ជាតិ
រញ្ជួយដីនៅជប៉ុន! ស្ថានទូតខ្មែរនៅជប៉ុន​ដាក់លេខទូរសព្ទឲ្យពលរដ្ឋទាក់ទងបន្ទាន់​
18, Jun 2019 , 10:06 pm        
រូបភាព
ដោយ: ថ្មីៗ
ស្ថានទូតកម្ពុជានៅជប៉ុន នារាត្រីទី១៨ ខែមិថុនា ឆ្នាំ២០១៩ បានផ្តល់លេខទូរសព្ទដល់ពលរដ្ឋខ្មែរដើម្បីទំនាក់ទំនងក្នុងករណីពួកគេដឹងឮ ឬរងផលប៉ះពាល់ផ្ទាល់ ដោយសារគ្រោះរញ្ជួយដី កម្រិត៦,៨រិចទ័រ នៅខេត្តនីហ្គាតា ភាគពាយ័ព្យនៃប្រទេសជប៉ុន។



គ្រោះរញ្ជួយដីនេះ អាចបណ្តាលឲ្យមានរលកស៊ូណាមិ បោកបក់ទៅលើសមុទ្រជប៉ុន ជាពិសេសភាគខាងជើងក្រុងតូក្យូ។ ទីភ្នាក់ងារព័ត៌មាន AFP បានដកស្រង់សេចក្តីប្រកាសរបស់ភ្នាក់ងារឧតុនិយមជាតិជប៉ុន។

បើតាមទូរទស្សន៍ NHK សេវារថភ្លើងដែលកាត់តាមតំបន់ប្រឈម ត្រូវផ្អាកដំណើរការ ហើយគេហដ្ឋានរាប់ម៉ឺន កំពុងគ្មានឋាមពលអគ្គិសនីប្រើប្រាស់។ ក្រៅពីតំបន់សមុទ្រនៅនីហ្គាតា ខេត្តយ៉ាម៉ាហ្គាតា ក៏ទទួលរងផលប៉ះពាល់រួចទៅហើយ។



«រញ្ជួយដីនេះនឹងបង្កឲ្យមានរលកយក្សស៊ូណាមិ។ សូមកុំទៅជិតមាត់សមុទ្រក្បែរតំបន់រញ្ជួយដី»។ នេះបើតាមសេចក្តីអំពាវរបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ទៅដល់ប្រជាពលរដ្ឋ សិស្ស/និស្សិត ឬសិក្ខាកាមខ្មែរដែលរស់នៅក្នុងតំបន់ទទួលរងផលប៉ះពាល់។

ក្នុងករណីជួបបញ្ហា ឬដឹងព័ត៌មានពីរងផលប៉ះពាល់ ពលរដ្ឋខ្មែរនៅជប៉ុន អាចជូនដំណឹងទៅស្ថានទូតជាបន្ទាន់តាមរយៈទំព័រហ្វេសប៊ុក របស់ស្ថានទូត ឬទូរសព្ទលេខ  ០៨០៤៦៨៩៩៣៧៤ និង០៨០៣៤៥៩៧៨៨៩៕

© រក្សាសិទ្ធិដោយ thmeythmey.com