អន្តរជាតិ
អាមេរិក ដូរ​ប្រមុខ​ការពារជាតិ ស្របពេល​ភាព​តានតឹង​ជាមួយ​អុីរ៉ង់​កើនឡើង​
19, Jun 2019 , 4:06 pm        
រូបភាព
លោក ផាទ្រីក សាណាហាន់ ដកខ្លួនពីមន្ទីរបញ្ចកោណ។ រូបភាព AFP
លោក ផាទ្រីក សាណាហាន់ ដកខ្លួនពីមន្ទីរបញ្ចកោណ។ រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១៨ ខែមិថុនា បានប្រកាស​ពី​ការដកខ្លួន​របស់​រដ្ឋ​មន្ត្រី​ស្ដីទី​ក្រសួងការពារជាតិ ផា​ទ្រី​ក សា​ណា​ហាន់ សម្រាប់​តំណែង​រដ្ឋមន្ត្រី​អចិន្ត្រៃយ៍ ហើយ​ចាក​ចេញពី​មន្ទីរ​បញ្ច​កោណ​ផងដែរ​។ បើតាម​លោក ត្រាំ មូលហេតុ​នៃ​ការលាលែង​ពី​តំណែង​របស់លោក សា​ណា​ហាន់ គឺ​ដើម្បី​ចំណាយ​ពេលវេលា​ជាមួយ​គ្រួសារ​។ មន្ត្រី​ស៊ីវិល​ជាន់ខ្ពស់​ប្រចាំ​កងទ័ពជើងគោក Mark Esper នឹង​ចូល​កាន់តំណែង​រដ្ឋមន្ត្រី​ស្តី​ទីនេះ​ជំនួស​លោក សា​ណា​ហាន់ ។

 
​ស្របពេល​កិច្ចការ​យោធា​មាន​កាន់តែច្រើន ពិសេស​ភាព​តានតឹង​ជាមួយ​អ៊ីរ៉ង់​ឡើង​កម្ដៅ​ខ្លាំង នៅ​មន្ទីរ​បញ្ច​កោណ​បែរជា​មានការ​ផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន​កំពូល​ទៅវិញ​។ លោក ផា​ទ្រី​ក សា​ណា​ហាន់ ដែល​កាន់តំណែង​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួងការពារជាតិ​អាមេរិក​តាំងពី​ដើមឆ្នាំ​២០១៩ បាន​លាលែង​ពី​តំណែង​ដើម្បី​ចំណាយពេល​ឲ្យ​បាន​ច្រើន​ជាមួយ​គ្រួសារ​។ លោក​ក៏​ដកខ្លួន​ពី​នីតិវិធី​នៅ​ព្រឹទ្ធសភា​សម្រាប់​តំណែង​ជា​រដ្ឋមន្ត្រី​អចិន្ត្រៃយ៍​ផង​។​
 
​តាមរយៈ​បណ្ដាញ​សង្គម Twitter ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ សរសេរថា លោក សា​ណា​ហាន់ សម្រេចចិត្ត​មិន​បន្ត​ដំណើរការ​នៅ​ព្រឹទ្ធសភា​ឡើយ ព្រោះ​លោក​ចង់​លះបង់​ពេលវេលា​ច្រើន​ជាមួយ​ក្រុមគ្រួសារ​។ យ៉ាងណា រឿងរ៉ាវ​ដែល​នាំ​លោក សា​ណា​ហាន់ ដកខ្លួន​ពី​ដំណើរការ​នេះ ទំនងជា​បញ្ហា​ផ្ទាល់ខ្លួន និង​ការចោទប្រកាន់​ទាក់ទង​អំពើហិង្សា​ក្នុង​គ្រួសារ​ជាដើម​។ បញ្ហា​ទាំងនេះ ប៉ះពាល់​ខ្លាំង​ដល់​បេក្ខភាព​លោក​ជា​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក​ពេញសិទ្ធិ​។​
 
