កីឡាជាតិ
ជាតិ
លោក ឡុង សាល​វ័​ន្ដ​, ម៉​ង់ ស៊ីថន និង រាម កុសល ត្រូវ​ព្យួរការងារ​៦​សប្តាហ៍ ក្រោយ​ដាក់ពិន្ទុ​មិន​ត្រឹមត្រូវ​
20, Jun 2019 , 4:53 pm        
រូបភាព
(រាប់ពីឆ្វេងទៅស្តាំ)លោក រាម កុសល, លោក ឡុង សាលវ័ន្ត និងលោក ម៉ង់ ស៊ីថន
(រាប់ពីឆ្វេងទៅស្តាំ)លោក រាម កុសល, លោក ឡុង សាលវ័ន្ត និងលោក ម៉ង់ ស៊ីថន
ដោយ:
​ចៅក្រម​៣​រូប​រួមមាន​លោក ឡុង សាល​វ័ន្ត​, លោក ម៉​ង់ ស៊ីថន និង​លោក រាម កុសល ត្រូវបាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ព្យួរការងារ​ជាម​ន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម​ចំនួន​៦​សប្តាហ៍ បន្ទាប់ពី​រកឃើញថា ចៅក្រម​ទាំង​៣​រូបនេះ​ដាក់ពិន្ទុ​មិន​ត្រឹមត្រូវ​។ ការពិន័យ​នេះ​ធ្វើឡើង​ក្រោយ​ការតវ៉ា​របស់​កីឡាករ ឃីម ឌី​ម៉ា បន្ទាប់ពី​ចៅក្រម​កាត់ក្តី​ឲ្យ​ប្អូនប្រុស​របស់គេ គឺ​កីឡាករ ឃីម បូរ៉ា ចាញ់​កីឡាករ​ថៃ ទួន ប៉េ​(Toun Pe) នា​ជំនួប​មិត្តភាព​អន្តរជាតិ​លើស​ង្វៀន​ទូរទស្សន៍ CTN​។

 
​គណៈកម្មការ​វិន័យរ​បស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ កាលពី​ថ្ងៃទី​១៧ មិថុនា ឆ្នាំ​២០១៩ បានចេញ​សេចក្តីសម្រេច​ព្យួរការងារ​មន្ត្រី​អាជ្ញាក​ណ្ត​ល​ចៅក្រម​ទាំង​៣​រូបនេះ ក្រោយពី​ពិនិត្យ​វីដេអូ​ការប្រកួត​រវាង​កីឡាករ ឃីម បូរ៉ា ជាមួយ​កីឡាករ​ថៃ ទួន ប៉េ ឡើងវិញ ហើយ​រកឃើញថា ចៅក្រម​ទាំង​៣​នេះ ពិតជា​បាន​បង្កកំហុស​ក្នុងការ​ដាក់ពិន្ទុ​មែន​។ 
 
​ការពិនិត្យ​វីដេអូ​ឡើងវិញ​របស់​គណៈកម្មកា​រវិ​ន័យ ធ្វើឡើង​ក្រោយ​កីឡាករ ឃីម ឌី​ម៉ា ដែល​បងប្រុស​បង្កើតរ​បស់​កីឡាករ ឃីម បូរ៉ា បានដាក់​ពាក្យ​ប្តឹងតវ៉ា​ទៅកាន់​គណៈកម្មការ​រៀប​ចំការ​ប្រកួត​ប្រចាំ​សង្វៀន​របស់​ស្ថានីយទូរទស្សន៍ CTN​។ សម្រាប់​ការប្រកួត​នោះ​លោក ឡុង សាល​វ័​ន្ត លោក ម៉​ង់ ស៊ីថន និង​លោក រាម កុសល បានផ្តល់​ពិន្ទុ​ឲ្យ​កីឡាករ ទួន ប៉េ ឈ្នះ​កីឡាករ ឃីម បូរ៉ា ក្នុង​លទ្ធផល ៣-២ ខណៈ​ចៅក្រម​ពីររូប​ផ្សេងទៀត គឺ​លោក ទេស សារិន និង​លោក ម៉ាត់ សារ៉ន ផ្តល់​ពិន្ទុ​ឲ្យ ឃីម បូរ៉ា ឈ្នះ​។ 
 
​ចៅក្រម​ដែល​រង​ការពិន័យ​ទាំង​៣​ខាងលើ​បានផ្តល់​ពិន្ទុ​ឲ្យ​កីឡាករ ឃីម បូរ៉ា ឈ្នះ​ក្នុង​ទឹក​ទី​១ និង​ទី​២ តែ​ឲ្យ​ចាញ់​នៅ​ទឹក​ទី​៣ ទី​៤ និង​ទី​៥​។ ប៉ុន្តែ​ក្រោយ​ការពិនិត្យ​វីដេអូ​សកម្មភាព​ប្រកួត​ឡើងវិញ គណៈកម្មការ​វិន័យ​ពិនិត្យឃើញថា នៅ​ទឹក​ទី​៤ ដែល ឃីម បូរ៉ា វាយ ទួន ប៉េ ឲ្យ​អាជ្ញាកណ្តាល​រាប់​ដល់​៨ គឺ ឃីម បូរ៉ា ជា​អ្នកឈ្នះ​។ ក្រោយ​ពិនិត្យឃើញ​បែបនេះហើយ ទើប​គណៈ​វិន័យ​សម្រេច​ពិន័យ​អាជ្ញាកណ្តាល​ទាំងបី​រូប​ខាងលើ រយៈពេល​៦​សប្តាហ៍ ដើម្បី​ទុកពេល​ឲ្យ​សិក្សា​ក្បួនច្បាប់ និង​ក្រមសីលធម៌​នៃ​ការដាក់​ពិន្ទុ​ឡើងវិញ​៕  
 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  ឡុង សាល​វ័​ន្ត​
  ម៉​ង់ ស៊ីថន​
  រាម កុសល
© រក្សាសិទ្ធិដោយ thmeythmey.com