ONE Championship
កីឡាជាតិ
ជាតិ
សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ​ខេត្តបាត់ដំបង រៀបចំ​ឲ្យ​ដូច​សង្វៀន ONE
20, Jun 2019 , 8:29 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​

​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ (Ek Phnom Kun Khmer Arena) បាន​ផ្លាស់ប្ដូរ​ក្បួនច្បាប់ ឬ គោលការណ៍​មួយចំនួន​ឲ្យ​ដូច​សង្វៀន​កម្រិត​អន្តរជាតិ ONE Championship ដោយ​ផ្លាស់​ពី ៥ ទឹក​មក​ត្រឹម ៣​ទឹក​ចាប់ពី​ថ្ងៃទី​៣០ ខែមិថុនា​តទៅ​។ នេះ​ជាការ​បញ្ជាក់​របស់លោក Matias Andrés អ្នកគ្រប់គ្រង​ទូទៅ​នៅ​សង្វៀន​ខាងលើ​បន្ទាប់ពី​ដំណើរការ​ប្រកួត​លក្ខណៈ​ជាតិ និង​អន្តរជាតិ​អស់​រយៈពេល​ជាង ៤ ខែ​មក​។


 
​លោក Matias Andrés បានបញ្ជាក់​អំពី​ការផ្លាស់ប្ដូរ​ពី ការប្រកួត​៥​ទឹក​មក​ប្រកួត​៣​ទឹក​យ៉ាង​ដូច្នេះ ៖«​សង្វៀន Ek Phnom Kun Khmer Arena ចង់ឃើញ​គុន​ខ្មែរ​រីកចម្រើន​ទាំង​នៅក្នុង​ស្រុក និង​ឆាក​អន្តរជាតិ​។ ដើម្បី​ឈានទៅ​កម្រិត​អន្តរជាតិ គុន​ខ្មែរ​ត្រូវតែ​សម្រប និង​បង្ហាញ​អនុភាព​នៃ​ក្បាច់​វ័យ​ចំណាស់​មួយ​នេះ​។ បើសិន​យើង​មិន​សម្រប​តាម​ស្ដង់ដារ​អន្តរជាតិ នោះ​កីឡាករ​របស់​យើង​មិនអាច​រៀបចំខ្លួន​បានល្អ​ក្នុង​កម្មវិធី ONE នោះទេ ព្រោះ​កម្រិត​របស់​យើង​នៅក្រោយ​គេ​ឆ្ងាយ​»​។​


 
​អ្នកគ្រប់គ្រង​ទូទៅ​រូបនេះ​បាន​រៀបរាប់ថា​លោក​បាន​អញ្ជើញ​មន្ត្រី​មកពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ដើម្បី​ពិភាក្សា​អំពី​ការប្ដូរ​គោលការណ៍​នេះ និង បាន​ចែករំលែក​អំពី​បទពិសោធ​ន៍​ជាច្រើន​ពីគ្នា​ទៅវិញទៅមក​កាល​ថ្ងៃទី ១ និង ២ ខែ មិថុនា កន្លងទៅ​។ ក្នុង​នោះគេ​កត់សម្គាល់​ឃើញថា អាជ្ញាកណ្ដាល និង ចៅ​ក្រុម​ទទួលបាន​ចំណេះដឹង និង សម្ដែង​ភាព​រីករាយ​ក្នុង​កិច្ចពិភាក្សា​នោះ​។  ជាមួយគ្នា​នោះ កិច្ចពិភាក្សា​នោះ​ក៏ ជជែក​អំពី​គម្រោង​ត្រូវ​ចាប់ផ្ដើម​កម្មវិធី Kun Khmer ULTRA ផងដែរ​។ ការប្ដូរ​ពី ៥ ទឹក​ទៅ ៣​ទឹក​ក៏​ជា​ជំហាន​ដំបូង​ដើម្បី​ឆ្ពោះទៅ​កម្មវិធី Kun Khmer ULTRA ទៀតផង​។​
 
