ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
កសិដ្ឋាន​ឡង​មេ​ត នៅ​កំពត គ្រោង​នាំ​ចេកអំបូង​លឿង​ទៅចិន​ ​២​ពាន់​តោន​ក្នុង​ឆ្នាំ​ដំបូង​
19, Jun 2019 , 10:45 am        
រូបភាព
ដោយ: ថ្មីៗ
កំពត​៖ ក្រោយពីទទួលបានសិទ្ធិនាំចេញពីរដ្ឋាភិបាលកម្ពុជានិងចិននោះ ក្រុមហ៊ុន ឡងម៉េត ​បាន​នាំចេញ​ផ្លែ​ចេកអំបូង​លឿង​ទៅ​ទីផ្សារ​ប្រទេស​ចិន​បាន​ជាង ១០០​តោនហើយ នៅក្នុង​ត្រីមាស​ទី​១ ដើមឆ្នាំ​២០១៩​នេះ។ ​អ្នកជំនួញ​កសិកម្ម​លោក ហ៊ុន ឡាក់ នាយកក្រុមហ៊ុន ឡងម៉េត រំពឹងថា ក្រុមហ៊ុនលោកនឹងអាចនាំចេញ​​ជាង ២,០០០​តោន នៅក្នុង​ឆ្នាំ​២០១៩ ដែលជា​ឆ្នាំ​ដំបូង​​នេះ​ ​ខណៈដែល​ក្រុមហ៊ុន​កំពុង​ពង្រីក​ការដាំដុះ​ឲ្យ​បាន ១០០​ភាគរយ នៃ​ផ្ទៃដី​ដាំ​ដុះ​សរុប១០០០ហិកតា នៅ​ដំណាច់ឆ្នាំ​២០២០។ 

 
​លោក ហ៊ុន ឡាក់ ម្ចាស់​កសិដ្ឋាន​ដាំចេក ឡង​មេ​ត នៅ​ស្រុក​ឈូក ខេត្តកំពត បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ថ្ងៃទី​១៥ មិថុនា ថា ការនាំចេញ​កសិផល​ទៅ​ទីផ្សារ​អន្តរជាតិ​ធំៗ​ដូចជា​ប្រទេស​ចិន គឺ​មិន​ពឹងផ្អែក​តែ​លើ​បរិមាណ​និង​គុណភាព នៃ​ទំនិញ​កសិផល​របស់​ក​សិ​ដ្ឋា​ន​នោះទេ តែ​ទាមទារ​ឲ្យ​មានការ​វេច​ខ្ចប់​ឲ្យ​បាន​ត្រឹមត្រូវ​តាម​ស្ដង់ដារ​បច្ចេកទេស​ផងដែរ​។​
 
 
​លោក ហ៊ុន ឡាក់ នាយក​ក្រុមហ៊ុន Longmate Agriculture Co.,Ltd ដែល​កំពុង​ដាំ​ដុះ​និង​ប្រមូល​ផលដំណាំ​ចេក​លើ​ផ្ទៃដី ៤០០​ហិកតា នៃ​ផ្ទៃដី​ដាំ​ដុះ​សរុប ១, ០០០​ហិកតា បាន​ឲ្យ​ដឹងផង​ដែរ​ថា នៅក្នុង​ក្រុមហ៊ុន​របស់លោក មាន​បុគ្គលិក​និង​កម្មករ​សរុប​ជាង ៩០០​នាក់ កំពុង​បម្រើ​ការងារ ក្នុងនោះ​មានកម្ម​ករ​ជំនាញ​ជាង ៣០​នាក់ ត្រូវបាន​បញ្ជូនទៅ​សិក្សា​ពី​លក្ខណៈ​បច្ចេកទេស​នៃ​ការដាំដុះ​, ការប្រមូល​ផល និង​ការ​វេច​ខ្ចប់​នៅ​ប្រទេស​ចិន​។ 
 
អត្ថបទទាក់ទង
 
​ក្រៅពី​ដំណាំ​ចេកអំបូង​លឿង​នេះ ក្រុមហ៊ុន Longmate ក៏​គ្រោង​ដាំ​ដំណាំ​ផ្លែឈើ​ហូប​ផ្លែ​ផ្សេងទៀត ដោយ​អាស្រ័យ​លើ​ការចរចា និង​ចុះ​កិច្ចព្រមព្រៀង​រវាង​រដ្ឋា​ភិ​បាល​កម្ពុជា និង​ចិន ក្នុងការ​បើកផ្លូវ​ទីផ្សារ​នាំចូល​ផលិតផល​កសិកម្ម​ពី​កម្ពុជា​។​
 

(​លោក ហ៊ុន ឡាក់ នាយក​ក្រុមហ៊ុន Longmate Agriculture Co.,Ltd)
 
​លោក ហ៊ុន ឡាក់ នាយក​ក្រុមហ៊ុន Longmate បាន​និយាយ​ដូច្នេះ​ថា​៖«​ការបើកផ្លូវ ការទទួលស្គាល់​នៃ​ដំណាំ​ចេក​របស់​ក្រុមហ៊ុន Longmate ចេញទៅ​គឺ​មិនមែន​ទទួលផល​តែ​ក្រុមហ៊ុន​ម្នាក់ឯង​ទេ គឺ​បានន័យថា ជាការ​តំណាង​ឲ្យ​ផ្លែឈើ​ហូប​ផ្លែ​នៃ​ប្រទេស​កម្ពុជា​យើង ដែល​ពីមុនមក​មិនដែល​មាន​សោះ គឺអាច​នាំចូល​ទីផ្សារ​ចិន ដែលជា​ទីផ្សារ​តឹងរឹង​ក្នុង​ការដាក់​លក្ខខណ្ឌ​តម្រូវ​មែន​ទេ​ន​។ បានន័យថា​មិនមែន​តែ​កម្ពុជា​ទេ ប្រទេស​ខ្លះ​(​សុំ​សិទ្ធ​នាំចូល​) រហូតដល់​១០​ឆ្នាំ​នោះ ទម្រាំ​បាន​(​ការអនុញ្ញាត​)​មួយ​មុខ​។ កម្ពុជា​យើង ខ្ញុំ​គិតថា​៤​ឆ្នាំ​យើង​អាចធ្វើ​បាន​(​សុំ​សិទ្ធ​នាំចូល​)​។ ហើយ​ខ្ញុំ​សង្ឃឹមថា ក្រសួងពាណិជ្ជកម្ម ក៏ដូចជា​ក្រសួងកសិកម្ម​នឹង​ខិតខំ​បន្តទៀត​ក្នុង​ការជួយ​ជំរុញ ធ្វើយ៉ាងណា​ឲ្យ​នៅក្នុង​ឆ្នាំ​២០១៩ និង​២០២០​នេះ បើក​(​ទីផ្សារ​នាំចូល​កសិកម្ម​)​ឲ្យ​បាន​ប៉ុន្មាន​មុខ​ទៀត​»៕
 

Tag:
 Longmate
  Agriculture
  Kampot
  Banana
 
© រក្សាសិទ្ធិដោយ thmeythmey.com