​ក្នុង​សេចក្ដីប្រកាស​ចេញ​យប់​ថ្ងៃទី​១៧ ខែមិថុនា លោក សា​ណា​ហាន់ បាន​បដិសេធ​ពាក្យ​ចោទ​ទាំងនេះ ហើយ​ថា លោក​មិន​វាយ​ប្រពន្ធ​បាន​មួយ​ដៃ​ឡើយ​។ អតីត​អ្នកចាត់ការ​ជាន់ខ្ពស់​ម​ក​ពី​វិស័យ​អាកាសចរណ៍​រូបនេះ​អះអាងថា លោក​បាន​សហការ​ជាមួយ​ប៉ូលិស​ក្នុងការ​ស៊ើបអង្កេត​នាពេល​កន្លងមក​ផងដែរ​។​
 
​ការលាលែង​ចេញពី​តំណែង​កំពូល​នៅ​មន្ទីរ​បញ្ច​កោណ​របស់លោក សា​ណា​ហាន់ ធ្វើឡើង ស្រប​ពេលដែល​ការប្រឈមមុខ​រវាង​អាមេរិក និង​អ៊ីរ៉ង់​កាន់តែ​ឡើងក​ម្ដៅ​ខ្លាំង​នៅ​រយៈពេល​ចុងក្រោយ ពិសេស​ក្រោយ​ការវាយប្រហារ​លើក​ប៉ាល់​ដឹកទំនិញ​នៅ​ឈូង​សមុទ្រ​អូ​ម៉​ង់​។ អាមេរិក បាន​ចោទ​អ៊ីរ៉ង់​ថា នៅ​ពីក្រោយ​ការវាយប្រហារ​នេះ និង​បាន​បញ្ចេញ​ភស្តុតាង​ជា​បន្តបន្ទាប់​ដើម្បី​ទម្លាក់កំហុស​។ ចុងក្រោយ លោក សា​ណា​ហាន់ ក៏​ស៊ី​ញ៉េប​ញ្ជូ​ន​ទ័ព​មួយ​ពាន់​នាក់​ទៅ​មជ្ឈិមបូព៌ា​តែម្ដង​។​
 
​សូម​ញ្ជា​ក់ថា រដ្ឋបាល​ប្រធានាធិបតី ត្រាំ គ្មាន​រដ្ឋមន្ត្រី​ការពារជាតិ​ពេញលេញ​ឡើយ​ក្រោយ​ការចាកចេញ​របស់លោក ជេ​ម ម៉ា​ធី​ស កាលពី​ខែធ្នូ ឆ្នាំ​២០១៨ ព្រោះ​មាន​ជំហរ​មិនត្រូវ​គ្នា​ជាមួយ​ម​កើយ​របស់ខ្លួន​ជុំវិញ​ការដក​ទ័ព​ពី​ស៊ី​រី​។ តម​ក លោក ត្រាំ ក៏​តែងតាំង​លោក សា​ណា​ហាន់ ជា​រដ្ឋមន្ត្រី​ស្តីទី ហើយ​ស្នើ​ជា​បេក្ខភាព​រដ្ឋមន្ត្រី​ពេញសិទ្ធិ​ទៅកាន់​ព្រឹទ្ធសភា​។ ខណៈ​លោក សា​ណា​ហាន់ ចាកចេញ​ទៀត លោក ត្រាំ ជ្រើសរើស​លោក Mark Esper មន្ត្រី​ស៊ីវិល​ជាន់ខ្ពស់​នៃ​កងទ័ពជើងគោក ជា​រដ្ឋមន្ត្រី​ស្តីទី​ទៀត ហើយ​ត្រូវ​ចូលកាន់​តំណែង​នៅ​ថ្ងៃទី​២៤ ខែ​មិ​ថុ​ខាងមុខនេះ​៕ 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  ផា​ទ្រី​ក សា​ណា​ហាន់
© រក្សាសិទ្ធិដោយ thmeythmey.com