អន្តរជាតិ
អង់គ្លេស៖ លោក បូរីស ចនសុន សង្ឃឹមកាន់តែខ្ពស់ក្នុងការបន្តតំណែងពីលោកស្រី ម៉េយ៍ បេក្ខភាពបួននាក់ចុងក្រោយ៖ (ឆ្វេងទៅស្ដាំ) រដ្ឋមន្រ្តីមហាផ្ទៃ Sajid Javid, រដ្ឋមន្រ្តីបរិស្ថាន Michael Gove, អតីតរដ្ឋមន្រ្តីការបរទេស Boris Johnson និងរដ្ឋមន្រ្តីការបរទេសសព្វថ្ងៃ Jeremy Hunt ។ រូបភាព AFP
× នៅចក្រភពអង់គ្លេស ដំណើរការជ្រើសរើសមេដឹកនាំថ្មី ឈានជិតដល់ដំណាក់កាលចុងក្រោយហើយ។ ឆ្លងកាត់ការបោះឆ្នោតផ្ទៃក្នុងច្រើនដំណាក់កាល បេក្ខជនចំនួន១០នាក់ ត្រូវបានជម្រុះមកត្រឹម៤នាក់ប៉ុណ្ណោះ ដោយអតីតរដ្ឋមន្ត្រីការបរទេស បូរីស ចនសុន មានភាគរយខ្ពស់ជាងគេក្រោយការបោះឆ្នោតកន្លងមក ហើយត្រូវបានគេរំពឹងថា នឹងស្នងតំណែងពីលោកស្រី ថេរ៉េសា ម៉េយ៍ ។ នាយករដ្ឋមន្ត្រីថ្មី នឹងលេចមុខនៅចុងខែកក្កដាខាងមុខ។
អតីតប្រមុខការទូតអង់គ្លេស បូរីស ចនសុន កំពុងខិតជិតទៅកាន់តំណែងនាយករដ្ឋមន្ត្រីជំនួសលោកស្រី ថេរ៉េសា ម៉េយ៍ បន្ទាប់ពីទទួលសំឡេងនាំមុខគេក្នុងដំណើរការជ្រើសរើសមេដឹកនាំថ្មី។ បច្ចុប្បន្ន បេក្ខជនចុងក្រោយនៅសល់ចំនួន៤នាក់ទៀត ដែលត្រូវឆ្លងកាត់ការបោះឆ្នោតមួយជុំទៀតដើម្បីចម្រាញ់យកបេក្ខជនពីរចុងក្រោយ។ បេក្ខជនដែលឈ្នះ នឹងឡើងជាប្រធានបក្សអភិរក្ស ហើយធ្វើជានាយករដ្ឋមន្ត្រីផងដែរ។
នៅក្នុងការបោះឆ្នោតថ្ងៃទី១៩ ខែមិថុនា លោក ចនសុន ទទួលសំឡេងច្រើនជាងគេ ជាមួយនឹងសំឡេងចំនួន១៤៣ ក្នុងចំណោមសមាជិកជាន់ខ្ពស់បក្សអភិរក្សចំនួន៣១៣នាក់។ រដ្ឋមន្ត្រីការបរទេសបច្ចុប្បន្ន Jeremy Hunt នៅលំដាប់ទីពីរដោយមានសំឡេងគាំទ្រចំនួន៥៤, រដ្ឋមន្ត្រីបរិស្ថានឈរលំដាប់ទីបីមានសំឡេង៥១ និងលំដាប់ទីបួន ធ្លាក់លើរដ្ឋមន្ត្រីមហាផ្ទៃ Sajid Javid ដែលទទួលសំឡេងគាំទ្រចំនួន៣៨ ។
រដ្ឋមន្ត្រីអភិវឌ្ឍន៍អន្តរជាតិ Rory Stewart ដែលជាបេក្ខជនមានភាគរយខ្ពស់មួយដែរនោះ ត្រូវបានជម្រុះចេញពីការប្រកួតប្រជែង។ លោក Stewart ទទួលសំឡេងតិចជាងគេក្នុងចំណោមបេក្ខជនទាំង៥ ដោយទទួលបានការគាំទ្រតែ២១ សំឡេងប៉ុណ្ណោះ។
លោក ចនសុន ដែលជាអតីតអភិបាលក្រុងឡុងដ៍ផងនោះ បានមិត្តភក្តិ និងសហការីទាំងអស់ដែលបានគាំទ្រលោកក្នុងការជម្រុះជុំទីបីនេះ ដែលវាចំថ្ងៃកំណើតរបស់លោកផងដែរ។ លោកបន្តថា យើងបានដើរលើផ្លូវវែងឆ្ងាយ តែមិនទាន់ដល់គោលដៅឡើយ។ លើរឿងចាកចេញពីអឺរ៉ុប លោក ចនសុន ប្រកាន់ជំហរដាច់ខាត គឺត្រូវចាកចេញនៅត្រឹមថ្ងៃទី៣១ ខែតុលា ដែលជាកាលបរិច្ឆេទចុងក្រោយ ទោះមាន ឬគ្មានកិច្ចព្រមព្រៀងក៏ដោយ។
នៅថ្ងៃទី២០ ខែមិថុនានេះ ការជម្រុះនឹងធ្វើឡើងម្ដងទៀត ដោយរក្សាតែបេក្ខជនពីរនាក់មានសំឡេងខ្ពស់ជាងគេ ដើម្បីតទល់គ្នាទឹកចុងក្រោយ។ នៅដំណាក់ចុងក្រោយនេះ សមាជិកបក្សអភិរក្សជាង១៣ម៉ឺននាក់ទូទាំងប្រទេស នឹងបោះឆ្នោតលើបេក្ខជនទាំងពីរ។ លទ្ធផលផ្លូវការនឹងប្រកាសនៅក្នុងសប្ដាហ៍នៃថ្ងៃទី២២ ខែកក្កដា។ កិច្ចការសំខាន់របស់នាយករដ្ឋមន្ត្រីថ្មី គឺការលែងលះជាមួយសហភាពអឺរ៉ុបដែលសព្វថ្ងៃជាប់គាំងត្រឹមរដ្ឋសភាអង់គ្លេស៕
Tag:
អង់គ្លេស
បូរីស ចនសុន
ថេរ៉េសា ម៉េយ៍
© រក្សាសិទ្ធិដោយ thmeythmey.com