ជាតិ
សង្គមជាតិ
កំណាត់ផ្លូវ១៤៩ខេត្តព្រះសីហនុ នឹងផ្អាកធ្វើចរាចរណ៍ ចាប់ពីថ្ងៃទី២០មិថុនាទៅ ប្រភពរូប បានពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
× ភ្នំពេញ៖ រដ្ឋបាលខេត្តព្រះសីហនុ នឹងផ្អាកធ្វើចរាចរណ៍បណ្តោះអាសន្ន លើកំណាត់ផ្លូវលេខ១៤៩ នៅថ្ងៃទី២០មិថុនា ដើម្បីជួសជុលផ្លូវឡើងវិញ បន្ទាប់ពីខូចខាតដោយសារជំនន់ទឹកភ្លៀងកន្លងមក។ ទន្ទឹមគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានស្នើឱ្យសាធារណជនធ្វើដំណើរតាមផ្លូវវាងដទៃទៀតសិន។
យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១៨មិថុនា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ អាកាសធាតុក្នុងខេត្តព្រះសីហនុ មានភ្លៀងធ្លាក់ជាប់ៗគ្នា ដែលជាហេតុបណ្តាលឱ្យផ្លូវក្នុងទីក្រុងមួយចំនួនរងការជន់លិចដោយទឹកភ្លៀង និងខូចខាតជាដំណំ ពិសេសលើកំណាត់ផ្លូវលេខ១៤៩ (តភ្ជាប់ពីចំណុចផ្លូវជាតិលេខ៤ ក្បែរទីបញ្ជាការកងរាជអាវុធហត្ថក្រុង ទល់នឹងឆ្នេរអូរត្រេះ) រងការខូចខាតយ៉ាងខ្លាំង និងដាច់ផ្លូវជាច្រើនកន្លែង។
សេចក្តីប្រកាសព័ត៌មាន ពុំបានបញ្ជាក់ឡើយថា កំណាត់ផ្លូវនេះ នឹងបើកឲ្យធ្វើចរាចរណ៍វិញនៅពេលណា។ ប៉ុន្តែ សេចក្តីប្រកាសព័ត៌មាន បានសរសេរថា រដ្ឋបាលខេត្តព្រះសីហនុ នឹងជូនដំណឹងសាជាថ្មី ក្រោយពីកំណាត់ផ្លូវនេះត្រូវបានជួសជុល និងសាងសង់ចប់ជាស្ថាពរ៕
© រក្សាសិទ្ធិដោយ thmeythmey.com