ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចូលចិត្ត​កេះ​អាចម៍ច្រមុះ មិន​ត្រឹមតែ​ជា​ទម្លាប់​អាក្រក់​ទេ តែ​ក៏​គ្រោះថ្នាក់​ចំពោះ​សុខភាព​ដែរ​
20, Jun 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​យើង​គ្រប់គ្នា​តែងតែមាន​ហើយ​នូវ​ទម្លាប់​អាក្រក់​ជាច្រើន​។ អ្នកខ្លះ​ចូលចិត្ត​កន្ទ្រាំ​ជើងពេល​កំពុងតែ​អង្គុយ​ញ៉ាំ​អី ខណៈពេលដែល​អ្នកខ្លះ​ទៀត​ចូលចិត្ត​មើល​ទូរទស្សន៍​យូរៗ និង​ច្រើន​ម៉ោង​។ អ្នក​ខ្លះទៀត​ចូលចិត្ត​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ ខណៈពេលដែល​ខ្លះទៀត​ចូលចិត្ត​ហាលថ្ងៃ​យូរៗ​។ ប៉ុន្តែ​ចំពោះ​ប្រធានបទ​របស់​យើង​នៅពេលនេះ​គឺ​ចង់​និយាយថា ការដែល​ចូលចិត្ត​កេះ​អាចម៍ច្រមុះ​មិន​ត្រឹមតែ​ជា​ទម្លាប់​អាក្រក់​ទេ តែ​ក៏​ផ្តល់​គ្រោះថ្នាក់​ចំពោះ​សុខភាព​ដែរ ដោយ​មិន​ខ្វល់​ថា​ធ្វើ​វា​ពេល​នៅតែ​ឯង ឬ​នៅពេល​មាន​មនុស្ស​ជុំវិញខ្លួន​ឡើយ​។ បើសិនជា​អ្នក​កំពុងតែ​រអៀសខ្លួន​ហើយ​គួរតែ​អាន​បន្តទៀត​!!


 
​អ្នកជំនាញ​និយាយថា ការ​កេះ​អាចម៍ច្រមុះ​មិន​ត្រឹមតែ​ជា​ទម្លាប់​អាក្រក់​ទេ តែ​ក៏​ធ្វើ​ឲ្យ​សុខភាព​រង​ការប៉ះពាល់​ដែរ​។ រឿងនេះ​កើតឡើង​ជាពិសេស​បើសិនជា​អ្នកមាន​ទម្លាប់​អាក្រក់​មួយ​ផ្សេងទៀត​ជាមួយ​ផង​ដូចជា ការ​ខាំ​ក្រចកដៃ​លេង​ជាដើម​។ មែនហើយ មនុស្ស​គ្រប់គ្នា​ដឹង​ហើយ​ថា ពួកគេ​កេះ​អាចម៍ច្រមុះ​ហើយ​គឺ​មិន​យកមក​ញ៉ាំ​ឡើយ តែ​អ្នកខ្លះ​ក៏បាន​ញ៉ាំ​វា​រួចទៅហើយ​។​
 
​អ្វីដែល​ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ខ្លាំង​បំផុត​នោះ​គឺថា នៅលើ​ស្បែក​របស់​មនុស្ស​យើង​មាន​មេរោគ​ទំ​នៅ​ច្រើនណាស់​។ ថ្វីបើ​វា​គឺជា​រឿង​ធម្មតា​ដែល​យើង​មើល​មេរោគ​នោះ​មិនឃើញ​ក៏ដោយ តែ​វា​ពិតជា​អាចធ្វើ​ឲ្យ​មាន​ជំងឺ​បាន​បើសិនជា​មិនមាន​ការប្រុងប្រយ័ត្ន​។ បើសិនជា​មេរោគ​ទាំងនោះ​បំបែក​កូនចៅ​របស់​វា​ច្រើន​រហូតដល់​មិនអាច​គ្រប់គ្រង​បាន និង​ចូលក្នុង​ខ្លួន​របស់​យើង​តាមរយៈ​ស្បែក​ដែល​រហែក នោះ​អ្នក​អាច​នឹងមាន​ជំងឺ​បាន​។ 
 
​នៅលើ​ស្បែ​កមាន​មេរោគ​ខ្លាំង​មួយ​ឈ្មោះថា Staphylococcus Aureus ដែល​វា​អាច​បង្ក​ជា​ជំងឺឆ្លង​លើ​រាងកាយ​បាន ជាពិសេស​បង្ក​ជាការ​រលាក​ស្បែក ករ​ខ្ទុះ​ក្រោម​ស្បែក និង​ពុល​អាហារ​ជាដើម​។ រឿងនេះ​មិនមែន​មានន័យថា មេរោគ​នេះ​អាច​បង្ក​ជំងឺ​ខាងលើ​តាមរយៈ​ការ​កេះ​អាចម៍ច្រមុះ​ឡើយ​។ ប៉ុន្តែ​អ្វីដែល​ជាការ​ពិត​នោះ​គឺថា បាក់តេរី​មួយ​នេះ​អាច​ចូលក្នុង​ខ្លួន​មនុស្ស​យើង​យ៉ាង​ងាយ​នៅពេល​មាន​ទម្លាប់​អាក្រក់​មួយទៀត​ចូល​ជាមួយ នោះ​គឺ​ការ​ខាំ​ក្រចកដៃ​លេង​តែម្តង​។ 
 
​ទោះបីជា​យ៉ាងណាក៏ដោយ នៅពេល​អ្នក​កេះ​អាចម៍ច្រមុះ​រហូតដល់​មាន​ឈាម​តិចតួច​ចេញមក​ដោយ​មិនដឹង​ខ្លួន បាក់តេរី​ខាងលើ​នឹង​សប្បាយចិត្ត ហើយ​ចូលក្នុង​ចរន្តឈាម​អ្នក​បាន​យ៉ាង​ស្រួល និង​បង្ក​កូនចៅ​កាន់តែច្រើន រហូតដល់​កើតជា​ជំងឺ​បាន​។ 
 
​សរុបសេចក្តី​មក ការបកស្រាយ​ខាងលើ​មិនមែន​មានន័យថា អ្នក​ត្រូវ​បញ្ឈប់​ការ​កេះ​អាចម៍ច្រមុះ​ទាំងស្រុង​នោះទេ តែ​គួរ​មាន​ដែន​កំណត់​ផង​។ ការ​កេះ​អាចម៍ច្រមុះ​គួរតែ​ជា​រឿង​ធម្មតា​បើសិនជា​មានការ​រមាស់ ឬ​យល់ថា​ច្រមុះ​មាន​អាចម៍​ច្រើនពេក​។ ប៉ុន្តែ​បើសិនជា​គ្មានអ្វី​កើតឡើង​ក្នុង​ច្រមុះ​ទេ គួរតែ​កុំ​យក​ម្រាមដៃ​ទៅ​កេះ​ធ្វើ​អី​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com