ភ្នំពេញ៖ ដោយសម្លឹងឃើញឱកាសទីផ្សារធ្យូងអនាម័យ អាចឈរជើងបានយូរអង្វែង និងអាចជំនួសធ្យូងឈើនៅថ្ងៃអនាគត លោក អេង រិទ្ធី បានសម្រេចចិត្តបោះបង់អាជីពជាងជួសជុលរថយន្ត មកបង្កើតសិប្បកម្មកែច្នៃធ្យូងអនាម័យ ដែលលោកបានរៀនអីអ្នកជំនាញនៅប្រទេសថៃ។ ម្ចាស់សិប្បកម្មនៅខេត្តក្រចេះ រូបនេះ អាចផលិតធ្យូងអនាម័យបាន ១តោនក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារ។ បើទោះជា ទីផ្សារធ្យូងអនាម័យដែលលោក រិទ្ធី ច្នៃពីត្រឡោកដូងនិងសំបកផ្លែឈើ មិនទាន់ទូលាយនិងមានតម្លៃថ្លៃជាងធ្យូងឈើពាក់កណ្តាលក៏ដោយ ក៏អ្នកជំនួញវ័យ៣៥ឆ្នាំ អេង រិទ្ធី ចង់ឃើញម្ចាស់សិប្បកម្មធ្យូងធ្វើពីឈើទាំងអស់ ត្រឡប់មកច្នៃជាធ្យូងអនាម័យវិញ ដើម្បីលើកម្ពស់ទីផ្សារធ្យូងអនាម័យ, ចូលរួមការពារព្រៃឈើ និងបរិស្ថាននៅកម្ពុជា។
លោក អេង រិទ្ធី សម្រេចចិត្តបោះបង់ការងារជាងជួលជុលរថយន្ត ងាកមកធ្វើជំនួញធ្យូងអនាម័យវិញ ដោយលោក រិទ្ធី មើលឃើញឱកាសទីផ្សារធ្យូងអនាម័យ, អត្ថប្រយោជន៍នៃការប្រើប្រាស់ និងសម្បូរវត្ថុធាតុដើមក្នុងការផលិតធ្យូងអនាម័យនេះផង។ «ធ្យូងអនាម័យ» គឺជាធ្យូងដែលប្រើប្រាស់បានយូរ អត់ផ្ទុះ អត់ហុយផ្សែង ឆេះងំបានហូរ និងមិនប៉ះពាល់ដល់បរិស្ថានដូចធ្យូងធ្វើពីឈើឡើយ។ ធ្យូងអនាម័យដែលបុរសវ័យ៣៥ឆ្នាំ រូបនេះ ផលិតគឺច្នៃមកពីត្រឡោកដូង សំបកផ្លែឈើផ្សេងៗ កម្ទេចឈើដើមស្វាយចន្ទី និងដើមកៅស៊ូដែលងាប់ ឬពុកផុយ។ មានគំនិតច្នៃជាធ្យូងអនាម័យដោយប្រើធាតុផ្សំទាំងនេះ ដែលងាយស្រួលស្វែងរក ផលិត, ចំណេញដល់ការចម្អិនអាហារ និងមិនប៉ះពាល់ដល់សុខភាពផងនោះ គឺលោក រិទ្ធី រៀនពីអ្នកជំនាញនៅប្រទេសថៃ។
ប្រកបមុខរបរផលិតធ្យូងអនាម័យនេះអស់រយៈពេល៣ឆ្នាំមកហើយ ទើបលោក អេង រិទ្ធី សម្រេចចិត្តបង្កើតជាសិប្បកម្មផលិតធ្យូងអនាម័យដោយប្រើពេល៣ខែ។ ម្ចាស់សិប្បកម្មធ្យូងអនាម័យនៅខេត្តក្រចេះ រូបនេះ បានពន្យល់ ThmeyThmey25 ថា ការបង្កើតជាសិប្បកម្មធ្យូងអនាម័យតូចល្មមមួយនេះ ដើម្បីផលិតចែកចាយដល់អតិថិជនមួយចំនួននៅរាជធានីភ្នំពេញ ដែលពួកគាត់និយមប្រើប្រាស់ធ្យូងអនាម័យចម្អិនអាហារ។
