កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី​៖ ជប៉ុន​ឡើងទៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ ខណៈ​៦​ក្រុម​ត្រូវ​ប្រជែង​យក​លេខ​៣​ល្អ​បំផុត​២​កៅអី​
20, Jun 2019 , 11:42 am        
រូបភាព
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​ជប៉ុន​នារី​បាន​ឈានទៅ​កាន់​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ FIFA Women's World Cup ឆ្នាំ​២០១៩ បើ​ទោះ​ពួគគេ​ចាញ់​អង់គ្លេស ២-០ នា​ការប្រកួត​ជម្រុះ​តាម​ពូ​ល​ចុងក្រោយ​ក្តី​។​


 
អត្ថបទទាក់ទង
 
​ក្នុងជំនួប​លើក​ទី​៣ និង​ជាការ​ប្រកួត​កាត់សេចក្តី​ចុងក្រោយ​ពូ​ល D នា​ថ្ងៃទី​១៩ ខែមិថុនា ក្រុម​រងជើង​ឯក​ឆ្នាំ​២០១៥ ជប៉ុន​ដែលមាន​៤​ពិន្ទុ​រួចស្រេច​បាន​ចាញ់​ក្រុម​កំពូល​តារាង​អង់គ្លេស ២-០ ខណៈ​អា​ហ្ស​ង់​ទីន​បាន​ត្រឹម​ស្មើ​ជាមួយ​ស្កុ​តឡែ​ន ៣-៣​។ បើ​ទោះ​បរាជ័យ​ក្តី​ប៉ុន្តែ​ក្រុម​រហស្សនាម​សា​ម៉ូ​រ៉ៃ​នៅតែ​នាំមុខ​អា​ហ្ស​ង់​ទីន​ដែល​ឈរ​ចំណាត់ថ្នាក់​ទី​៣​ចំនួន​២​ពិន្ទុ​។ ដូច្នេះ​ក្រុម​ពី​ទ្វីបអាស៊ី​មួយ​នេះ​បាន​កៅអី​ទៅ​វគ្គ​បន្ត ខណៈ​អា​ហ្ស​ង់​ទីន​ចាំ​អ៊ុត​លេខ​៣​ល្អ​បំផុត ហើយ​ស្កុ​តឡែ​ន​ហាលអាវ​។​


 
​ជប៉ុន​ជា​ក្រុម​១៤​ហើយ​បន្ទាប់ពី​ម្ចាស់ផ្ទះ​បារាំង អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស ហូ​ឡង់ កាណាដា ស៊ុយអែត ម្ចាស់​ជើងឯក​ចាស់​អាមេរិក ន័​រ​វែ​ស អេ​ស្ប៉ា​ញ និង​ចិន​ដែល​បន្តទៅ​ជួបគ្នា​នៅ​វគ្គ​ខ្វែង​។ 
 
​ដោយឡែក​ក្រុម​ដែល​ត្រូវ​ប្រជែង​គ្នា​យក​ចំណាត់ថ្នាក់​ទី​៣​ល្អ​បំផុត​ចំនួន​២​កៅអី​ទៀត​គឺមាន​៦​ក្រុម ក្នុងនោះ​រួមមាន​នី​ហ្សេ​រី​យ៉ា​ដែលមាន​៣​ពិន្ទុ​ពូ​ល A អា​ហ្ស​ង់​ទីន​មាន​២​ពិន្ទុ​ពូ​ល D កា​មេ​រូ​ន​និង​នូ​វែ​ល​សេ​ឡង់​ដែលមាន​សូន្យ​ពិន្ទុ​ដូចគ្នា​ត្រូវ​ប៉ះគ្នា​នៅ​ជំនួប​ចុងក្រោយ​ពួ​ល E ព្រមទាំង​ស៊ី​លី​និង​ថៃ (​សូន្យ​ពិន្ទុ​) ក៏ត្រូវ​ប្រជែង​គ្នា​ដណ្តើមយក​៣​ពិន្ទុ​នា​ការប្រកួត​ចុងក្រោយ​ពូ​ល F ផងដែរ​។ 
 
​ក្នុងចំណោម​ក្រុម​ទាំង​៦​ខាងលើ​ក្រុម​ពី​តំបន់​អាហ្វ្រិក​នី​ហ្សេ​រី​យ៉ា​មានប្រៀប​ជាងគេ​សម្រាប់​កៅអី​ទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​ពិភពលោក​លោក​ផ្នែក​នារី​ដែល​បារាំង​ទទួល​សិទ្ធិ​ធើ្វ​ម្ចាស់ផ្ទះ​ឆ្នាំ​២០១៩​នេះ​៕

Tag:
 បាល់ទាត់​
  World Cup Women
© រក្សាសិទ្ធិដោយ thmeythmey.com