ជាតិ
សង្គមជាតិ
មន្ត្រីនគរបាល​ម្នាក់ ត្រូវបាន​ចាប់ខ្លួន ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន នៅ​Rock
19, Jun 2019 , 5:07 pm        
រូបភាព
​ភ្នំពេញ​៖ មន្ត្រីនគរបាល​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ដោយសារ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន នៅ​មជ្ឈមណ្ឌល រ៉ក (Rock) ដែល​អាជ្ញាធរ​បាន​បង្ក្រាប កាលពី​ថ្ងៃទី​ចុងខែ​កុម្ភៈ កន្លងមក​។ មន្ត្រីនគរបាល​រូបនេះ ត្រូវបាន​សមត្ថកិច្ច បញ្ជូនទៅ​តុលាការ​ក្រុងភ្នំពេញ ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ហើយ កាលពី​ថ្ងៃទី​១៧ មិថុនា​។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដែល​ទើប​ចុះផ្សាយ​ព័ត៌មាន​នេះ​។​

 
​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​បញ្ជាក់ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​នេះ មានឈ្មោះ ឡេង សុខ​គង់ ដែលជា​មន្ត្រីនគរបាល​ពាក់​ស័ក្តិ​២ នៃ​ឋានៈ​ប្រធាន​ផ្នែក​អន្តរាគមន៍ នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ ការចាប់ខ្លួន​នេះ គឺ​សមត្ថកិច្ច​អនុលោម​តាម​ដីកា​បង្គាប់ របស់លោក សេង លាង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​។​
 
​ការឈាន​ទៅដល់​ការចាប់ខ្លួន​មន្ត្រីនគរបាល​ខាងលើនេះ ធ្វើឡើង​ក្រោយពី​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានប្រកាសថា ករណី​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​កម្សាន្ត Rock  នេះ ក៏មាន​ពាក់ព័ន្ធ​នឹង​មន្ត្រីប៉ូលិស​ដែរ​។ ជាពិសេស​ការចេញ​បញ្ជា​ពី​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ដាក់​កំហិត​ឲ្យ​សមត្ថកិច្ច តាម​ចាប់ខ្លួន​មេខ្លោង និង​អ្នកពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ទីតាំង​កម្សាន្ត ក្នុង​កណ្ដាល​ទីក្រុង​មួយ​នេះ​។​
 
​កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៩ សមត្ថកិច្ច បាន​ឃាត់ខ្លួន​មនុស្ស​ប្រមាណ​៣០០​នាក់ នៅ​ក្លិប Rock តែ​ក្រោយមក ត្រូវបាន​ដោះលែង​វិញ ដោយ​សល់​តែ​ជិត​២០​នាក់​ប៉ុណ្ណោះ ដែល​ត្រូវបាន​កសាង​សំណុំរឿង​ទៅ​តុលាការ​។ ក្រោយ​បិទ​ក្លិប​កម្សាន្ត​នេះហើយ សមត្ថកិច្ច​ក៏បាន​ចាប់ខ្លួន​លោក​ឧកញ៉ា គិត ធាង ដែលជា​ម្ចាស់​ក្លិប​ទៀតផង​៕

Tag:
 គ្រឿងញៀន​
  Rock
© រក្សាសិទ្ធិដោយ thmeythmey.com