ជាតិ
ព្រឹទ្ធាចារ្យ ម៉ៅ សោភ័ណ អតីត​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្តពោធិ៍សាត់​ទទួលមរណភាព​
18, Jun 2019 , 11:49 am        
រូបភាព
ដោយ: ថ្មីៗ
​ព្រឹទ្ធាចារ្យ​វប្បធម៌ ម៉ៅ សោភ័ណ ដែលមាន​ងារ​ថា «​យោ​មនសិកា​រោ​» បានទទួល​មរណភាព​ក្នុង​អាយុ​៧២​ឆ្នាំ កាលពី​យប់​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​រោគាពាធ​។ នេះ​បើតាម​ការអះអាង​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តពោធិ៍សាត់​។​

 
​ព្រឹទ្ធាចារ្យ ម៉ៅ សោភ័ណ ជា​អ្នកជំនាញ​ខាង​វប្បធម៌​ដ៏​ល្បីល្បាញ​ម្នាក់​នៅ​កម្ពុជា ដោយ​លោក​ធ្លាប់​ធ្វើជា​ប្រធាន​មន្ទីរ​វប្បធម៌​ខេត្តពោធិ៍សាត់ និង​ជា​គ្រូបង្ហាត់​សិល្បៈ ដែល​បណ្តុះបណ្តាល​ធនធាន​មនុស្ស​យ៉ាងច្រើន​ប្រចាំខេត្ត​មួយ​នេះ​។ 
 
​មុន​ទទួលមរណភាព លោក​ជា​អ្នកគ្រប់គ្រង​នៅ​បូជនីយដ្ឋាន​ឧកញ៉ា ឃ្លាំង មឿង និង​ជំទាវ ខាន់ ខៀវ ដ៏​សក្ការ​ប្រចាំខេត្ត​ពោធិ៍សាត់​។​
 
​ពិធី​បុណ្យសព​ប្រព្រឹត្តទៅ​នៅ​គេហដ្ឋាន​របស់លោក​ដែល​ស្ថិតនៅ​ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ហើយ​វេលា​រសៀល​ថ្ងៃ​សុក្រ ទី​២១ ខែមិថុនា ជាការ​រៀបចំ​ដង្ហែ​សព​ចេញពី​គេហដ្ឋាន​ឆ្ពោះទៅ​បូជា​នៅ​បូជនីយដ្ឋាន ឧកញ៉ា ឃ្លាំង មឿង និង​ជំទាវ ខាន់ ខៀវ ស្ថិតនៅ​ភូមិ​កំពែង​ស្វាយ ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់​៕
 

Tag:
 ម៉ៅ សោភ័ណ​
© រក្សាសិទ្ធិដោយ thmeythmey.com