ជាតិ
សង្គមជាតិ
មនុស្សជាង១៥០នាក់ ត្រូវចាប់ខ្លួនក្នុងកាស៊ីណូមួយនៅប៉ោយប៉ែត ពាក់ព័ន្ធនឹងគ្រឿងញៀន
19, Jun 2019 , 3:28 pm        
រូបភាព
កម្លាំងសមត្ថកិច្ច បានសម្រុកចូលទៅបង្រ្កាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំមួយ នៅក្នុងកាស៊ីណូឈ្មោះឡាក់គី ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយបានឃាត់មនុស្សដល់ទៅជាង១៥០នាក់ ភាគច្រើនជាយុវជន ដែលសង្ស័យថាចែកចាយនិងសេពគ្រឿងញៀន រួមទាំងរឹបអូសបានគ្រឿងញៀនជាច្រើនប្រភេទ។



ប្រតិបត្តិការនេះ គឺចាប់ផ្តើមពីល្ងាចថ្ងៃទី១៨ ខែមិថុនា រហូតឈានចូលរំលងអធ្រាត្រ ថ្ងៃទី១៩មិថុនា។ គ្រឿងញៀន និងវត្ថុតាងទាំងនោះ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

លោក អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ សរសេរលើគណនីហ្វេសប៊ុករបស់លោកថា ក្នុងចំណោមអ្នកទាំងនោះ សមត្ថកិច្ច បានរកឃើញមុខសញ្ញាចែកចាយគ្រឿងញៀន៥នាក់ និងអ្នកប្រើប្រាស់១៤៤នាក់ ហើយនីតិវិធីបន្ត គឺបញ្ចូនទៅតុលាការ។ លោកសង្កត់ធ្ងន់ថា «ត្រូវបន្តបង្ក្រាបគ្រឿងញៀនឲ្យខ្លាំងថែមទៀត ក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ»៕

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com