អន្តរជាតិ
កំហុស​បច្ចេកទេស​! រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន មាន​ត្រចៀក និង​ពុកមាត់ឆ្មា ក្នុង Facebook Live ពេល​សន្និសីទកាសែត​
18, Jun 2019 , 9:19 pm        
រូបភាព
ដោយ: ធីតា
​នៅ​ប៉ា​គី​ស្ថាន លោក Yousuf Shaukat Zai រដ្ឋមន្ត្រី​ព័ត៌មាន​ប្រចាំខេត្ត Khyber Pakhtunkhwa និង​ជា​សមាជិក​គណបក្សកាន់អំណាច PTI បាន​ថ្លែង​បើក​សន្និសីទ​សារព័ត៌មាន ដោយមាន​ការផ្សាយ​ផ្ទាល់​ផងដែរ​តាម​បណ្តាញ​សង្គម​។ បណ្តាសារ​ព័ត៌មាន​មិនបាន​រាយការណ៍​ពី​ខ្លឹមសារ​នៃ​សន្និសីទ​សារព័ត៌មាន​នោះឡើយ ប៉ុន្តែ​ពួកគេ​បែ​ជា​ចាប់អារម្មណ៍​លើ​រូបភាព​ដែល​ផ្សាយ​ផ្ទាល់​ទៅវិញ​។​

 
​សន្និសីទ​សារព័ត៌មាន បាន​ល្បីល្បាញ​ពេញ​បណ្តាញ​សង្គម ដោយសារតែ​មន្ត្រី​ទទួលបន្ទុក Facebook Live ច្រឡំ​បើក​កម្មវិធី Filter រូបភាព ដែល​ធ្វើ​ឲ្យ​រដ្ឋមន្ត្រី​មាន​ត្រចៀក និង​ពុកមាត់ឆ្មា នៅពេលដែល​គាត់​កំពុង​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​។ Filter រូប​ឆ្មា​ដោយ​ស្វ័យប្រវត្តិ​ក៏បាន​ចាប់​ចំ​មុខមន្ត្រី​ម្នាក់ទៀត​ផងដែរ​។​
 
​ក្រោយ​ការចែករំលែក​ពេញ​បណ្តាញ​សង្គម ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​គណបក្ស PTI បានសម្រេច​លុប​វីដេអូ​សន្និសីទ​សារព័ត៌មាន​នោះ​ចោល ដោយ​ចេញ​សេចក្តីថ្លែងការណ៍​អះអាងថា វា​ជា​កំហុស​របស់​មនុស្ស​។ គណបក្ស​បាន​អះអាង​ពី​ចំណាត់ការ ដើម្បី​កុំ​ឲ្យ​មាន​ករណីនេះ កើតឡើង​ម្តងទៀត​នាពេល​អនាគត​។​
 
​ជាមួយនឹង​រូបភាព​ដែល​ថត (capture) ទុក បុរស​ម្នាក់ បាន​សរសេរ​បែប​ចំអក​នៅលើ Twitter ថា គណៈរដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន មាន​ឆ្មា​ធ្វើការ​ហើយ​៕




Tag:
 ប៉ា​គី​ស្ថាន​
  Facebook Live
© រក្សាសិទ្ធិដោយ thmeythmey.com