ជាតិ
សេដ្ឋកិច្ច
លោក វង្សី វិស្សុត៖ ច្បាប់ស្ដីពីយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន នឹងដើរតួនាទីសំខាន់ណាស់
× ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កំពុងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (Public-Private Partnerships Law, PPP)។ ក្រសួងបានរៀបចំឲ្យមានការពិភាក្សាជាបន្តបន្ទាប់ ដើម្បីធ្វើឲ្យច្បាប់នេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ។ ហើយនៅថ្ងៃទី១៩ខែមិថុនានេះ ក្រសួងបានបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី២លើសេចក្ដីព្រាងច្បាប់ PPP នេះ។
ច្បាប់ស្ដីពីយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន មានវិសាលភាពគ្របដណ្ដប់សកម្មភាពពាក់ព័ន្ធនឹងការចូលរួមរបស់វិស័យឯកជន ក្នុងការវិនិយោគសាធារណៈ និងសេវាសាធារណៈ។ រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានគូសបញ្ជាក់ថា យន្តការរបស់ច្បាប់នេះ គឺការកៀងគរវិស័យឯកជនឲ្យចូលរួមក្នុងការវិនិយោគសាធារណៈ ដែលមានផ្នែកហេដ្ឋារចនាសម្ព័ន្ធជាដើម។
ប្រសាសន៍លោក វង្សី វិស្សុត ដែលបានថ្លែងក្នុងសិក្ខាសាលាពិគ្រោះយោបល់ខាងលើនេះ៖
«ច្បាប់ដែលយើងបង្កើតនេះគឺក្នុងគោលដៅទៅដោះស្រាយបញ្ហា ដែលធ្វើឲ្យយើងអាចប្រមូលធនធានកាន់តែច្រើនពីវិស័យឯកជន ក្នុងការវិនិយោគសាធារណៈ។ ហើយការវិនិយោគសាធារណៈទាំងអស់នេះ នឹងទាញមកទៀតនូវវិនិយោគឯកជន»។ នេះជាការថ្លែងរបស់លោក វង្សី វិស្សុត ។ លោក វិស្សុត បន្តដូច្នេះទៀតថា៖«ហើយទុនទាំងអស់នេះហើយដែលបង្កើតតម្លៃបន្ថែម បង្កើតការងារ សម្រាប់ទ្រទ្រង់សេដ្ឋកិច្ច ហើយជាតិយើងកាន់តែមានពិពិធកម្មសេដ្ឋកិច្ច និងពង្រឹងភាពប្រកួតប្រជែង»។
ការចូលរួមរបស់វិស័យឯកជន នាំទៅរកពិពិធកម្មសេដ្ឋកិច្ច និងភាពប្រកួតប្រជែង ដោយលោក វង្សី វិស្សុត គូសបញ្ជាក់ថាផ្នែកឯកជនមិនត្រឹមតែនាំមកទុនប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យមាននវានុវត្ត និងប្រសិទ្ធភាព។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ បានអះអាងថា រដ្ឋាភិបាលបានផ្ដល់អាទិភាពខ្ពស់ណាស់ដល់ភាពជាដៃគូរវាងឯកជន និងរដ្ឋ ដូចនេះហើយបានច្បាប់នេះត្រូវមានជាចាំបាច់។ លោក វង្សី វិស្សុត លើកឡើងដូច្នេះថា៖«ដើម្បីឲ្យតួអង្គផ្សេងៗចូលរួមបាន គឺត្រូវតែបង្កើតក្របខណ្ឌមួយដែលជឿទុកចិត្តបាន ដែលយុត្តិធម៌ និងមានតម្លាភាព។ ទាំងអស់នេះហើយដែលជាក្របខណ្ឌច្បាប់ដែលយើងកំពុងរៀបចំទាំងអស់គ្នា»។
បើតាមលោក វង្សី វិស្សុត ច្បាប់ PPP នេះ នឹងផ្ដោតលើ៤ចំណុចធំៗ។ ក្នុងនោះមានការកំណត់ពីការទទួលខុសត្រូវក្នុងគម្រោងភាពជាដៃគូរវាងរដ្ឋនិងឯកជន, ក្របខណ្ឌសម្រាប់អនុវត្តគម្រោង, លទ្ធកម្មដោយតម្លាភាព និងការបែងចែកផលប្រយោជន៍ និងផលលំបាកនៃហានិភ័យ៕
Tag:
វង្សី វិស្សុត
ភាពជាដៃគូរដ្ឋនិងឯកជន
PPP
© រក្សាសិទ្ធិដោយ thmeythmey.com