ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កែវ រ៉េមី ប្រាប់​ UN សិទ្ធិមនុស្ស​៖ «​ការជួបជុំ​បញ្ចេញមតិ ត្រូវបាន​ការពារ​ពេញលេញ​នៅ​កម្ពុជា​»
20, Jun 2019 , 3:03 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក កែវ រ៉េមី ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា មិន​នៅ​ស្ងៀម​ឡើយ ក្រោយ​អ្នកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង លោក ដា​វីដ កា​យ៉េ អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​លើកស្ទួយ និង​ការពារ​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា ដោយ​លើកឡើង​ពី​ការបិទ​សិទ្ធិសេរីភាព​នៅ​កម្ពុជា​។​

 
​លោក កែវ រ៉េមី បកស្រាយ​ទៅ​ពួកគេ​ថា ការដែល​សមត្ថកិច្ច​និង​តុលាការ ហៅ​អតីត​សកម្មជន​គណបក្ស​ប្រ​ឆាំង​ទៅ​សួរ​កន្លងមក មិនមែន​ជាការ​រឹតត្បិត​សំឡេង​អ្នកប្រឆាំង ឬ​ជាការ​រឹតត្បិត​សេរីភាព​នៃ​ការបញ្ចេញមតិ​នោះទេ តែ​ជាការ​អនុវត្ត​ច្បាប់​។ លោក បន្តថា ជាគោលការណ៍​ច្បាប់ និង​សិទ្ធិមនុស្ស​ជា​សាកល ការជួប​ជុំគ្នា ឬ​ការសម្តែង​មតិ​ក្នុង​ចេតនា​ទុច្ចរិត ដោយ​គាំទ្រ​ចលនា​ខុសច្បាប់ បង្ក​ភាពចលាចល និង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់ មិនមែនជា​សិទ្ធិសេរីភាព​នៃ​ការជួបជុំ​និង​ការបញ្ចេញមតិ ដែល​ត្រូវការពារ​ដោយ​ច្បាប់​នោះទេ តែ​ផ្ទុយទៅវិញ ត្រូវ​ទទួលខុសត្រូវ​តាមផ្លូវ​ច្បាប់​។​
 
​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​សរសេរ​សារ​មកកាន់​សារព័ត៌មាន​ថ្មីៗ តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ យ៉ាង​ដូច្នេះ​ថា «​ផ្ទុយស្រឡះ​ពី​ការលើកឡើង​របស់​អ្នករាយការណ៍​ពិសេស​ទាំងពីរ​រូបនេះ សេរីភាព​នៃ​ការជួបជុំ និង​ការបញ្ចេញមតិ ត្រូវបាន​ធានា និង​ការពារ​យ៉ាង​ពេញលេញ​នៅ​កម្ពុជា ដោយ​ប្រជាពលរដ្ឋ​ភាគច្រើន​លើសលប់ កំពុង​ប្រើប្រាស់​ដោយ​សេរី នូវ​បណ្តាញសារព័ត៌មាន និង​បណ្តាញ​សង្គម​ក្នុង​ការសម្តែង​មតិ​របស់ខ្លួន​តាមផ្លូវ​ច្បាប់​....»​។ 
 
​លើសពីនេះ មន្ត្រីជាន់ខ្ពស់​របស់រ​ដ្ឋា​ភិ​បាល​ដែល​ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​រូបនេះ បាន​លើក​អំណះអំណាង​ថា វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA ) ទើបនឹង​ត្រូវបាន​អនុ​ញ្ញ​ត​ឲ្យ​ដំណើរការ​ការិយាល័យ​នៅ​កម្ពុជា​ឡើងវិញ ក្រោយពី​បាន​បំពេញបែបបទ​និង​នីតិវិធី​ច្បាប់​។ 
 
