ONE Championship
កីឡាជាតិ
ជាតិ
អតីតជើងឯកពិភពលោក Albert Veera Chey ចូលរួមជាមួយសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា
×
អត្ថបទ៖ ស៊ីធី
កូនខ្មែរនៅបារាំង Albert Veera CHEY វ័យ៣៦ឆ្នាំ ដែលជាអតីតកីឡាករប្រដាល់ធ្លាប់គ្រងខ្សែក្រវាត់កម្រិតពិភពលោកបានសម្រេចមកចូលរួមជាមួយសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា (CMMAF) ជាផ្លូវការនាពេលថ្មីៗនេះ។
ម្ចាស់ខ្សែក្រវាត់ Europe Championship, France Champion Professional, World Champion Amateur និងធ្លាប់ឈ្នះខ្សែក្រវាត់នៅប្រទេសថៃទម្ងន់ ៥៧ គីឡូក្រាមនោះបានបើកក្លិបប្រដាល់ផ្ទាល់ខ្លួននៅប្រទេសបារាំង ឈ្មោះ Veera Boxing Gym ឬ The Temple Bordeaux បន្ទាប់ពីការផ្អាកឡើងសង្វៀនប្រដាល់។ ប៉ុន្តែការចុះឈ្មោះស្ថិតក្រោម CMMAF នេះបានបើកផ្លូវឲ្យរូបគេអាចប្រកួតតំណាងឲ្យកម្ពុជា និង លើកទង់ជាតិកម្ពុជាម្ដង។ បច្ចុប្បន្ននេះ រូបគេមិនត្រឹមតែជាគ្រូបង្វឹកគុនខ្មែរនៅបារាំង ប៉ុន្តែ ក៏ហាត់ក្បាច់គុនចម្រុះផងដែរ ក្នុងករណីដែលអាចឡើងប្រកួតនៅថ្ងៃខាងមុខ។
ក្រោយមានឈ្មោះជាផ្លូវការស្ថិតក្រោម CMMAF លោក កែ ប៊ិនសូរស្មី អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាបានសាទរចំពោះកីឡាករល្បីឈ្មោះមួយនេះដោយលើកឡើងថា ៖«វាជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ព្រោះថា Albert Chey ជាកីឡាករមានឈ្មោះបោះសំឡេង ក្នុងពិភព មួយថៃ និង គុនខ្មែរ។ គាត់ជាអតីតជើងឯកកម្រិតពិភពលោក។ គេ [Albert Chey] ឈ្នះការប្រកួតជាច្រើននៅប្រទេសថៃនាសង្វៀន Lumphini និង Rajadamnern ជាដើម។ គេបានប្រើទង់ជាតិបារាំង និង វ៉ៃតំណាងឲ្យបារាំង ប៉ុន្តែគាត់ជាកូនខ្មែរកើតនៅបារាំង និងមានឳពុកម្ដាយជាជនខ្មែរ»។ បុរសវ័យ ៣៦ ឆ្នាំរូបនេះឈប់ឡើងប្រកួតមួយរយៈកាលកន្លងទៅនេះដោយសារដោយជាប់ភារកិច្ចគ្រប់គ្រងក្លិបរបស់ខ្លួនខាងលើនៅក្រុង Bordeaux ប្រទេសបារាំង។
ប៉ុន្តែឥឡូវ ដល់ពេលដែល Albert ត្រលប់មករកការហ្វឹកហាត់ជាថ្មី មិនត្រឹមតែគុនខ្មែរ និង មួយថៃ ប៉ុន្តែ ក៏ហាត់ជីជិតស៊ូ និង គុនចម្រុះផងដើម្បីត្រៀមខ្លួនមុនឡើងឡើងប្រកួតកម្រិតអន្តរជាតិតំណាងឲ្យកម្ពុជា។
អនុប្រធានសហព័ន្ធកីឡាយុទ្ធគុនចម្រុះខាងលើសង្កត់ធ្ងន់ថា ៖«Albert Chey ជាកីឡាករកម្រិតអន្តរជាតិ ហើយតាមរយៈទំនាក់ទំនងល្អជាមួយសហព័ន្ធ MMA នៅខ្មែរ យើងនឹងអញ្ជើញរូបគេមកបង្ហាត់ ឬ ផ្លាស់ប្ដូរបទពិសោធន៍ជាមួយកីឡាករ ឬ គ្រូបង្វឹកនៅកម្ពុជានាពេលឆាប់ៗខាងមុខ។ ហើយក្លិបរបស់គេ The Temple Bordeaux ជាក្លិបនៅក្រៅប្រទេសទី១ ដែលចុះឈ្មោះសហការជាមួយ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា»។
Albert ដែលមានកំណត់ត្រាប្រកួត ៧០ ដងបានរៀបចំខ្លួនជានិច្ចក្នុងការឡើងប្រកួតតំណាងឲ្យកម្ពុជា ម្ដងបន្ទាប់ពីប្រកួតតំណាងឲ្យបារាំងនាពេលកន្លងមក។ នៅថ្ងៃមុខ គេអាចឡើងប្រកួតនៅសង្វៀនកម្រិតពិភពលោក ONE និង សង្វៀនអន្តរជាតិនានា។
ក្នុងជំហានបន្ទាប់ មិនត្រឹមតែក្លិបរបស់ Albert ប៉ុន្តែ CMMAF កំពុងធ្វើការយ៉ាងខ្ជាប់ខ្ជួនដើម្បីគៀងគរក្លិបផ្សេងទៀតដូចជានៅអាមេរិក អូស្ត្រាលី និង កាណាដាជាដើមដើម្បីពង្រីកក្បាច់គុនចម្រុះកម្ពុជាទៅកាន់ឆាកអន្តរជាតិ និង ទទួលបានការប្រកួតកាន់តែទទួលបានលទ្ធផលល្អ៕
Tag:
MMA
Albert Veera Chey
CMMAF
© រក្សាសិទ្ធិដោយ thmeythmey.com