ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ក្រៅពី​ចេកអំបូង​លឿង និង​ស្វាយ ចិន​​ពិនិត្យលទ្ធភាពនាំចូល ម្រេច មៀនប៉ៃលិន ដូងក្រអូប
18, Jun 2019 , 12:11 pm        
រូបភាព
​កំពត​៖  ក្រៅពី​ចេកអំបូង​លឿង និង​ស្វាយ​នោះ ប្រទេស​ចិន ក៏​កំពុង​ពិនិត្យ​​សំណើ​របស់​កម្ពុជា ក្នុងការ​នាំចូល​ផលិតផល​កសិកម្ម​បន្ថែមទៀត ដើម្បី​ជួយ​ទី​ផ្សារ​កសិកម្ម​រប​ស់​កម្ពុជា​។ នេះ​ជាការ​លើកឡើង​របស់លោក លី ជៀន​ហ្វី (Li Jianwei) ប្រធាន​នាយកដ្ឋាន​កិច្ចការ​នាំចូល​កសិផល​ពី​បរទេស​នៃ​ក្រសួង​គយ​ចិន​។​

 
​ខណៈដែល​ចេកអំបូង​លឿង កំពុងដំណើរការ​សាកល្បង​នាំ​ចេញទៅ​ចិន ក្រោយពី​ទទួល​សិទ្ធី​អនុញ្ញាត កាលពី​ឆ្នាំ​២០១៨​នោះ នៅពេលនេះ​ភាគី​ចិន​ក៏បាន​ចុះ​កិច្ចព្រមព្រៀង​មួយទៀត ជាមួយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងការ​នាំចូល​ស្វាយ​ពី​កម្ពុជា កាលពី​ថ្ងៃទី​១៣ មិថុនា​។ ការនាំ​ចូល​ផលិតផល​កសិកម្ម​ពី​កម្ពុជា​នេះ ត្រូវបាន​ប្រធាន​នាយកដ្ឋាន​កិច្ចការ​នាំចូល​កសិផល​ពី​បរទេស​នៃ​ក្រសួង​គយ​ចិន លោក លី ជៀន​ហ្វី​អះអាងថា ចិន​មាន​ជំហរ​ជួយ​ប្រទេស​កម្ពុជា គ្រប់​កាលៈទេសៈ​ដើម្បី​ជួយ​ដល់​ដំណើរការ​អភិវឌ្ឍ ក៏ដូចជា​ការលើកកម្ពស់​ជីវភាព​ប្រជាជន​កម្ពុជា​។​



តាមរយៈ​ការអះអាង​បែបនេះ លោក លី ជៀន​ហ្វី បាន​សង្កត់ធ្ងន់ថា ចិន​កំពុង​ពិនិត្យ​លើ​សំណើ​របស់​កម្ពុជា ក្នុងការ​នាំចូល​ផលិតផល​កសិកម្ម​បន្ថែមទៀត ដើម្បី​ជួយ​ដល់​វិស័យ​កសិកម្ម​របស់​កម្ពុជា​។ ថ្លែង​ក្នុង​ដំណើរ​ទស្សនកិច្ច​កសិដ្ឋាន​ដាំចេក ឡុង ម៉េ​ត (LongMate Banana Farm) នៅ​ស្រុក​ឈូក ខេត្តកំពត កាលពី​ថ្ងៃទី​១៥ មិថុនា ដើម្បី​ពិនិត្យមើល​បច្ចេកទេស និង​ស្តង់ដារ​ភូតគាម​អនាម័យ​នោះ​ប្រធាន​នាយកដ្ឋាន​កិច្ចការ​នាំចូល​កសិផល​ពី​បរទេស​នៃ​ក្រសួង​គយ​ចិន បាន​និយាយ​ដូច្នេះ​ថា​៖«​ភាគី​យើង​ទាំងពីរ បាន​សន្យា​គ្នា​ថា នឹងធ្វើ​ការងារ​ជាមួយគ្នា ឲ្យ​កាន់តែ​ស្អិតល្មួត​ថែមទៀត ដើម្បី​នាំ​ផលិត​កសិកម្ម​កម្ពុជា​ទៅ​ប្រទេស​ចិន​ឲ្យ​កាន់តែច្រើន​។ ហើយ​យើង​ក៏បាន​ទទួលដំណឹង​ពី​ភាគី​កម្ពុជា​ថា ចង់​នាំ​ផ្លែ​មៀន​របស់​កម្ពុជា​ទៅ​ប្រទេស​ចិន​ផងដែរ​។ ដូច្នេះ​កិច្ចការ​បន្ទាប់មកទៀត គឺ​យើង​នឹង​ពិនិត្យមើល​ការនាំ​ផ្លែ​មៀន​របស់​កម្ពុជា​ទៅ​ប្រទេស​ចិន​»​។​


