ជាតិ
ស្ថានទូតបារាំង បន្តដាំកូនឈើកម្រ ដើម្បីជំរុញការស្រឡាញ់ជីវៈចម្រុះ
18, Jun 2019 , 6:45 pm        
រូបភាព
ភ្នំពេញ៖ ព្រឹកថ្ងៃទី១៨ មិថុនានេះ  ស្ថានទូតបារាំងប្រចាំកម្ពុជា និងក្រសួងបរិស្ថាន បានរៀបចំកម្មវិធីដាំកូនឈើនៅក្នុងឧទ្យានរបស់ស្ថានទូត ជានិមិត្តរូបចំនួន ២ដើម (ដើមឆាំឆា) ដែលមានប្រភពមកពីខេត្តមណ្ឌលគិរី ជាដើមឈើកម្រ។ ពិធីដាំដើមឈើនេះ មានការចូលរួមពីរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងលោកស្រី អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំង រួមទាំងសិស្សានុសិស្សមកពីសាលាបារាំងដេកាត និងអង្គការ PSE ចំនួន ២០នាក់។


 
ពិធីដាំកូនឈើនេះ រៀបចំដើម្បីផ្សព្វផ្សាយដល់សាធារណជន ពិសេសយុវជន ពីសារៈសំខាន់នៃបរិស្ថាន និងការអភិរក្សជីវចម្រុះ រួមទាំងការលើកកម្ពស់សកម្មភាពនានារបស់ប្រទេសបារាំងក្នុងវិស័យនេះ។ ក្នុងឧទ្យាននៃស្ថានទូតបារាំងនៅកម្ពុជា មានដើមឈើជិត ២០០ដើម ដែលមានប្រមាណ ១០០ប្រភេទ។
 

(កូនដើមឆាំឆា ដែលដាំក្នុងឧទ្យាន​នៃស្ថានទូតបារាំងប្រចាំកម្ពុជា)

លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន ដែលចូលរួមក្នុងពិធីនេះ បញ្ជាក់ថា ការដាំដើមឈើនេះ ជាផ្នែកមួយនៃគម្រោងថ្មីដាំរបស់ស្ថានទូតបារាំង និងដើម្បីចូលរួមអភិរក្សធនធានធម្មជាតិ។ បើតាមលោក នេត្រ ភក្រ្តា ឧទ្យានស្ថានទូតបារាំង  ជាឧទ្យានមួយដែលធំ ក្នុងចំណោមឧទ្យានធំៗក្នុងរាជធានីភ្នំពេញ ពិសេសការចូលរួមថែរក្សា និងអភិរក្សធនធានធម្មជាតិរបស់ស្ថានទូត បានធ្វើឲ្យរាជធានីភ្នំពេញក្លាយជាកន្លែងបៃតង។ 
 


តាមរយៈការលើកកម្ពស់បរិស្ថាន ក្រសួងបរិស្ថាន បានផ្ដល់កូនឈើប្រមាណ ១០០ដើម ដល់ស្ថានទូតបារាំង ដើម្បីដាំដុះបន្ថែមទៀត។ ក្នុងពិធីដាំដើមឈើជានិមិត្តរូបនេះ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បញ្ជាក់ថា ដើមឈើនៅភ្នំពេញ ដែលមានច្រើនជាងគេ មានតែក្នុងព្រះបរមរាជវាំង, ស្ថានទូតបារាំង និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)ប៉ុណ្ណោះ។ 

សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖



លោកស្រី អេវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំង លើកឡើងថា ការការពារបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ គឺជាអាទិភាពនៃសកម្មភាពនានារបស់ប្រទេសបារាំង នៅក្នុងក្របខណ្ឌជាតិ និងលើឆាកអន្តរជាតិ។ឯកអគ្គរដ្ឋទូតបារាំងរូបនេះ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក សាយ សំអាល់ ដែលបានគាំទ្រគម្រោងនេះ តាមរយៈការផ្ដល់ដើមឈើជាង១០០ដើម មកឲ្យស្ថានទូតបារាំងដាំបន្ថែម។ 
 


សូមបញ្ជាក់ថា ឧទ្យានស្ថានទូតបារាំងនៅកម្ពុជា មានដើមឈើមួយចំនួន មានអាយុកាលជាង ៦០ឆ្នាំ និងប្រភពមកពីទ្វីបផ្សេងៗគ្នាក្នុងពិភពលោក។ បច្ចុប្បន្ន ស្ថានទូត កំពុងរៀបចំកែលម្អឧទ្យាន ឲ្យកាន់តែមានលក្ខណៈទាក់ទាញ។ ក្នុងពេលខ្លីខាងមុខនេះ សាធារណជន នឹងមានឱកាសស្វែងយល់ពីការប្រែប្រួលនៃឧទ្យាននេះ នៅខែកញ្ញាខាងមុខ៕
 








Tag:
 ស្ថានទូតបារាំង
  ដាំឈើ
  ជីវៈចម្រុះ
  បរិស្ថាន
  សាយ សំអាល់
 
© រក្សាសិទ្ធិដោយ thmeythmey.com