍នៅឧបទ្វីបកូរ៉េ ជារបៀបវារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន ដែលធ្វើឡើងស្របពេលដែលការចរចាដើម្បីរំសាយនុយក្លេអ៊ែររវាងវ៉ាស៊ីនតោន និងព្យុងយ៉ាងជាប់គាំង។ សំណុំរឿងនុយក្លេអ៊ែរ ក៏ទំនងជាស្ថិតក្នុងរបៀបវារៈផងដែរ។
ប្រធានាធិបតីចិន ស៊ី ជិនភីង នឹងធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅកូរ៉េខាងជើងចាប់ពីថ្ងៃទី២០ ដល់ទី២១ ខែមិថុនា តាមការអញ្ជើញរបស់ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងបំផុតរបស់ប្រធានាធិបតីចិនទៅកាន់កូរ៉េខាងជើងក្នុងរយៈពេល១៤ឆ្នាំមកនេះ។ ទស្សនកិច្ចចុងក្រោយបំផុតរបស់ប្រមុខដឹកនាំកំពូលចិនទៅកាន់ព្យុងយ៉ាង មានតាំងពីឆ្នាំ២០០៥ ដោយប្រធានាធិបតី ហ៊ូ ជីនថាវ ។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ធ្វើឡើងចំខួប៧០ឆ្នាំ នៃការបង្កើតចំណងការទូតចិន និងកូរ៉េខាងជើង ដែលត្រូវបានគេមើលឃើញថា ជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិច។ ទស្សនកិច្ចនេះ ក៏ជាការឆ្លើយតបនឹងដំណើរទស្សនកិច្ចបួនដងរបស់លោក គីម នៅទឹកដីចិនផងដែរ។ ទូរទស្សន៍រដ្ឋចិន CCTV ផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ថា ភាគីទាំងពីរ នឹងផ្លាស់ប្ដូរទស្សនៈគ្នាជុំវិញសភាពការណ៍នៅឧបទ្វីបកូរ៉េ និងជំរុញដំណើរការឈានទៅរកដំណោះស្រាយសម្រាប់វិបត្តិនៅឧបទ្វីបមួយនេះ។
វិបត្តិនៅឧបទ្វីបនេះ គ្មានអ្វីក្រៅពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងឡើយ។ បច្ចុប្បន្ន ការចរចាររវាងអាមេរិក និងកូរ៉េខាងជើង មិនមានដំណើរការអ្វីឡើយចាប់តាំងពីជំនួបបរាជ័យនៅវៀតណាមក្នុងខែកុម្ភៈមក។ ទីក្រុងព្យុងយ៉ាង បានរិះគន់វ៉ាស៊ីនតោនយ៉ាងចាស់ដៃចំពោះបរាជ័យនេះ ហើយប្រាបឲ្យវ៉ាស៊ីនតោផ្លាស់ប្ដូរឥរិយាបថដូចបច្ចុប្បន្ន បើចង់ឲ្យការចរចាមានដង្ហើមទៀតនោះ។ នៅអាមេរិកវិញ រដ្ឋការលោក ដូណាល់ ត្រាំ នៅតែមានជំហរវិជ្ជមានក្នុងការចរចាដដេល។
ជំនួបរវាងលោក ស៊ី និងលោក គីម នៅព្យុងយ៉ាងនៅប៉ុន្មានថ្ងៃខាងមុខនេះ ធ្វើឡើងមុនជំនួបប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំងម្ភៃ (G20) ។ គេរំពឹងថា លោក ស៊ី នឹងជួបលោក ត្រាំ នៅក្រៅកិច្ចប្រជុំនេះផងដែរ។ បើពិតមែន ប្រធានាធិបតីចិនទំនងមានពាក្យផ្ដាំផ្ញើពីសំណាក់ប្រមុខដឹកនាំកូរ៉េខាងជើងសម្រាប់លោក ត្រាំ ជុំវិញបញ្ហានុយក្លេអ៊ែរ ដ្បិតទាំងលោក គីម និងលោក ត្រាំ ក៏មិនទាន់បោះបង់ផ្លូវចរចានៅឡើយដែរ។
តួនាទី និងឥទ្ធិពលរបស់ចិនលើកូរ៉េខាងជើង ជាកត្តាមិនអាចមើលស្រាលបានឡើយ។ ចិនជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់កូរ៉េខាងជើង និងជាខ្នងបង្អែករឹងមាំរបស់របបដឹកនាំក្រុងព្យុងយ៉ាងផងដែរ។ ការលូកដៃរបស់ប៉េកាំង អាចជះផលវិជ្ជមាន ឬអវិជ្ជមានលើដំណើរការដោះស្រាយបញ្ហានុយក្លេអ៊ែររបស់ព្យុងយ៉ាង។ ដោយសាររឿងនេះ ប៉េកាំងអាចយកសំណុំរឿងនេះ ដើម្បីតថ្លៃជាមួយអាមេរិកក្នុងការបញ្ចប់ជម្លោះពាណិជ្ជកម្មផង៕
Tag:
ចិន
កូរ៉េខាងជើង
អាមេរិក
ស៊ី ជិនភីង
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com