លោក រិទ្ធី បានឲ្យដឹងផងដែរថា បច្ចុប្បន្ន សិប្បកម្មរបស់លោកផលិតធ្យូងអនាម័យបាន១តោនក្នុងមួយថ្ងៃ សម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារ ដោយ ១គីឡូក្រាមមានតម្លៃពី ៣,០០០រៀល ទៅ ៤,០០០រៀល តាមប្រភេទវត្ថុធាតុដើមដែលយកមកច្នៃជាធ្យូងអនាម័យនេះ។ «កាលពីពេលថ្មីៗនេះ មានអតិថិជនច្រើនគួរសមបានគ្រាំទ្រ និងទិញធ្យូងរបស់ខ្ញុំ ដោយសារពួកគាត់ស្គាល់ពីគុណភាពធ្យូងអនាម័យនេះ»។ នេះជាការបញ្ជាក់របស់អ្នកជំនួញធ្យូងអនាម័យ អេង រិទ្ធី។
(រូបលោក អេង រិទ្ធី ម្ចាស់សិប្បកម្មធ្យូងអនាម័យនៅខេត្តក្រចេះ)
បើទោះជា មិនទាន់មានទីផ្សារទូលំទូលាយ និងមានតម្លៃថ្លៃជាងធ្យូងធម្មតា (ធ្យូងធ្វើអំពីឈើ) រហូតដល់ទៅ១,៥០០រៀលក៏ដោយ ម្ចាស់សិប្បកម្មធ្យូងអនាម័យ រិទ្ធី មិនបារម្ភខ្លាំងពីការប្រកួតប្រជែងជាមួយសិប្បកិម្មធ្យូងធ្វើពីឈើឡើយ។ មិនបារម្ភខ្លាំងព្រោះលោក រិទ្ធី មើលឃើញពីឱកាសទីផ្សាររបស់អ្នកធ្វើជំនួញធ្យូងអនាម័យរូបលោក អាចនឹងឈរជើងបានយូរអង្វែងជាង ហើយអាចនឹងជំនួសធ្យូងឈើនៅថ្ងៃអនាគតបាន ខណៈព្រៃឈើកាន់តែសឹករេចរឹលជាបន្តបន្ទាប់។
ផ្ទុយទៅវិញ ម្ចាស់សិប្បកម្មធ្យូងអនាម័យ អេង រិទ្ធី កំពុងបារម្ភពីការកាប់បំផ្លាញព្រៃឈើយកមកដុតធ្វើធ្យូង ដោយម្ចាស់សិប្បកម្មមួយចំនួននៅកម្ពុជា នៅតែបន្តផលិតធ្យូងធ្វើពីឈើទាំងនោះ។ ដើម្បីទប់ស្កាត់ការកាប់ព្រៃឈើខុសច្បាប់ ដែលពួកគេយកមកធ្វើធ្យូង លោក រិទ្ធី សំណូមពរឲ្យម្ចាស់សិប្បកម្មទាំងនោះ ត្រឡប់មកច្នៃជាធ្យូងអនាម័យវិញ ដែលអាចធ្វើឲ្យសិប្បកម្មធ្យូងអនាម័យនៅកម្ពុជាមានសន្ទុះកាន់តែខ្លាំងឡើង ហើយចូលរួមការពារព្រៃឈើ និងបរិស្ថានបានផងដែរ។
ពីមួយថ្ងៃទៅមួយថ្ងៃ ម្ចាស់សិប្បកម្មធ្យូងអនាម័យដែលច្នៃពីត្រឡោកដូង និងសំបកផ្លែឈើជាដើម ជឿជាក់យ៉ាងមុតមាំថា៖«ទៅថ្ងៃមុខទៀត ព្រៃឈើប្រាកដ៏ជាបាត់បង់បន្តិចម្តងៗ ហើយការផលិតធ្យូងឈើនឹងថមថយ។ ដូច្នេះ យើងមានតែច្នៃធ្បូងអនាម័យដែលផលិតពីរបស់កែច្នៃទាំងនោះទេ ទើបអាចបំពេញតម្រូវការទីផ្សារនៅថ្ងៃអនាគត ជំនួសធ្យូងឈើបាន»។
«បើធ្យូងអនាម័យនឹងមានទីផ្សារកាន់តែច្រើន ខ្ញុំអាចមានលទ្ធភាពផលិតបានដល់ទៅ៥តោនក្នុងមួយថ្ងៃសម្រាប់ផ្គត់ផ្គង់។ ប៉ុន្តែ ដោយសារទីផ្សារមិនទាន់អំណោយផល ខ្ញុំគ្រាន់តែធ្វើវាសម្រាប់បំពេញតម្រូវការអាជីវករខ្នាតតូច និងលក្ខណៈគ្រួសារប៉ុណ្ណោះ»។ នេះជាការអះអាងរបស់អ្នកជំនួញធ្យូងអនាម័យ អេង រិទ្ធី ដែលបច្ចុប្បន្ន ថ្វីត្បិតមិនទាន់ទទួលបានផលចំណេញច្រើន និងផ្គត់ផ្គង់នៅលើទីផ្សារបានទូលំទូលាយក៏ដោយ៕