ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន ម៉ានិត បដិសេធថា ខ្លួនគ្មាន​ប្រាក់​១០០​លាន​ដុល្លារ នៅក្នុង​ធនាគារ​អាមេរិក​ទេ​
20, Jun 2019 , 2:57 pm        
រូបភាព
រូបពីហ្វេសប៊ុកលោក ហ៊ុន ម៉ានិត
រូបពីហ្វេសប៊ុកលោក ហ៊ុន ម៉ានិត
ភ្នំពេញ​៖ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច​របស់​ក្រសួងការពារជាតិ លោក ហ៊ុន ម៉ានិត បដិសេធថា គ្មាន​ប្រាក់​១០០​លាន​ដុល្លារ នៅក្នុង​ធនាគារ​អាមេរិក​ឡើយ​។ ការបដិសេធ​នេះ ធ្វើឡើង​បន្ទាប់ពី​លោក ម៉ានិត បានឃើញ​ព័ត៌មាន​និយាយ​ពី​ទ្រព្យសម្បត្តិ​លោក នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។​


 
​លោក ហ៊ុន ម៉ានិត ដែលជា​កូនប្រុស​ទី​ពីរ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុក​ព័ត៌មាន​ដែល​បង្ហោះ​ចែកចាយ​លើ​បណ្ដាញ​សង្គម​នេះ គឺជា​រឿង​មិន​ពិត ដែល​បង្កើតឡើង​ដោយ​ក្រុមប្រឆាំង​រដ្ឋាភិបាល​។ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​នោះ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ស្រាវជ្រាវ​ចារកិច្ច របស់​ក្រសួងការពារជាតិ​រូបនេះ បាន​ប្រតិកម្ម​តប​យ៉ាង​ដូច្នេះ​ថា​៖« ថ្មីៗ​នេះ ខ្ញុំ​បានឃើញ​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​នឹង​គណនី​ធនាគារ​មួយ​របស់​អាមេរិក​ដែល​ប្រើ​ទាំង​ឈ្មោះ​ខ្ញុំ ទាំង​ឈ្មោះ​ប្អូនស្រី​ខ្ញុំ ថា​មាន​ទឹកប្រាក់​នៅក្នុង​នោះ​ទៅដល់ ១០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ម្នាក់ៗ​។ ព័ត៌មាន​មិន​ពិត​នេះ​គឺ​បាន​បង្កើតឡើង​ដោយ​ក្រុមប្រឆាំង ក្នុង​គោលបំណង​បង្ខូចឈ្មោះ លាប​ពណ៌ បង្កើតជា​ការសង្ស័យ ពីសារ​ធា​រណ​ជន​។ អ្នក​ដែល​ចេញ​ព័ត៌មាន​មិន​ពិត​នេះ​មុនគេ គឺ​មកពី​អតីត​គណបក្ស​ព្រះអាទិត្យ​លិច​និង​តំណាង​«​ខ្ញុំ​ខ្មែរ​» ឈ្មោះ Tor Nimol»​។​
 
​ក្រោយពី​ច្រានចោល​ព័ត៌មាន​ខាងលើ​នេះហើយ កូនប្រុស​របស់​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​រូបនេះ ថែម​ទាង​អះអាង​ទៀតថា ក្រុមប្រឆាំង​រដ្ឋាភិបាល តែងតែ​បង្កើត​ព័ត៌មាន​ក្លែងក្លាយ ដើម្បី​សាធារណៈ​ស្អប់​គ្រួសារ​លោក ក្នុង​គោលបំណង​វាយប្រហារ​មកលើ​ការដឹកនាំ​រដ្ឋាភិបាល​។ លោក ហ៊ុន ម៉ានិត ក៏​គ្រោង​ប្ដឹង​ផ្លូវច្បាប់​លើ​អ្នក​បង្ហោះ​ព័ត៌មាន ពី​ទ្រព្យសម្បតិ​ខ្លួន​ដែរ​។​
«​ខ្ញុំ​កំពុងតែ​ពិចារណា​ថា​តើ គួរប្រើ​នីតិវិធី​ច្បាប់​ជាមួយ​អង្គការ «​ខ្ញុំ​ខ្មែរ​» នេះ ឬក៏​ទុកចោល​? ដោយសារ​ករណីបែបនេះ​មិនមែនជា​លើក​ទី ១ ទេ ដែល​កន្លងមក​ក្រុមប្រឆាំង​ប្រើ​ព័ត៌មាន​ក្លែងក្លាយ​មកលើ​ក្រុមគ្រួសារ​ខ្ញុំ​ជា​បន្តបន្ទាប់ អស់ពី​រឿង​មួយ​ទៅ​រឿង​មួយទៀត ដែល​ខ្ញុំ​ក៏មាន​ការកោតសរសើរ​ចំពោះ​ក្រុម​នេះ​ថា​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ប្រហែលជា​គិតថា​ចំណុច​អ្វីខ្លះ គួរតែ​ចាក់រុក​»​។ នេះ​ជាការ​លើកឡើង​របស់លោក ហ៊ុន ម៉ានិត ។​
 
​កាលពីពេល​ថ្មីៗ​នេះ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះថា Tor Nimol បាន​បង្ហោះ​ទិន្នន័យ​ទឹកប្រាក់​នៅក្នុង​ធនាគារ​មួយ «TD Bank» ដោយ​អះអាងថា ទឹកប្រាក់​១០០​លាន​ដុល្លារ​នោះ គឺជា​របស់លោក ហ៊ុន ម៉ានិត​។ គណនី​ហ្វេ​ស​ប៊ុ​ក​នេះ ថែមទាំង​បង្ហោះ​រូបលោក ហ៊ុន ម៉ានិត និង​បងប្អូន​លោក  ដោយ​ភ្ជាប់​ឃ្លា​ថា «​សប្បាយ​ណាស់​! លើ​គំនរ​ដុល្លារ លើ​គំនរ​ទឹកភ្នែក​ប្រជាជន​»​៕
 

Tag:
 ​ហ៊ុន ម៉ានិត​
  ហ៊ុន សែន​
  ក្លែងក្លាយ​
© រក្សាសិទ្ធិដោយ thmeythmey.com