អន្តរជាតិ
អាជ្ញាធរក្រុងបាងកក ពិន័យសណ្ឋាគារដែលចោលស្រោមអនាម័យពេញប្រឡាយទឹក ប្រភពរូបៈ ហ្វេសបុករបស់ NAIPAN
× រដ្ឋបាលក្រុងបាងកក បានដាក់ពិន័យជាលុយ ១ម៉ឺនបាត (៣២០ដុល្លារ) លើសណ្ឋាគារមួយកន្លែង ក្នុងតំបន់ Charansanitwongse ក្រោយពីរកឃើញថា សណ្ឋាគារនេះ បានបោះចោលស្រោមអនាម័យដែលប្រើរួច និងសម្ភារបង្គន់ ដោយមិនត្រឹមត្រូវ ចូលទៅក្នុងប្រឡាយទឹក។
ស្រោមអនាម័យ និងសម្ភារប្រើប្រាស់ក្នុងបង្គន់មួយចំនួន ត្រូវបានគេប្រទះឃើញ អណ្តែតក្នុងប្រឡាយទឹក កាលពីសប្តាហ៍មុន ។ រូបភាពនេះ បានធ្វើឲ្យអ្នកប្រើប្រាស់នៅក្នុងប្រទេសថៃ បង្ហាញអារម្មណ៍ខ្ពើមរអើមជាខ្លាំង។ តាមរយៈការចុះផ្សាយរបស់សារព័ត៌មាន The Nation កម្មករបោសសម្អាតប្រចាំទីក្រុងបាងកក បានចុះទៅប្រមូលសំរាមទាំងអស់នោះពីក្នុងប្រឡាយទឹកស្អុយ កាលពីរាត្រីថ្ងៃអាទិត្យ ទី១៦ ខែមិថុនា។
បន្ទាប់ពីកិច្ចការប្រមូលបញ្ចប់រួចរាល់ អាជ្ញាធរថៃ បានដឹកនាំមន្ត្រីទៅស៊ើបសួរសណ្ឋាគារខាងលើ ដោយសម្គាល់តាមរយៈសម្ភាបង្គន់ ដែលបោះចោលក្នុងប្រឡាយទឹកស្អុយនោះ។ ដោយពុំបានជួបផ្ទាល់ជាមួយអ្នកគ្រប់គ្រងសណ្ឋាគារ អាជ្ញាធរថៃ បានសួរសំណួរទៅកាន់បុគ្គលិកបម្រើការនៅក្នុងសណ្ឋាគារនេះ។ ពួកគេ បានបញ្ជាក់ថា សណ្ឋាគារ ជាធម្មតាជួលក្រុមហ៊ុនមួយ ដើម្បីឲ្យមកប្រមូលសំរាមដូចជា ស្រោមអនាម័យ និងសម្ភាប្រើប្រាស់ក្នុងបង្គន់ ពីធុងផ្ទុកសំរាមខ្លួន។
បុគ្គលិកសណ្ឋាគារនោះ អះអាងទៀតថា កម្មករប្រមូលសំរាម ដែលសណ្ឋាគារខ្លួនជួល បានចុះមកប្រមែប្រមូលសំរាមពេលចុងក្រោយ កាលពីថ្ងៃសៅរ៍ ទី១៥ មិថុនា។ ទោះបីជាបែបនេះក្តី ដោយសារតែសំរាមទាំងនោះ ត្រូវបានរកឃើញថា ចាក់ចូលទៅក្នុងប្រឡាយទឹក អាជ្ញាធរ បានសម្រេចដាក់ពិន័យជាប្រាក់ ១ម៉ឺនបាត សម្រាប់ការបោះចោលសំរាមមិនត្រឹមត្រូវ ដែលល្មើសនឹងច្បាប់ការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងការសម្អាត ឆ្នាំ១៩៩២របស់ថៃ។ ក្រោយមក អ្នកគ្រប់គ្រងសណ្ឋាគារខាងលើ បានចេញមុខសុំទោសចំពោះអ្វីដែលបានកើតឡើង៕
© រក្សាសិទ្ធិដោយ thmeythmey.com