ជាតិ
សេដ្ឋកិច្ច
ហេដ្ឋារចនាសម្ព័ន្ធ​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន​
19, Jun 2019 , 5:59 pm        
រូបភាព
​ម៉ានីល​,​ហ្វីលីពីន​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចាត់ទុក​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ជា​ចំណុច​ដ៏​សំខាន់​ជាងគេ​មួយ នៅក្នុង​ការជំរុញ​សេដ្ឋកិច្ច​អាស៊ាន និង​អាស៊ី ទាំងមូល​។ ហេដ្ឋារចនាសម្ព័ន្ធ ដែល​រាប់ទាំង​ប្រព័ន្ធ​ដឹកជញ្ជូន​,  ការអភិវឌ្ឍន៍​ទីក្រុង និង​ជនបទ និង​ប្រភព​ថាមពល​ជាដើម​។​

 
​ដើម្បី​ផ្តល់​ចំណេះដឹង​បន្ថែម​ពាក់ព័ន្ធ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​ហ្វីលីពីន និង ADB បាន​សហការគ្នា រៀបចំ​កម្មវិធី​មួយ  ដើម្បី​ណែនាំ​ពី​ការរាយការណ៍​ព័ត៌មាន​នានា​ជុំវិញ​ហេដ្ឋារចនាសម្ព័ន្ធ​។ អ្នកសារព័ត៌មាន​ចំនួន​១៦​រូប ពី​ប្រទេស​ចំនួន​៨​ក្នុង​តំបន់​អាស៊ាន លើកលែង​ប្រទេស​ឡាវ និង​ម៉ាឡេស៊ី បាន​ជួបជុំគ្នា​កាលពី​សប្តាហ៍​មុន នៅ​ស្នាក់ការ​កណ្តាល​ធនាគារ​អភិវឌ្ឍន៍អាស៊ី ADB នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញ ក៏បានសម្របសម្រួល និងឧបត្ថម្ភ ការធ្វើដំណើរសម្រាប់អ្នកកាសែត២រូប ពីប្រទេសកម្ពុជា ដើម្បីចូលរួម​កម្មវិធីនេះដែរ។ 



នៅក្នុង​កម្មវិធី​នេះ អ្នកជំនាញ​របស់ ADB បាន​គូសបញ្ជាក់ថា អាស៊ាន ត្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​និរន្តរភាព ដើម្បី​ជំរុញ​ការរីកចម្រើន​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​ដែរ​។​ដើម្បី​រួមចំណែក​ជំរុញ​សេដ្ឋកិច្ច​ក្នុង​តំបន់​ទាំង​នៅ​តំបន់​អាស៊ាន កម្ចី​,​ហិរញ្ញប្បទាន  និង​ជំនួយ​បច្ចេក​ផង ក្នុងការ​អភិវឌ្ឍន៍​ហេ​ដ្ឋា​សម្ព័ន្ធ នៅក្នុង​ប្រទេស​ដែលជា​សមាជិក​របស់ខ្លួន​។ ជំនួយ​ទាំងនោះ ត្រូវ​បានផ្តល់​ដោយផ្ទាល់​ទៅ​ឲ្យ​រដ្ឋាភិបាល​ផ្ទាល់​, ក្រុមហ៊ុន​ឯកជន ឬ​តាមរយៈ​កិច្ចសហការ​រវាង​វិស័យ​សាធារណៈ និង​ឯកជន សម្រាប់​សាងសង់ និង​ថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនោះ​។​


 


លោក Robert Guild អគ្គនាយកដ្ឋាន​ផ្នែក​និរន្តរភាព និង​ការប្រែប្រួល​អាកាសធាតុ​នៃ ADB  បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ​២០១៨ ADB  បានផ្តល់​ទៅ​ឲ្យ​វិស័យ​ដឹកជញ្ជូន​ប្រមាណ​៣.៩ ប៊ី​លាន​ដុល្លារ , ថាមពល ចំនួន ៣.៩៣​ប៊ី​លាន​ដុល្លារ​, ការអភិវឌ្ឍន៍​ទីក្រុង​២.៧​ប៊ី​លាន​ដុល្លារ​, ការផ្គត់ផ្គង់​ទឹកស្អាត ៣.៣៦ ប៊ី​លាន​ដុល្លារ​។ ដោយឡែក ក្នុងការ​អភិវឌ្ឍន៍ជនបទ មាន​ទឹកប្រាក់​ចំនួន ១១.៦ ប៊ី​លាន​ដុល្លារ ត្រូវបាន ADB អនុម័ត ចាប់តាំងពី​ឆ្នាំ​២០០៩-២០១៨ សម្រាប់​វិស័យ​កសិកម្ម និង​ធនធានធម្មជាតិ​។  សម្រាប់​ឆ្នាំ​២០១៩​នេះ ADB បានគ្រោង​ទឹកប្រាក់  ២.១ ប៊ី​លាន​ដុល្លារ​បន្ថែមទៀត ជួយ​ដល់​ការអភិវឌ្ឍន៍​ជនបទ​នេះ​។ លោក Robert  បន្ថែម​ដូច្នេះ​។​

