ជាតិ
សង្គមជាតិ
ក្រោយ​ឆ្នាំ​២០២១ ខណ្ឌ​៧​មករា ចំការមន ដូនពេញ ទួលគោក នឹង​លែង​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​ហើយ​
20, Jun 2019 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ខណ្ឌចំការមន ដូនពេញ ទួលគោក និង​ខណ្ឌ​៧​មករា នឹង​លែងមាន​បញ្ហា​ជន់​លិច ដោយសារ​ជំនន់​ទឹកភ្លៀង​ទៀតហើយ នៅក្រោយ​ឆ្នាំ​២០២១​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ុយ សេ​រិ​ទ្ធ អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក្នុង​កិច្ចប្រជុំ​ជំហាន​ទី​៤​នៃ​ការអនុវត្ត​ផែនការមេ​កែលម្អ​ប្រព័ន្ធ​លូ និង​ទឹក​សម្អុយ​នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​២០១៨-២០២១​។​

 
​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោ​ប​ល់ ស្តីពី​ផែនការមេ​កែលម្អ​ប្រព័ន្ធ​លូ និង​ទឹក​សម្អុយ​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២០​មិថុនា នៅ​សាលា​រាជធានី​ភ្នំពេញ អភិបាលរង​រូបនេះ​បាន​បន្តថា ទឹកជំនន់​នៅ​ភ្នំពេញ​បាន​រំដោះ​ទៅកាន់​បី​តំបន់​ផ្សេងគ្នា ដោយ​ក្នុងនោះ​មាន​បឹង​តា​មោក បឹងទំពុន និង​បឹង​ជើងឯក​ជាដើម​។​
 


 
«​ពាក់ព័ន្ធ​ទៅនឹង​ការរំដោះ​ទឹក​ដែល​សង្ឃឹមថា​ខណ្ឌ​ទាំង​បួន​នេះ លែង​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង យើង​គិតថា ចាប់ពី​ផ្លូវ​រូ​ស្សី​ទៅ​ត្បូង យើង​នឹង​រំដោះ​ទឹក​ទាំងនោះ​ទៅ​បឹងទំពុន និង​បឹង​ជើងឯក​។ ចាប់ពី​ផ្លូវ​រូ​ស្សី​ទៅ​ជើង យើង​រំដោះ​ទឹក​ក្នុង​រាជធានី​ភ្នំពេញ​ទៅ​ទម្លាក់​នៅ​បឹង​តា​មោក​។ រីឯ​ចំណុចកណ្តាល យើង​នឹង​រៀបចំ​លក្ខណៈ​ជា​បច្ចេកទេស​របស់​ជប៉ុន ដោយ​ប្រើ​អាង​រំដោះ​ទឹក​នៅតាម​ផ្ទះ​នីមួយៗ ឬក៏​៣០​ផ្ទះ​មាន​អាង​នេះ​មួយ​»​។​នេះ​ជាការ​លើកឡើង​របស់លោក ស៊ុយ សេ​រិ​ទ្ធ​។​


សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការមេកែលម្អប្រព័ន្ធលូ និងទឹកសម្អុយនៅរាជធានីភ្នំពេញ ​ដែលដឹកនាំដោយលោក នួន ផារ័ត្ន​ អភិបាលរងរាជធានីភ្នំពេញ នាថ្ងៃទី២០មិថុនា នៅសាលារាជធានីភ្នំពេញ
 
​បើតាម លោក ស៊ុយ សេ​រិ​ទ្ធ កាលពីដើម​នៅ​ផ្សារកណ្តាល ផ្សារ​ធំថ្មី នៅ​ទីស្នាក់ការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) នៅពេលដែល​ភ្លៀង​ខ្លាំង គឺ​តំបន់​នេះ​លិច​ទឹក​យ៉ាងហោចណាស់​មួយ​ព្រឹក​រហូត​ទៅ​២​ថ្ងៃ​។ ប៉ុន្តែ​បច្ចុប្បន្ន​តំបន់​ទាំងនេះ គឺ​លិច​យ៉ាងយូរ​មិន​ដល់​កន្លះ​ម៉ោង​ទេ​។ ដោយសារ​ឃើញ​ភាព​វិជ្ជមាន​ច្រើន​នេះ ទើប​លោក​សង្ឃឹមថា ក្រោយ​ឆ្នាំ​២០២១ តំបន់​ទាំងនេះ និង​តំបន់​ផ្សេងៗ​ទៀត នៅក្នុង​ចំណោម​៤​ខណ្ឌ​ខាងលើ​នឹង​លែង​លិច​ទឹក ដោយសារ​ជំនន់​ទឹកភ្លៀង​ទៀតហើយ​។ ចំណែក​ខណ្ឌ​បឹង​កេងកង ដែល​នៅជាប់​ខណ្ឌចំការមន​នោះ ក៏​អាច​ដោះស្រាយ​បញ្ហា​ទឹក​លិច​ផងដែរ​។ 
 
