ជាតិ
គន្ធបុប្ផា៖ គ្រុនឈាមផ្ទុះឡើងគួរឲ្យកត់សម្គាល់លើកុមារ អាណាព្យាបាលត្រូវប្រយ័ត្ន រូបភាពពីមូនិធិគន្ធបុប្ផាកម្ពុជា
× របាយការណ៍ប្រចាំថ្ងៃ សម្រាប់ថ្ងៃទី១៧មិថុនា ស្តីពីចំនួនកុមារដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង បានបង្ហាញថា មានកុមារដល់ទៅជិត៧០០នាក់ ដែលកើតជំងឺគ្រុនឈាម ក្នុងចំណោមកុមារជាង៧ពាន់នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។
តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន បានសរសេរថា ជំងឺគ្រុនឈាម បានផ្ទុះឡើងគួរឲ្យសម្គាល់។ មន្ទីរពេទ្យគន្ធបុប្ផា អំពាវនាវថា «សូមអាណាព្យាបាលទាំងអស់ មេត្តាប្រុងប្រយ័ត្ននិងចូលរួមទប់ស្កាត់ជំងឺគ្រុនឈាមតាមរយៈការការពារកុមារកុំឲ្យមូសខ្លាខាំ»។
កាលពីថ្ងៃទី១៧មិថុនា លោក អ៊ុក សុមេធា ប្រធានមន្ទីរពេទ្យខេត្តឧត្តរមានជ័យ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា មានកុមារជាង១០០ ដែលកំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ដោយក្នុងនោះ មាន៧០ភាគរយ ដែលកើតជំងឺគ្រុនឈាម។
រីឯមន្ទីរពេទ្យខេត្តរតនគិរី កាលពីថ្ងៃទី៣មិថុនា មានកុមារកើតជំងឺគ្រុនឈាមជាង៨០នាក់។ នេះបើតាមការបញ្ជាក់របស់អភិបាលខេត្តរតនគិរី លោក ថង សាវុធ។
ថ្មីៗនេះ ក្រសួងសុខាភិបាល ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នពីការកើតជំងឺគ្រុនឈាមផងដែរ៕
Tag:
គ្រុនឈាម
កុមារ
មន្ទីរពេទ្យគន្ធបុប្ផា
© រក្សាសិទ្ធិដោយ thmeythmey.com