 
 
 
​មិនមែន​មានតែ ADB ទេ ដែល​ខ្វាយខ្វល់ និង​បានផ្តល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​តំបន់​អាស៊ាន​។ អ្នកស្រី  Lynne Gadkowski ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​ហ្វីលីពីន បាន​ឲ្យ​ដឹងថា សហរដ្ឋអាមេរិក ក៏បាន​ជួយ​គាំទ្រ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ក្នុង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ តាមរយៈ​ដៃគូ​របស់ខ្លួន ដែលមាន​ទាំង ABD​ផង​។ 
 
​អ្នកស្រី Lynne បញ្ជាក់​៖«​ជា​រៀងរាល់ឆ្នាំ សហរដ្ឋអាមេរិក​ត្រូវការ​ថវិកា​ប្រមាណ ១.៧ ប៊ី​លាន​ដុល្លារ ក្នុង​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​តំបន់ ហើយពី ២០០៧ ដល់​ឆ្នាំ​២០១៧ សហរដ្ឋអាមេរិក បាន​គាំទ្រ​ថវិកា​ប្រមាណ  ១១៩ ប៊ី​លាន​ដុល្លារ ក្នុងការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ នៅក្នុង​តំបន់​»​។​


 
​ទីប្រឹក្សា​ផ្នែក​សេដ្ឋកិច្ច​នៃ​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​ហ្វីលីពីន បន្ថែមទៀតថា​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្ស​មកនេះ សហរដ្ឋអាមេរិក បានចាត់ទុក អាស៊ាន ក៏ដូចជា​អាស៊ី​ប៉ាស៊ីហ្វិក​ជា​តំបន់​អាទិភាព​ដែល​សំខាន់​ខ្លាំងណាស់ សម្រាប់​អាមេរិក ហើយ​មហាអំណាច​មួយ​នេះ ក៏​នឹង​នៅតែ​បន្ត​ផ្តល់​សារៈ និង​យកចិត្តទុកដាក់​ចំពោះ​ការគាំទ្រ​របស់ខ្លួន​នៅក្នុង​តំបន់​មួយ​នេះដែរ​។​
 
​ហេតុអ្វី​ហេដ្ឋារចនាសម្ព័ន្ធ​មាន​សារៈសំខាន់​?
 
​លោក Rana Hasan ប្រធានផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសូចនាករ នៃនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការតំបន់ របស់ធនាគារអភិវឌ្ឍន៍អាស៊ី បាន​លើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធ មាន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​។ លោក Rana អត្ថាធិប្បាយ​បន្តថា ប្រទេស​ដែលមាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អប្រសើរ ប្រជាជន​ក៏មាន​ចំណូល​ល្អ ហើយ​ប្រទេស​នោះ នឹងមាន​ការអភិវឌ្ឍ​ន៍​លឿន និង​ក៏​អាច​កាត់បន្ថយ​ភាពក្រីក្រ​បាន​ឆាប់រហ័ស​ផងដែរ​។​
 
br />
 
​លោក ពន្យល់​បន្ថែម​៖ «​នៅពេលដែល​យើង​មើល​ឲ្យ​លម្អិត យើង​នឹង​ឃើញថា បណ្តាញ​ផ្លូវ បាន​ភ្ជាប់​ទីផ្សារ​។ ភ្ជាប់​អ្នករស់នៅ​ជនបទ ទៅកាន់​ទីប្រជុំជន និង​ទីក្រុង​ធំៗ​។ ថាមពល​ដែល​សាងសង់​នៅ​ទីក្រុង​ធំៗ វា​ក៏បាន​ត​ភ្ជាប់​ទៅ​តំបន់​ជនបទ​។ ចំណែកឯ​វិស័យ​ដឹកជញ្ជូន​វិញ ក៏មាន​ឥទ្ធិពល​វិជ្ជមាន​ខ្លាំង​ផងដែរ​។ បើ​យើង​មើល​លើ​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ  ក៏​ជា​ចំណុច​ដែល​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ដែរ​»​។ 
 
​សម្រាប់​អ្នកជំនាញ​រូបនេះ ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ គឺ​ត្រូវការ​ការចូល​រួមទាំង​ពី​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​។ ហើយ​កន្លងមក ADB ដែល​ក៏បាន​ជ្រោមជ្រែង​ច្រើន​ដែរ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នេះ​។ ADB ធ្វើការ​ជាមួយ​ភ្នាក់ងារ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​ជួយ​រៀបចំ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ល្អប្រសើរ​, ការអភិវឌ្ឍន៍​ការ​រចនា​ហេដ្ឋារចនាសម្ព័ន្ធ និង​ការប្រតិបត្តិ​ដែល​ល្អប្រសើរ​។  នេះ​ជាការ​បន្ថែម​របស់លោក  Rana Hasan​។ 
 