​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អនុវត្ត និង​សម្រេច​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​កម្ពុជា​-​ជប៉ុន (JICA) ក្នុង​គម្រោង​ផែនការមេ​កែលម្អ​ប្រព័ន្ធ​លូ និង​ទឹក​សម្អុយ​នៅ​រាជធានី​ភ្នំពេញ នៅ​ឆ្នាំ​២០៣៥​ខាងមុខ​។ ក្នុងនោះ​ភាគី​ទាំងពីរ បាន​អនុវត្ត និង​សម្រេច​នៅ​ជំហាន​ទីមួយ ក្នុង​ឆ្នាំ​២០០១-២០០៤ ជំហាន​ទី​ពីរ​ឆ្នាំ​២០០៧-២០១០ ជំហាន​ទី​បី​ឆ្នាំ​២០១២-២០១៥​។ ដោយឡែក​ជំហាន​ទី​បួន បាននិងកំពុង​អនុវត្ត ចាប់​ឆ្នាំ​២០១៨-២០២១​។ 


សិក្ខាសាលាពិគ្រោះយោបល់ ស្តីពីផែនការមេកែលម្អប្រព័ន្ធលូ និងទឹកសម្អុយនៅរាជធានីភ្នំពេញ នាថ្ងៃទី២០មិថុនា នៅសាលារាជធានីភ្នំពេញ
 
​លោក ស៊ុយ សេ​រិ​ទ្ធ បាន​បញ្ជាក់ថា ៖«​សិក្ខាសាលា​ពិគ្រោះ​យោ​ប​ល់ ស្តីពី​ផែនការមេ​កែលម្អ​ប្រព័ន្ធ​លូ និង​ទឹក​សម្អុយ​នៅ​រាជធានី​ភ្នំពេញ​នេះ គឺ​ធ្វើ​បច្ចុប្បន្នភាព និង​សិក្សា​ពី​ប្រព័ន្ធ​លូទឹក​សម្អុយ​នានា ក្នុងការ​អនុវត្ត​ជំហាន​ទី​៤​នៃ​ផែនការមេ​កែលម្អ​ប្រព័ន្ធ​លូ និង​ទឹក​សម្អុយ​នៅ​រាជធានី​ភ្នំពេញ ដែល​ទទួលបាន​ការគាំទ្រ​ថវិកា និង​បច្ចេកទេស​ពី​រដ្ឋាភិបាល​ជប៉ុន​»​។ 
 
​ក្នុង​ផែនការមេ​ដែល​កំពុង​អនុវត្ត និង​សិក្សា​បន្ត​នេះ បាន​បែក​ចែកជា​បី​តំបន់ គឺ​តំបន់​ប្រ​ព្រឹ​តិ្ត​កម្ម​ជើងឯក តំបន់​ប្រព្រឹត្តិកម្ម​តា​មោក និង​តំបន់​ប្រព្រឹត្តិកម្ម​ផ្សេងទៀត ដែល​ផ្អែក​ទៅ​ដងស៊ីតេ​ប្រជាជន និង​ការអភិវឌ្ឍ​នៅ​តំបន់​ទាំងនោះ នៅក្នុង​ឆ្នាំ​២០៣៥ ។ បើតាម​ការធ្វើ​បទ​បង្ហាញ​របស់​អ្នកជំនាញការ​JICA  តំបន់​ប្រ​ព្រឹ​តិ្ត​កម្ម​ជើងឯក មាន​ទំហំ​៤,៧០១​ហិកតា ជា​តំបន់​មាន​ប្រជាជន​ច្រើនជាង​១​លាន​នាក់​។ តំបន់​ប្រព្រឹត្តិកម្ម​បឹង​តា​មោក មាន​ទំហំ​ផ្ទៃដី ជាង​៦​ពាន់​ហិកតា ដែលមាន​ប្រជាជន​ជាង​៤៨​ម៉ឺន​នាក់​៕ 
 

Tag:
 បឹង​តា​មោក​
  បឹងទំពុន​
  ផែនការមេ​
  លូ
© រក្សាសិទ្ធិដោយ thmeythmey.com