អន្តរជាតិ
អង់គ្លេសនិងចិនសម្រេចបានកិច្ចព្រមព្រៀងតម្លៃជាង៦០០លានដុល្លារ ទោះមិនត្រូវគ្នារឿងហុងកុង ឧបនាយករដ្ឋមន្រ្តីចិន ហ៊ូ ឈុនហ័រ ចាប់ដៃរដ្ឋមន្រ្តីហិរញ្ញវត្ថុអង់គ្លេស Philip Hammond ។ រូបភាព AFP
× ជំហររបស់អង់គ្លេសលើវិបត្តិនៅហុងកុង មិនបានបង្អាក់ការចុះកិច្ចព្រមព្រៀងរវាងអង់គ្លេស និងចិននោះឡើយ។ កិច្ចព្រមព្រៀងតម្លៃជាង៦០០លានដុល្លារ ត្រូវបានយល់ព្រមអំឡុងពេលទស្សនកិច្ចរបស់ឧបនាយករដ្ឋមន្ត្រីចិន ហ៊ូ ឈុនហ័រ នៅទីក្រុងឡុងដ៍កាលពីថ្ងៃទី១៧ ខែមិថុនាម្សិលមិញ។ អង់គ្លេស ដែលនៅតែមិនទាន់ច្បាស់លាស់រឿងលែងលះជាមួយសហភាពអឺរ៉ុប ពិតជាត្រូវការទីផ្សារដ៏ធំចិនដើម្បីធានាការរកស៊ីខ្លួន។
ចិន និងចក្រភពអង់គ្លេស សម្រេចបានកិច្ចព្រមព្រៀងតម្លៃ៦៣០លានដុល្លារក្នុងដំណើរទស្សនកិច្ចកម្រិតខ្ពស់មួយនៅអង់គ្លេសដោយឧបនាយករដ្ឋមន្ត្រីចិន ហ៊ូ ឈុនហ័រ។ ការសម្រេចបានកិច្ចព្រមព្រៀងនេះ ពិតជាធ្វើឲ្យអង់គ្លេសធូរទ្រូងខ្លាំង ដ្បិតកំពុងភ័យព្រួយថា ចិនអាចមិនយល់ព្រមលើកិច្ចព្រមព្រៀងមានទំហំទឹកប្រាក់សន្ធឹកសន្ធាប់នេះវិញ បន្ទាប់ពីអង់គ្លេសបង្ហាញជំហរមិនពេញចិត្តចំពោះព្រឹត្តការណ៍នៅទឹកដីហុងកុង។
ស្ថានការណ៍ហុងកុង ពិតជាធ្វើឲ្យអង់គ្លេសដែលជាអតីតម្ចាស់អាណានិគមនៅមិនស្ងប់ចិត្តឡើយ តែជំហរបស់ទីក្រុងឡុងដ៍ ក៏ធ្វើឲ្យប៉េកាំងស្រងាកចិត្តដែរ។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស Jeremy Hunt បានប្រើពាក្យធ្ងន់ៗដាក់រដ្ឋាភិបាលហុងកុងដែលបំបែកបាតុកម្មផ្ទួនៗប្រឆាំងសំណើច្បាប់ធ្វើបត្យាប័នទៅចិន។ លោក Hunt បានប្រាប់ឲ្យរដ្ឋាភិបាលហុងកុងស្ដាប់យោបល់របស់ប្រជាជនហុងកុង និងមិត្តភក្តិបរទេស ហើយត្រូវផ្អាកសំណើច្បាប់ដ៏ចម្រូងចម្រាសនេះ។
ប៉ុន្តែក្រោយមេដឹកនាំហុងកុង Carrie Lam ប្រកាសព្យួរសេចក្ដីស្នើច្បាប់នេះដោយគ្មានកាលកំណត់ ប្រមុខការទូតអង់គ្លេសក៏បែរទៅជាសរសើរការសម្រេចចិត្តនេះវិញ។ មន្ត្រីទទួលបន្ទុកពាណិជ្ជកម្មរបស់អង់គ្លេស ពិតជាបារម្ភចំពោះការលើកឡើងរបស់លោក Hunt អាចប៉ះពាល់ការចរចាជាមួយចិន។ យ៉ាងណាមិញ ទីក្រុងប៉េកាំង ក៏ត្រូវបានមើលឃើញថា ហាក់បន្ធូរដៃខ្លះ ហើយចុងក្រោយ ក៏ចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មដដែល។
ទោះមិនសូវត្រូវគ្នាព្រោះបញ្ហាហុងកុងមែនពិត ចិន និងអង់គ្លេសនៅតែបន្តក្រសោបគ្នាដដែល។ ទោះជាប់ដៃធ្វើសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកក្ដី ចិននៅតែសម្លឹងឃើញឱកាសរកស៊ីជាមួយអង់គ្លេសដែលជាប្រទេសមានសេដ្ឋកិច្ចធំមួយនៅអឺរ៉ុប។ ក្នុងក្រសែភ្នែកចិន ការចុះកិច្ចព្រមព្រៀងតម្លៃជាង៦០០លានដុល្លារខាងលើនេះ ជាការជំរុញទំនាក់ទំនងទ្វេភាគីដែលឈានដល់សករាជមាស។ សម្រាប់អង់គ្លេសវិញ វាជាឱកាសសម្រាប់ពាណិជ្ជកម្មក្នុងការស្វែងរកផលប្រយោជន៍ពេលចាកចេញពីអឺរ៉ុប។
ទីក្រុងឡុងដ៍ចាត់ទុកកិច្ចព្រមព្រៀងនេះ ជាជោគជ័យផ្នែកការទូតមួយចំពេលភាពមិនច្បាស់លាស់កើនឡើងដោយសារការចរចាស្ដីពីការចាកចេញជាមួយអឺរ៉ុប។ ភាពស្រពេចស្រពិលកើតឡើង ព្រោះសភាអង់គ្លេស បានបដិសេធម្ដងជាពីរដងនូវកិច្ចព្រមព្រៀងចាកចេញជាមួយសហភាពអឺរ៉ុប ខណៈកាលបរិច្ឆេទចាកចេញ អូសបន្លាយតាំងពីខែមីនារហូតដល់ខែតុលាឯណោះ៕
Tag:
ចិន
អង់គ្លេស
ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com