​អ្នកគ្រប់គ្រង​ដែលជា​អតីត​ការី​និពន្ធ​ព័ត៌មាន​កីឡា​នៅ ONE Championship បាន​សង្កត់ធ្ងន់ថា ៖«​ការប្រកួត​៥​ទឹក គឺ​បញ្ចប់ទៅ​យឺត​។ វា​មិនមែន​ងាយស្រួល​ទេ​ព្រោះ​ប្រើពេល​ដល់ ១៥ នាទី​។ ខ្ញុំ​យល់ឃើញ​បែបនេះ​។ ប៉ុន្តែ​បើសិន​វ៉ៃ​ត្រឹម ៣ ទឹក​គឺមាន​កម្លាំង​ពេញ​តែម្ដង​និង​ការ​ទស្សនា​ក៏​រំភើប​ទៅតាម​ហ្នឹង​។ យើង​ចង់​ឲ្យ​ការ​ទស្សនា​គុន​ខ្មែរ​គឺ​រំភើប​ញាប់​ញ័រ និង ទាក់ទាញ​អ្នកគាំទ្រ​មក​ទស្សនា​ច្រើន​នៅ​សង្វៀន​របស់​យើង​។ ពេល​មានការ​គាំទ្រ​កាន់តែច្រើន យើង​រឹត​តែមាន​កីឡាករ​ល្អៗ​កាន់តែច្រើន​ដែរ​។ នេះហើយ​ជំហាន​ត្រូវ​ដើរ​»​។​


 
​អ្នកគ្រប់គ្រង​សញ្ជាតិ​ឈី​លី ជឿជាក់​យ៉ាង​ដូច្នេះ ៖«​ខ្ញុំ​រៀបចំ​ឲ្យ​គុន​ខ្មែរ​ល្អប្រសើរ​លើ​ហេតុផល​ជាច្រើន​ដូចជា សប្បាយ​នឹង​ការ​ទស្សនា​សម្រាប់​អ្នកគាំទ្រ​, កីឡាករ​វ៉ៃ​កាន់តែខ្លាំង​ជាង​មុន​, និង កីឡាករ​របស់​យើង​ប្រកួត​បានល្អ​នៅ​សង្វៀន ONE Championship និង​សង្វៀន​អន្តរជាតិ​នានា​»​។ លោក​ដឹង​ដែរ​ថា តាមពិត​មនុស្ស​មួយចំនួន​មិនត្រូវ​ការផ្លាស់ប្ដូរ​ទេ និង មិនបាន​តម្រូវ​ចិត្ត​ឲ្យ​ត្រូវ​គ្រប់គ្នា​ដែរ ប៉ុន្តែ​នេះ​ជា​អ្វីដែល​គុន​ខ្មែរ​ត្រូវ​ដើរទៅ​លើ​ឆាក​អន្តរជាតិ​។ យ៉ាងណាក៏ដោយ​លោក​រំពឹង​យ៉ាង​មុតមាំ​ថា កម្ពុជា​នឹង​គាំទ្រ​គំនិត​នេះ និង​រួមចំណែក​ដើម្បី​នាំ​គុន​ខ្មែរ​ទៅ​ឆាក​អន្តរជាតិ​បានល្អ​ជាង​មុន ក៏ដូចជា​បង្ហាញ​វប្បធម៌​របស់​ខ្មែរ​ទៅកាន់​ពិភពលោក​។​
 
​គួរ​ដឹង​ដែរ​ថា «​សង្វៀន​ប្រដាល់​គុន​ខ្មែរ​ឯក​ភ្នំ​» ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រកួត​ជា​ផ្លូវការ​នៅ​ដើមខែ កុម្ភៈ ឆ្នាំ ២០១៩​នេះ​។ នេះ​ជាការ​រួមចំណែក​មួយ​ដើម្បី​លើកកម្ពស់​ក្បាច់គុន​ខ្មែរ មិន​ត្រឹមតែ​នៅ​ខេត្តបាត់ដំបង​ប៉ុន្តែ ទូទាំងប្រទេស​ក្នុងការ​ផ្ដួចផ្ដើម​នេះ​។ ក្នុងនោះ​កីឡាករ និង ក្លិប​ប្រដាល់​នៅ​ខេត្តបាត់ដំបង​ក៏​កំពុង​សស្រាក់សស្រាំ​កាន់តែ​អភិវឌ្ឍ​ឈានមុខ​។ ហើយ​ដំណើរ​ថ្មី​នេះ នឹងធ្វើ​ឲ្យ​កីឡាករ​កាន់តែ​មានបទពិសោធន៍​ប្រកួត​ជោកជាំ​ដូច​លើស​ង្វៀន​លំដាប់​ពិភពលោក ONE Championship ដែរ​៕

Tag:
 MMA
© រក្សាសិទ្ធិដោយ thmeythmey.com