អន្តរជាតិ
ទៅ​កូរ៉េខាងជើង​លើកដំបូង លោក ស៊ី ជិន​ភីង ត្រូវបាន​ស្វាគមន៍​យ៉ាង​អធិកអធម​
20, Jun 2019 , 8:39 pm        
រូបភាព
មេដឹកនាំចិន និងកូរ៉េខាងជើងនាជំនួបកន្លងមក។
មេដឹកនាំចិន និងកូរ៉េខាងជើងនាជំនួបកន្លងមក។
​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង នៅ​ថ្ងៃទី​២០ ខែមិថុនា បានចាប់ផ្ដើម​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កូរ៉េខាងជើង ហើយ​ត្រូវបាន​ស្វាគមន៍​យ៉ាង​អធិកអធម​បំផុត​។ លោក ស៊ី ជា​ប្រធានាធិបតី​ចិន​ទីមួយ​ដែល​ដាក់​ជើង​ជាន់​លើទឹក​ដី​កូរ៉េខាងជើង​ចាប់តាំងពី​ឆ្នាំ​២០០៥ មក​។ ដំណើរ​ទស្សនកិច្ច​រប​ស់លោក ស៊ី ពេលនេះ មាន​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ប្រពៃណី​ទ្វេភាគី​ផង និង​ជំរុញ​ការស្វែងរក​ដំណោះស្រាយ​សម្រាប់​វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ​ផង​។​

 
​នៅ​ព្រលានយន្តហោះ​អន្តរជាតិ Sunan ក្នុង​រដ្ឋធានី​ព្យុងយ៉ាង ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង និង​ភរិយា ផឹង លី​យ័ន ត្រូវបាន​ស្វាគមន៍​ដោយផ្ទាល់​ពី​សំណាក់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​ស្ត្រី​ទីមួយ រី ស៊ុ​ល​ជូ ។ ប្រជាជន​កូរ៉េខាងជើង​ប្រមាណ​មួយ​ម៉ឺន​នាក់ ក៏បាន​ប្រមូល​ផ្ដុំគ្នា​ដើម្បី​ស្វាគមន៍​មេដឹកនាំ​ចិន ជាមួយនឹង​ការស្រែក​ជ័យ​ឃោស​ដែល​បង្ហាញ​ពី​ចំណង​ការទូត​ស្អិតល្មួត​រវាង​កូរ៉េខាងជើង និង​ចិន​។ នេះ​បើតាម​ការផ្សាយ​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន​។ 
 
​ក្រោយ​ពិធី​បដិសណ្ឋារកិច្ច​ដ៏​អធិកអធម មេដឹកនាំ​ចិន និង​កូរ៉េខាងជើង​ដែល​អមដំណើរ​ដោយ​ស្ត្រី​ទីមួយ​ទាំងពីរ ក៏​ចាកចេញ​ទៅកាន់​វិមាន Kumsusan Palace of the Sun ជាទី​រំឭក​ដល់​មេដឹកនាំ​កូរ៉េខាងជើង​ជំនាន់​។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ចិន Xinhua ផ្សាយ​ថា លោក ស៊ី ជា​មេដឹកនាំ​បរទេស​ដំបូង​គេ​ដែល​ទទួលបាន​ការស្វាគមន៍​រាក់ទាក់​ខ្លាំង​ពី​សំណាក់​កូរ៉េខាងជើង​។ 


 
​លោក ស៊ី និង​លោក គីម ក៏​ចាប់ផ្ដើម​ជំនួប​ចរចា​នៅ​រសៀល​ថ្ងៃ​ដដែល​។ ប៉ុន្តែ​មិនមាន​ព័ត៌មាន​លម្អិត​ណាមួយ​ទាក់ទង​ជំនួប​នេះឡើយ​។ អ្វីដែល​គេ​ដឹង គឺ​ក្រៅពី​ការ​រឹតចំណង​មេត្រីភាព​ទ្វេភាគី ជំនួប​មេដឹកនាំ​ចិន និង​កូរ៉េខាងជើង ក៏​នឹងមាន​ការជជែក​ពី​ការរំសាយ​នុយក្លេអ៊ែរ​ផងដែរ​។ មុន​ទៅ​កូរ៉េខាងជើង លោក ស៊ី អះអាងថា ចិន​គាំទ្រ​កូរ៉េខាងជើង​ដែល​ជ្រើសរើស​ផ្លូវត្រូវ​ដើម្បី​ដោះស្រាយ​បញ្ហា​តាមផ្លូវ​នយោបាយ និង​ការចរចា​។​
 
​ចិន ជា​សម្ព័ន្ធមិត្ត​រឹងមាំ​បំផុត​របស់​កូរ៉េខាងជើង​ក្នុង​រយៈពេល​៧០​ឆ្នាំ​នៃ​ចំណង​ការទូត ដែល​តែង​ជួយ​កូរ៉េខាងជើង​ក្នុងស្ថានភាព​លំបាក​ជាច្រើន​។ ដោយសារ​ទំនាក់ទំនង​ចាក់ទឹកមិនលិច​បែបនេះ អាមេរិក ក៏​តែង​ទទូច​ម្ដង​ហើយ​ម្ដងទៀត​ឲ្យ​ចិន​អនុវត្ត​ឲ្យ​ម៉ឺងម៉ាត់​ដំណោះស្រាយ​ដែល​ដាក់ទណ្ឌកម្ម​លើ​កូរ៉េខាងជើង ឬ​ជួយ​បន្ទន់ចិត្ត​កូរ៉េខាងជើង​ឲ្យ​បោះបង់​នុយក្លេអ៊ែរ​តាម​សម្រួល មុននឹង​មានការ​លើក​លែង​ទណ្ឌកម្ម​រាប់​ជាន់​វិញ​។​
 
​ដំណើរ​ទស្សនកិច្ច​លោក ស៊ី នៅ​កូរ៉េខាងជើង ក៏​ជា​ទំនងជា​សញ្ញា​បង្ហាញ​ទៅ​អាមេរិក​ថា ចិន​កំពុងកាន់​សន្លឹក​បៀ​ដ៏​សំខាន់​ក្នុង​ដៃ​របស់ខ្លួន ហើយ​អាច​ប្រើប្រាស់​គ្រប់ពេលវេលា​ដើម្បី​កេង​យក​ប្រយោជន៍ ខណៈ​អាមេរិក និង​ចិន​កំពុង​ប្រជែង​គ្នា​កាន់តែខ្លាំង​ឡើង​។ ជំនួប​ស៊ី​-​គីម​នៅ​ថ្ងៃទី​២០ ខែមិថុនា​នេះ ធ្វើឡើង​មួយ​សប្ដាហ៍​មុន​លោក ស៊ី ជួប​លោក ត្រាំ នៅ​ជប៉ុន​។ ឯ​លោក គីម វិញ​ក៏​ប្រើ​ជំនួប​ជាមួយ​លោក ស៊ី ដើម្បី​ធ្វើ​ខ្នងបង្អែក​តថ្លៃ​ជាមួយ​អាមេរិក​វិញ​ដែរ​៕ 

Tag:
 ចិន​
  កូរ៉េខាងជើង​
  ស៊ី ជិន​ភីង​
  គីម ជុង​អ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com