(លោក លី ជៀន​ហ្វី (Li Jianwei) ប្រធាន​នាយកដ្ឋាន​កិច្ចការ​នាំចូល​កសិផល​ពី​បរទេស​នៃ​ក្រសួង​គយ​ចិន)

​ក្រៅពី​នាំចូល​ចេកអំបូង​លឿង​ពី​កម្ពុជា​នេះ ភាគី​ចិន នឹង​ផ្តោតលើ​ការនាំ​ស្វាយ​បន្ថែមទៀត នៅ​ជំហាន​បន្ទាប់​។​បើតាម​លោក លី ជៀន​ហ្វី បច្ចុប្បន្ននេះ​ភាគី​កម្ពុជា​ក៏បាន​ស្នើសុំ​ឲ្យ​ចិន បើក​ច្រក​ទីផ្សារ​នាំចូល​ផលិតផល​កសិកម្ម​ពី​កម្ពុជា​បន្ថែមទៀត ដោយ​ក្នុងនោះ​រួមមាន ម្រេច មៀន​ប៉ៃលិន ម្នាស់​ទឹកឃ្មុំ ដូងក្រអូប និង​សម្បុក​ត្រចៀកកាំ​ជាដើម​។​



បច្ចុប្បន្ន​ក្រុមហ៊ុន Longmate ដែល​ទទួលបាន​សិទ្ធ​ពី​រដ្ឋាភិបាល​កម្ពុជា និង​ចិន កំពុង​សាកល្បង​នាំ​ចេកអំបូង​លឿង ចូល​ទីផ្សារ​ប្រទេស​ចិន បាន​ជាង​១០០​តោន​ហើយ ក្នុង​ត្រីមាស​ទី​១ នៃ​ជំហាន​ដំបូង​នេះ​។  លោក ហ៊ុន ឡាក់ នាយក​ក្រុមហ៊ុន Longmate Agriculture Co.,Ltd ដែល​កំពុង​ដាំចេក​នៅលើ​ផ្ទៃដី​ជាង ៤០០ ហិកតា នៃ​ផ្ទៃដី​ដាំ​ដុះ​សរុប​១, ០០០ ហិកតា​នោះ បាន​និយាយថា ការបើកចំហរ​ទីផ្សារ​នាំចូល​កសិកម្ម​ទៅ​ចិន​នេះ វា​ជា​ឱកាសល្អ​មួយ​សម្រាប់​ក្រម​ហ៊ុន​លោក និង​អ្នកវិនិយោគ​នៅ​កម្ពុជា សម្រាប់​ការជួយ​ដល់​វិស័យ​កសិកម្ម​កម្ពុជា​។ តាមរយៈ​ការមើលឃើញ​បែបនេះ លោក ហ៊ុន ឡាក់ ក៏មាន​គម្រោង​នាំ​ចេក​ចូល​ទីផ្សារ​ចិន ឲ្យ​បាន​ជាង​២០០០​តោន នៅ​ឆ្នាំ​២០១៩​នេះ​។​
 
