អន្តរជាតិ
អ៊ីរ៉ង់​នឹង​ស្តុក​បរិមាណ​ជាតិ​អ៊ុយ​រ៉ា​ញ៉ូ​ម​លើសពី​ចំនួន​កំណត់​នៅក្នុង​កិច្ចព្រមព្រៀង​
19, Jun 2019 , 8:19 am        
រូបភាព
រូបភាព​ឯកសារ៖ លោក Behrouz Kamalvandi ឆ្លើយ​សំណួរ​របស់​អ្នក​កាសែត​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។
រូបភាព​ឯកសារ៖ លោក Behrouz Kamalvandi ឆ្លើយ​សំណួរ​របស់​អ្នក​កាសែត​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ កាលពី​ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨។
ដោយ: VOA
​អ្នកនាំពាក្យ​អង្គការ​ឃ្លាំមើល​ថាមពល​បរិ​មា​ណូ​អ៊ីរ៉ង់ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​និយាយថា​ក្នុងពេល​ឆាប់​នេះ​ខាងមុខនេះ ប្រទេស​អ៊ីរ៉ង់​នឹងមាន​ស្តុក​សារធាតុ​អ៊ុយ​រ៉ា​ញ៉ូ​ម​លើស​ចំនួន​កំណត់​ពី​ចំនួន ដែល​ត្រូវបាន​អនុញ្ញាត​ឲ្យ​រក្សាទុក​ដូច ដែល​មានចែង​នៅក្នុង​សន្ធិសញ្ញា​អន្តរជាតិ ឆ្នាំ​២០១៥​។

 
​នៅក្នុង​សុន្ទរកថា​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន ដែល​ត្រូវបាន​ចាក់ផ្សាយ​ដោយ​ទូរទស្សន៍​រដ្ឋ​លោក Behrouz Kamalvandi បាន​ថ្លែងថា ការ​ស្តុក​ជាតិ​អ៊ុយ​រ៉ា​ញ៉ូ​ម​នឹងមាន​ចំនួន​ច្រើនជាង ៣០០​គីឡូក្រាម ត្រឹម​ថ្ងៃទី​២៧ ខែមិថុនា​ខាងមុខនេះ​។​
 
​ក៏ប៉ុន្តែ លោក​បាន​និយាយថា អ៊ីរ៉ង់​នឹង​ត្រឡប់​ទៅ​គោរព​តាម​ចំនួន​ដែលមាន​ចែង​ក្នុង​កិច្ចព្រមព្រៀង ប្រសិនបើ​ខ្លួន​ទទួលបាន​ការគាំទ្រ​ពី​ប្រទេស​ជា​ហត្ថលេខី​ផ្សេងៗ​ទៀត ដើម្បី​ឲ្យ​អ៊ីរ៉ង់​រួចផុត​ពី​ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​នៅក្នុង​ឧស្សាហកម្ម​ប្រេង​ដ៏​សំខាន់​របស់​ប្រទេស​នេះ​។​
 
​ប្រទេស​អ៊ីរ៉ង់​បាន​យល់ព្រម​អនុវត្ត​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​តាម​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥​ដើម្បី​ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្មសេដ្ឋកិច្ច​ដែល​ទណ្ឌកម្ម​នេះ​បាន​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេដ្ឋកិច្ច​អ៊ីរ៉ង់​។​
 
​សហរដ្ឋអាមេរិក​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​នេះ​កាលពី​ឆ្នាំមុន ដោយ​បន្សល់ទុក​ឲ្យ​ប្រទេស​ជា​ហត្ថលេខី​ផ្សេងទៀត ដូចជា​ចក្រភព​អង់គ្លេស ចិន បារាំង រុស្ស៊ី និង​អាល្លឺម៉ង់​ធ្វើការ​ដើម្បី​រក្សា​កិច្ចព្រមព្រៀង​មួយ​នេះ​ឲ្យ​នៅមាន​សុពលភាព​។​
 
​ក៏ប៉ុន្តែ​ប្រទេស​អ៊ីរ៉ង់​បាន​ត្អូញត្អែរថា ប្រទេស​ជា​ហត្ថលេខី​ផ្សេងទៀត​មិនបាន​ជួយ​ឲ្យ​អ៊ីរ៉ង់​ទទួលបាន​អត្ថប្រយោជន៍​សេដ្ឋកិច្ច​គ្រប់គ្រាន់​ពី​ការដក​ទណ្ឌកម្ម​នេះ​ទេ ខណៈ​អ៊ីរ៉ង់​បាន​គោរព​តាម​ការកំណត់​បរិមាណ​ជាតិ​អ៊ុយ​រ៉ា​ញ៉ូ​ម ដែល​ខ្លួន​អាច​ស្តុក​ទុក​បាន​តាម​ការកំណត់​នៅក្នុង​កិច្ចព្រមព្រៀង​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com