​តាមរយៈ​សេចក្តីថ្លែងការណ៍ ពី​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស នៅ​ថ្ងៃទី​១៩​មិថុនា អ្នកស្រី ស្មី​ត និង លោក កា​យ៉េ បានបង្ហាញ​កង្វល់​ចំពោះ​វិធានការ​របស់​រដ្ឋាភិបាល ក្នុងការ​បំបិទ​សំឡេង​ដៃគូ​នយោបាយ និង​សំឡេង​ក្រុម​ដែលមាន​មតិផ្ទុយ​។ អ្នក​ទាំងពីរ រៀបរាប់​ពី​ចំណាត់ការ​របស់​សមត្ថ​កិច្ច និង​តុលាការ ដែល​ហៅ​អតីតមន្ត្រី​គណបក្សប្រឆាំង​ជាង​១០០​នាក់ ទៅ​សួរនាំ ក្រោយ​ពួកគេ បង្ហាញ​ការគាំទ្រ​ចំពោះ​លោក សម រង្ស៊ី និង លោក កឹម សុខា ដែលជា​មេដឹកនាំ​របស់​ពួកគេ​។ 
 
​វិធានការ​នេះ ធ្វើ​ឲ្យ​អ្នកជំនាញ​សិទ្ធិមនុស្ស​ទាំងពីរ មាន​កង្វល់​ពី​ការប្រើ​ច្បាប់ ដើម្បី​ដាក់​គោលដៅ​ទៅលើ​ការនិយាយស្តី​។ អ្នក​ទាំងពីរ សង្កត់ធ្ងន់ថា «​សិទ្ធិ​នេះ គឺជា​មូលដ្ឋានគ្រឹះ សម្រាប់​សង្គម​ប្រជាធិបតេយ្យ​។ ការ​រឹតត្បិត​លើ​សេរីភាព​បញ្ចេញមតិ ត្រូវមាន​ដែន​កំណត់ និង ត្រូវ​កំណត់​និយមន័យ​ឲ្យ​បានច្បាស់លាស់​.....»​។​
 
​បរិយាយ​ពី​បញ្ហា​ទាំងអស់​នេះហើយ អ្នកជំនាញ​សិទ្ធិមនុស្ស​ខាងលើ ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ស្តារឡើងវិញ​នូវ​ការធ្លាក់ចុះ​នៃ​សិទ្ធិ​នយោបាយ​និង​សិទ្ធិ​ជា​មូលដ្ឋាន​។ បន្ថែម​ពីនេះ ពួកគេ ក៏​បង្ហាញ​បំណង​ចង់​ឲ្យ​មាន​ការចរចា​ផងដែរ​។ 
 
​អ្នករាយការណ៍​ពិសេស​ទាំងពីរ បញ្ជាក់ថា «​ដល់​ពេលដែល​រដ្ឋាភិបាល [​ត្រូវ​] ដឹកនាំ​ឲ្យ​មានការ​ផ្លាស់ប្តូរ​វប្បធម៌​នយោបាយ ឆ្ពោះទៅរក​កិច្ចសន្ទនា​មួយ ដែល​ផ្តោតទៅលើ​បញ្ហា ជាជាង​ផ្តោតលើ​រឿង​បុគ្គល ដែល​វា ជា​វិធី​មួយ​ឈាន​ទៅមុខ និង​បង្កើត​មូលដ្ឋាន​រឹងមាំ​សម្រាប់​សន្តិភាព​យូរអង្វែង ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ការទទួលបាន​សិទ្ធិមនុស្ស​ទាំងអស់​»​។ 
 
​យ៉ាងណា អ្នកជំនាញ​សិទ្ធិមនុស្ស​ទាំងពីរ ពុំបាន​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា ត្រូវ​សន្ទនា​ជាមួយ​ភាគី​ណា​នោះទេ ប៉ុន្តែ ទំនងជា​សំដៅលើ​អតីត​ក្រុម​អ្នកប្រឆាំង ឬ​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​៕ 

Tag:
 កែវ រ៉េមី​
  រ៉ូ​ណា ស្មី​ត​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com