អន្តរជាតិ
បក្សី​មួយ​នេះ ធ្វើដំណើរ​៧​ម៉ឺន​គីឡូម៉ែត្រ​ក្នុង​មួយឆ្នាំៗ​ដើម្បី​រក​ចំណី​
19, Jun 2019 , 8:29 am        
រូបភាព
​ប្រភេទ​សត្វ​មួយចំនួន មិនដែល​ចេញ​ធ្វើដំណើរ​ឆ្ងាយ​ពី​ទីជម្រក​របស់​វា​ប៉ុន្មាន​នោះទេ​។ សត្វ​ខ្លះ​គ្រាន់តែ​ចេញពី​ជម្រក​ដើម្បី​ទៅ​ប្រមាញ់​យក​ចំណី រួច​ត្រលប់មក​កន្លែង​រស់នៅ​វិញ​ជាធម្មតា​។ ប៉ុន្តែ​សម្រាប់​បក្សី​សមុទ្រ​មួយ​នេះ ការធ្វើដំណើរ​ទៅមក​ក្បែរ​ទីជម្រក​មិនមែនជា​អ្វីដែល​ពួកគេ​ធ្វើ​នោះទេ​។​

 
 បក្សី​សមុទ្រ Arctic Tern ត្រូវបាន​គេ​ឲ្យ​ឈ្មោះថា ជា​ប្រភេទ​បក្សី​ដែល​ធ្វើដំណើរ​បាន​ឆ្ងាយ​ជា​បក្សី​ណាៗ​ទាំងអស់​។ បក្សី​ដែលមាន​ពណ៌ ស មួយ​ប្រភេទ​នេះ បន្ត​ពូជ​នៅ​តំបន់​អាក់ទិច​នៅឯ​ទិស​ខាងជើង និង​ធ្វើដំណើរ​ទៅកាន់​ទិស​ខាងត្បូង​ជា​រៀងរាល់ឆ្នាំ​។ 
 
​ដោយយោង​តាម​គេហទំព័រ​មួយចំនួន​ដូចជា arctictern.info និង articternmigration.weebly.com បាន​ពន្យល់ថា បក្សី​សមុទ្រ​មួយ​នេះ ចំណាយពេល​ជា​មធ្យម​ប្រមាណ​ជា ៩៣​ថ្ងៃ ដើម្បី​ធ្វើដំណើរ​ពី​ទិស​ខាងជើង​ទៅ​ទិស​ខាងត្បូង​នៃ​ផែនដី ដែល​ក្នុង​មួយថ្ងៃ​ពួកគេ​អាច​ហោះហើរ​បាន​ទៅដល់​ជាង​៥០០​គីឡូម៉ែត្រ​ឯណោះ​។ នៅពេលដែល​ពួកគេ​ធ្វើការ​បង្ក​កំណើត​រួច​នា​រដូវរងា​ឯ​ទិស​ខាងជើង ឬ​ហៅថា​តំបន់​«​រង្វង់​អាកទិច​» ពួកគេ​នឹងធ្វើ​ដំណើរ​ទៅ​ទិស​ខាងត្បូង​ដើម្បី​ទៅរក​អាកាសធាតុ​ក្តៅ​សមរម្យ ក្នុងការ​រស់នៅ និង​រក​ចំណី​។ 
 
​ក្នុង​មួយឆ្នាំៗ បក្សី​មួយ​ប្រភេទ​នេះ​ធ្វើដំណើរ​ទៅវិញទៅមក​ក្នុង​ចម្ងាយ​ជា​មធ្យម​៧​ម៉ឺន​គីឡូម៉ែត្រ ក្នុង​រយៈពេល​រស់នៅរ​បស់​ពួកវា​ប្រមាណ​២៥​ឆ្នាំ​។ ពេលខ្លះ ពួកវា​ធ្វើដំណើរ​ជុំគ្នា ដោយ​ក្នុង​មួយក្រុមៗ​មាន​បក្សី​ប្រហែលជា​១៥​ក្បាល​។ មូលហេតុ​ដែល​បក្សី​ទាំងនេះ​អា​ចរក​ផ្លូវ​ដើម្បី​ធ្វើដំណើរ​យ៉ាង​ឆ្ងាយ​ដូច​ច្នេះ​បាន​គឺ​ដោយសារតែ​នៅក្នុង​ប្រព័ន្ធ​ខួរក្បាល​របស់​ពួកវា ត្រូវបាន​វិ​វត្ត​ឡើង​ជាមួយនឹង​រំញោច​លើ​ដែនម៉ាញេទិច​នៃ​ភពផែនដី ដែលមាន​នាទី​ដូចជា​ត្រីវិស័យ​ដែល​មនុស្ស​ប្រើប្រាស់​ដែរ​។ ដូចនេះ ក្នុង​មួយជីវិត​របស់​ពួកវា បក្សី​ទាំងនេះ​ធ្វើដំណើរ​ក្នុង​រង្វង់​២​លាន​គីឡូម៉ែត្រ ជាមួយនឹង​ស្លាប​ទាំងពីរ​៕ 

Tag:
 បក្សី​
© រក្សាសិទ្ធិដោយ thmeythmey.com