​ក្រៅពី​ដំណាំ​ចេកអំបូង​លឿង​នេះ ក្រុមហ៊ុន Longmate ក៏​គ្រោង​ដាំ​ដំណាំ​ផ្លែឈើ​ហូប​ផ្លែ​ផ្សេងទៀត ដោយ​អាស្រ័យ​លើ​ការចរចា និង​ចុះ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​ចិន ក្នុងការ​បើកផ្លូវ​ទីផ្សារ​នាំចូល​ផលិតផល​កសិកម្ម​ពី​កម្ពុជា​។​


(លោក ហ៊ុន ឡាក់ នាយក​ក្រុមហ៊ុន Longmate Agriculture Co.,Ltd)

លោក ហ៊ុន ឡាក់ នាយក​ក្រុមហ៊ុន Longmate បាន​និយាយ​ដូច្នេះ​ថា​៖«​ការបើកផ្លូវ ការទទួលស្គាល់​នៃ​ដំណាំ​ចេក​របស់​ក្រុមហ៊ុន Longmate ចេញទៅ​គឺ​មិនមែន​ទទួលផល​តែ​ក្រុមហ៊ុន​ម្នាក់ឯង​ទេ គឺ​បានន័យថា ជាការ​តំណាង​ឲ្យ​ផ្លែឈើ​ហូប​ផ្លែ​នៃ​ប្រទេស​កម្ពុជា​យើង ដែល​ពីមុនមក​មិនដែល​មាន​សោះ គឺអាច​នាំចូល​ទីផ្សារ​ចិន ដែលជា​ទីផ្សារ​តឹងរឹង​ក្នុង​ការដាក់​លក្ខខណ្ឌ​តម្រូវ​មែន​ទេ​ន​។ បានន័យថា​មិនមែន​តែ​កម្ពុជា​ទេ ប្រទេស​ខ្លះ​(​សុំ​សិទ្ធ​នាំចូល​) រហូតដល់​១០​ឆ្នាំ​នោះ ទម្រាំ​បាន​(​ការអនុញ្ញាត​)​មួយ​មុខ​។ កម្ពុជា​យើង ខ្ញុំ​គិតថា​៤​ឆ្នាំ​យើង​អាចធ្វើ​បាន​(​សុំ​សិទ្ធ​នាំចូល​)​។ ហើយ​ខ្ញុំ​សង្ឃឹមថា ក្រសួងពាណិជ្ជកម្ម ក៏ដូចជា​ក្រសួងកសិកម្ម​នឹង​ខិតខំ​បន្តទៀត​ក្នុង​ការជួយ​ជំរុញ ធ្វើយ៉ាងណា​ឲ្យ​នៅក្នុង​ឆ្នាំ​២០១៩ និង​២០២០​នេះ បើក​(​ទីផ្សារ​នាំចូល​កសិកម្ម​)​ឲ្យ​បាន​ប៉ុន្មាន​មុខ​ទៀត​»​។​
 