​ការប្រែប្រួល​អាកាសធាតុ ជា​បញ្ហា​ប្រឈម​ចម្បង​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​
 
​ក្រៅ​តែ​លើកឡើង​ពី​សារៈសំខាន់​របស់​ហេ​ដ្ឋា​សម្ព័ន្ធ​នៅក្នុង​សេដ្ឋកិច្ច លោក Rana Hasan ក៏បាន​បង្ហាញ​បញ្ហា​ប្រឈម​មួយ​ចម្បង ដែល​រាំងស្ទះ​ដល់​ការអភិវឌ្ឍន៍​ហេ​ដ្ឋា​សម្ព័ន្ធ នោះ​គឺ​ការប្រែប្រួល​អាកាសធាតុ​។ លោក បញ្ជាក់ថា  អាស៊ាន ក៏​ជា​តំបន់​ដែល​កំពុងតែ​ទទួលរង​គ្រោះ ដោយសារ​ការប្រែប្រួល​អាកាសធាតុ​ដែរ​។ ដូច្នេះ​អាស៊ាន ក៏ត្រូវ​តែមាន​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​និរន្តរភាព  ដើម្បី​ទប់ទល់​នឹង​ការប្រែប្រួល​អាកាសធាតុ​។ 
 
​អ្នកស្រី Cleo Kawawaki អគ្គនាយករង​គ្រប់គ្រង ADB ក៏បាន​លើកឡើង​ពី​ភាពអវិជ្ជមាន​នៃ​ការប្រែប្រួល​អាកាសធាតុ​នេះ ចំពោះ​ហេដ្ឋារចនាសម្ព័ន្ធ​ដែរ​។ អ្នកស្រី Cleo Kawawaki  លើកឡើងថា ការ​រចនា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ គឺ​សំខាន់​ខ្លាំងណាស់​។ 


 
«​វា​ពិតជា​គួរ​ឲ្យ​សោកស្តាយ បើ​យើង​សង់ស្ពាន ពេល​ទឹកជំនន់​ជន់​លិច វា​ត្រូវ​បំផ្លាញ​អស់ ហើយ​យើង​ត្រូវ​ស្ពាន​ម្តងទៀត​។ យើង​មិនអាច​មិន​សង់​នោះទេ អីចឹង​យើង​ចំណាយ​ប្រាក់​ច្រើន​»​។ នេះ​ជាការ​រៀបរាប់​របស់ អ្នកស្រី Cleo Kawawaki  មុននឹង​លើកឡើង​បញ្ហា​ប្រឈម​ចំនួន​២​ទៀត ដែល​អាស៊ាន​ជួបប្រទះ​ដែរនោះ​។ ទី​១ គឺ​អាស៊ាន មាន​តម្រូវការ​ហិរញ្ញវត្ថុ​ដ៏​ច្រើន​ក្នុង​ចំនួន​ដ៏​ច្រើន​ក្នុង​មួយឆ្នាំៗ ពោលគឺ​ចន្លោះ ២០០ ប៊ី​លាន​ដុល្លារ និង ៣ ទ្រី​លាន​ដុល្លារ ក្នុង​រយៈពេល​មួយ​ទសវត្ស​ទៅមុខ ដើម្បី​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​។ បញ្ហា​ដ៏​សំខាន់​មួយទៀត នោះ​គឺ​កំណើន​ដ៏​ឆាប់រហ័ស​នៃ​មនុស្ស​ចាស់ ដែល​ទាមទារ​ឲ្យ​តំបន់​នេះ យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សេវា​សុខភាព​សាធារណៈ និង​សន្តិសុខ​សង្គម​ដែល​ល្អប្រសើរ​។​
 
​សម្រាប់​អ្នកជំនាញ​របស់ ADB លើកឡើង​ដូចគ្នា​ថា ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​គឺ​ចាំបាច់​បំផុត​សម្រាប់​សេដ្ឋកិច្ច​អាស៊ាន ប៉ុន្តែ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវតែមាន​និ​ន្ត​រ​ភាព ដែល​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​។ ហើយ​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ដែលមាន​និ​ន្ត​រ​ភាព គឺ​ត្រូវការ​ការចូល​រួមទាំង​ពី​វិស័យ​សាធារណៈ និង​វិស័យ​ឯកជន​។ នេះ​ជាការ​បញ្ជាក់​របស់ លោក Rana Hasan ៕

Tag:
 ADB
 ​ហេដ្ឋារចនាសម្ព័ន្ធ​
 ​ស្ថានទូត​អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com