ជាតិ
សង្គមជាតិ
មន្ត្រីជាន់ខ្ពស់​៖ ថ្នាក់ក្រោម ឈប់​រង់ចាំ​បញ្ជា​ពី​ថ្នាក់លើ ក្នុងការ​បង្ក្រាប​គ្រឿងញៀន
20, Jun 2019 , 8:19 pm        
រូបភាព
​មន្ត្រីជាន់ខ្ពស់​ផ្នែក​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ជំរុញ​មន្ត្រី​ថ្នាក់ក្រោម​របស់ខ្លួន ឲ្យ​ធ្វើ​ប្រតិបត្តិ​ការបង្ក្រាប​ភ្លាមៗ បើ​រកឃើញថា​មានការ​ជួញដូរ ឬ​ប្រើប្រាស់​គ្រឿងញៀន​។ សមត្ថកិច្ច​ទាំងអស់​ត្រូវ​ទទួលខុស​ត្រូវ​លើ​ទឹកដី​របស់ខ្លួន ដើម្បី​សម្រេចបាន​ការលុបបំបាត់​បទល្មើស​គ្រឿងញៀន​ទាំងស្រុង នៅត្រឹម​ឆ្នាំ​២០១៩​នេះ​។

 
​លោក មាស វី​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ទទួលស្គាល់ថា នាពេល​កន្លងមក មន្ត្រី​ថា្នក់​ក្រោម​ខ្វះ​ភាពម្ចាស់ការ​លើ​ការ​នុ​វត្ត​តួនាទី​របស់ខ្លួន ក្នុងការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ដោយ​ពួកគេ​រង់ចាំ​ទាល់​តែមាន​បទបញ្ជា​ពី​ថ្នាក់លើ​។  លោក​បន្តថា ដើម្បី​សម្រេចបាន​តាម​ផែនការ​សកម្មភាព​ក្នុងការ​លុបបំបាត់​គ្រឿងញៀន​ក្នុងប្រទេស​កម្ពុជា មន្ត្រី​ថ្នាក់ក្រោម​ទាំងអស់​ឈប់​រង់ចាំ​បទបញ្ជា​ទៀត ត្រូវ​ចុះ​ធ្វើការ​ភ្លាមៗ​លើ​ករណី​រកឃើញ​បទល្មើស​គ្រឿងញៀន​។ 
 
​លោក​បាន​និយាយថា​៖«​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ខ្លះ គាត់​មិន​ម្ចាស់ការ​លើ​ការស្រាវជ្រាវ​រក​ករណី​គ្រឿងញៀន​ទេ​។ ពេលខ្លះ​គាត់​ថា រង់ចាំ​ការចង្អុលបង្ហាញ​ពី​ថ្នាក់លើ​។ ពេលនេះ​កុំ​ចាំបាច់​រង់ចាំ​ការដឹកនាំ ចង្អុល​បញ្ជា​ពីលើ​ទៀត វិភាគ​ស្រាវជ្រាវ រក​ករណី​គ្រឿងញៀន​។ បើ​រកឃើញ ដឹក​ដៃ​គ្នា​ធ្វើការ​បង្ក្រាប​។ ចាប់ពីពេលនេះ​ថ្នាក់លើ​ឈប់​ចង្អុលបង្ហាញ​ហើយ ផ្ទេរអំណាច​ទាំងអស់​ទៅ​ថ្នាក់ក្រោម​ជាតិ​»​។ 
 
​របាយការណ៍ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​នៃ​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​នា​ព្រឹក​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩ បាន​បង្ហាញថា ចាប់ពី​ខែមករា ដល់ ខែឧសភា ឆ្នាំ​២០១៩ សមត្ថកិច្ច បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប​ជាង​៣,៣​ពាន់​ករណី ឃាត់​មនុស្ស​ជាង​៧​ពាន់​នាក់ រឹបអូស​គ្រឿងញៀន​គ្រប់​ប្រភេទ​ជាង​៣០០​គីឡូក្រាម កញ្ឆា​ស្រស់​ជាង​៤,៧​ម៉ឺន​ដើម និង​សម្ភារ​មួយចំនួនទៀត​។ ហើយ​សមត្ថកិច្ច​បាន​ចាប់ខ្លួន​មេក្លោង​ជួញដូរ​គ្រឿងញៀន​ចំនួន ១២​នាក់ និង​ខ្សែរយៈ​បណ្ដាញ​ចំនួន ៥២ នាក់​។​
 
​គួររម្លឹកថា កាលពីពេល​ថ្មីៗ​នេះ សម្តេច ស ខេង រដ្ឋមន្ត្រី​មហាផ្ទៃ បានដាក់​បទបញ្ជា​ដល់​សមត្ថកិច្ច​ទូទាំងប្រទេស ត្រូវ​លុបបំបាត់​ឲ្យ​អស់​ការប្រើប្រាស់ និង​បទល្មើស​គ្រឿងញៀន នៅតាម​ទីតាំង​ខារ៉ាអូខេ និង​ក្លិប​កម្សាន្ត​៕ 
 

Tag:
 គ្រឿងញៀន​
  កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com