​លោក ងិន ឆាយ អគ្គនាយក​នៃ​នាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​និយាយថា ក្រសួងកសិកម្ម និង​អង្គភាព​ពាក់ព័ន្ធ កំពុង​សហការ​ជាមួយ​គយ​ចិន ដើម្បី​ជំរុញ​ផលិតផល​កសិកម្ម​បន្ថែមទៀត ក្រៅពី​ដំណាំ​ចេកអំបូង​លឿង និង​ផ្លែស្វាយ​នេះ​។ ថ្លែង​ចំពោះមុខ​អ្នកកាសែត ក្រោយពី​អមដំណើរ​ជាមួយ​ប្រតិភូ​ក្រសួង​គយ​ចិន ក្នុងការ​ទស្សនកិច្ច​ក្រុមហ៊ុន Longmate នោះ លោក ងិន ឆាយ បាន​អះអាង​ដូច្នេះ​ថា​៖«​កាលពី​សប្ដាហ៍​មុននេះ យើង​បាន​ចុះ​MOU មួយ ក្នុងការ​រៀបចំ​ផែនការ​នាំចេញ​ផ្លែស្វាយ​។ បន្ទាប់ពី​នាំចេញ​ផ្លែស្វាយ​ទៅ យើង​រៀប​ផែនការ​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន ។ ហើយ​ក្នុងនោះ​ក្រសួងកសិកម្ម ក៏បាន​ស្នើឡើង​នូវ​ដំណាំ​បី ទៅ​បួន​មុខ​ទៀត ដែលជា​សក្ដានុពល រួមមាន ម្រេច ផ្លែ​ស្រកានាគ ដូងក្រអូប ទឹកមាត់​ត្រចៀកកាំ​។ ហើយ​ពេល​ថ្មីៗ​នេះ យើង​បាន​ពិភាក្សាគ្នា​រហូត​ទៅដល់​(​ការ​នាំចូល​ទីផ្សារ​ចិន​) នូវ ម្នាស់​ទឹកឃ្មុំ និង​ក្រូច​»​។​


(លោក ងិន ឆាយ អគ្គនាយក​នៃ​នាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ)

​បើតាម​លោក ងិន ឆាយ ការចរចា​ជាមួយ​ចិន និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត វា​មាន​ទាំង​ផល​លំបាក​ផង និង​ចំណុច​ងាយស្រួល​ផង ប៉ុន្តែ​អ្វី​ដែលជា​កត្តា​គួបផ្សំ​នោះ គឺ​អ្នកវិនិយោគ​លើ​វិស័យ​កសិកម្ម​ខ្លួនឯង អាចមាន​លទ្ធភាព​គ្រប់គ្រាន់ ក្នុងការ​អនុវត្តតាម​លក្ខខណ្ឌ​របស់​ប្រទេស​គេ ដែរឬទេ​? ក្នុងន័យនេះ​លោក ងិន ឆាយ ចង់​សង្កត់ធ្ងន់ថា ការនាំ​ចេញទៅ​ក្រៅប្រទេស វា​ទាមទារ​ឲ្យ​ក្រុមហ៊ុន ឬ​រោងចក្រ​ផលិតផល​កសិកម្ម​ទាំងនោះ អនុវត្តតាម​ស្ដង់ដា ដែល​ប្រទេស​នីមួយៗ​បានកំណត់​។ ក្នុងនោះ​រួ​មាន ការប្រើប្រាស់​ជាតិ​ថ្នាំ​មិន​លើស​បរិមាណ​កម្រិត ,​ទីតាំង​សម្លាប់​មេរោគ​, កន្លែង​ស្ដុក​ផលិតផល​តាម​ស្ដង់ដារ ,​បច្ចេកទេស​ដាំ​ដុះ កែច្នៃ និង​វេច​ខ្ចប់ ប្រកបដោយ​អនាម័យ​។​



​បច្ចុប្បន្ន​ប្រទេស​ចិន បាន​នាំចូល​កសិផល​គ្រប់​ប្រភេទ​ជាង ១០ លាន​តោន​ក្នុង​មួយឆ្នាំ ពី​បណ្ដា​ប្រទេសមួយ​ចំនួន​ក្នុង​ពិភពលោក ដែល​ក្នុងនោះ​ក៏មាន​ប្រទេស​កម្ពុជា​ផងដែរ​។ នេះ​បើតាម​លោក លី ជៀន​ហ្វី (Li Jianwei) ប្រធាន​នាយកដ្ឋាន​កិច្ចការ​នាំចូល​កសិផល​ពី​បរទេស​នៃ​ក្រសួង​គយ​ចិន​៕











 

Tag:
 ហ៊ុន ឡាក់​
 ​កសិកម្ម​
 ​ចេក​
 ​ស្វាយ​
  ម្នាស់​ទឹកឃ្មុំ
  ThmeyThmey25
 
© រក្សាសិទ្ធិដោយ thmeythmey.com