ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
ពី​ភូមិ​ចុងកាត់មាត់ញក យុវជន​ជនជាតិ​គ្រឹ​ង​មិន​ប្រឹង​អភិរក្ស​ប្រពៃណី​ខ្លួន ដូច​មនុស្ស​វ័យ​ចំណាស់​
20, Jun 2019 , 5:04 pm        
រូបភាព
​រតនគិរី​៖ យុវជន​ជនជាតិដើម​ភាគតិច​គ្រឹ​ង​រស់នៅ​ភូមិ​ល្អក់ ស្រុក​អូរ​ជុំ ដែលមាន​ចម្ងាយ​ប្រមាណ​២៣​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តរតនគិរី ប៉ុន្តែ​មិនមែនជា​ទីប្រជុំជន​ឡើយ​។ យុវជន​ទាំងនោះ ហាក់​មិនសូវ​យកចិត្តទុកដាក់​អភិរក្ស និង​ផ្សព្វផ្សាយ​អត្តសញ្ញាណ វប្បធម៌​ប្រពៃណី​របស់ខ្លួន​ឡើយ​។ យុវជន​ជនជាតិ​គ្រឹ​ង​នៃ​ភូមិ​ល្អក់ បាន​ផ្លាស់ប្ដូរ​ទម្លាប់​នៃ​ការរស់នៅ​ដោយ​ស្លៀក​សម្លៀកបំពាក់​ធម្មតា​ដូច​ខ្មែរ​ទូទៅ និង​ចូលចិត្ត​រាំច្រៀង​បែប​ទាន់សម័យ​ជាដើម ដែល​ផ្ទុយ​ពី​មនុ​ស្សវ័យ​ចំណាស់​នៅក្នុង​ភូមិ​របស់​ពួកគេ នៅតែ​រស់នៅ​តាម​ទំនៀមទម្លាប់​របស់​ដូនតា​គ្រឹ​ង​ដដែល​។​

 
«​បើ​ជំនាន់​ខ្ញុំ ពេល​មាន​អ្នកស្លាប់ គឺមាន​ក្រុម​សិល្បៈ​វាយគង ដើម្បី​រាំ​កំដរ​សព តែ​ក្មេង​ឥឡូវ​ក្លាយ​ចង់​អស់ហើយ ទាល់​តែមាន​ចាក់ធុងបាស​រាំ បាន​ពួកគេ​មក​រាំ​កំដរ​សព​»​។ នេះ​ជាស​ម្តី​របស់​បុរស​ជន​ជាតិ​គ្រឹ​ង​វ័យ​ជាង​៤០​ឆ្នាំ ដែល​កំពុង​រស់នៅ​ភូមិ​ល្អក់ ឃុំ​ល្អក់ ស្រុក​អូរ​ជុំ ខេត្តរតនគិរី ស្ថិតនៅ​ចម្ងាយ​ប្រមាណ​២៣​គីឡូ​ពី​ក្រុង​បាន​លុង​។​


 
​វត្តមាន​ធុងបាស កំពុង​ជំនួស​ឧបករណ៍​ភ្លេងបុរាណ​របស់​ជនជាតិ​ដើម​ភាគតិច ដែល​ស្ទើរតែ​បាត់បង់​នោះ បាន​ទាញ​ក្មេងៗ​ជនជាតិដើម​ភាគតិច​គ្រឹ​ង​ឱ្យ​ងាក​ចេញពី​ប្រពៃណី​ខ្លួន​។ លោក បៀ​ន យ៉ែម ជា​យុវជន​ជំនាន់​មុន​និង​បច្ចុប្បន្ន ជា​ក្រុមប្រឹក្សាឃុំ​ល្អក់ ស្រុក​អូរ​ជុំ​ផង​នេះ បានបង្ហាញ​ក្តីបារម្ភ​យ៉ាង​ដូច្នេះ​៖ «​សព្វថ្ងៃ ខ្ញុំ​បារម្ភ​ណាស់ ដែល​ទំនៀមទម្លាប់​រស់នៅ​ពី​ជីដូន​ជីតា​មក ឥឡូវ​បាត់បង់ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ វប្បធម៌​បរទេស​ដែល​ហូរ​ចូលមក ខ្ញុំ​កំពុងតែ​ភ័យព្រួយ​ដែល​ឃើញថា ប្អូនៗ​ឥឡូវ​មិនអាច​គ្រប់គ្រង​វប្បធម៌​ប្រពៃណី​ខ្លួនឯង​។​


 
​យ៉ាងណាក៏ដោយ ជនជាតិដើម​ភាគតិច​គ្រឹ​ង​ប្រមាណ​២០០​គ្រួសារ​រស់នៅ​ភូមិ​ល្អក់ ឃុំ​ល្អក់ ស្រុក​អូរ​ជុំ ខេត្តរតនគិរី នៅតែ​គោរព​ជំនឿ​លើ​អារក្ខ​អ្នកតា​ដែល​ថែរក្សា​ភូមិ​ស្រុក​របស់ខ្លួន ប៉ុន្តែ មិន​ប្រារព្ធ​ពិធីសែនព្រេន​ញឹកញាប់​ដូច​ពីមុន​ឡើយ ដោយ​ពួកគាត់​រៀបចំ​តែ​ពេល​មាន​ពិធីបុណ្យ​ធំៗ​ប៉ុណ្ណោះ​។​


 
​ការ​ស្លៀកពាក់​ជាទូទៅ​ដូច​ប្រជាពលរដ្ឋ​ខ្មែរ​ធម្មតា​ដែរ ពោលគឺ​យុវជន​ជនជាតិ​គ្រឹ​ង​មិន​ស្លៀក​ប៉ឹង ដែលជា​សម្លៀកបំពាក់​អត្តសញ្ញាណ​របស់ខ្លួន​ដូច​មុនៗ​ឡើយ​។ លោក បៀ​ន យ៉ែម ធ្លាប់បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗនៅក្នុងកម្មវិធី«Mercedes-Ben និងកំណប់អាថ៌កំបាំង» កាលពីខែកក្តដា ឆ្នាំ២០១៨ ​យ៉ាង​ដូច្នេះ​៖ «​បច្ចុប្បន្ន (​ប៉ឹង​) គេ​ស្លៀក​សម្រាប់តែ​កម្មវិធី​ផ្សេងៗ​ប៉ុណ្ណោះ ហើយ​មាន​មនុស្ស​ចាស់ៗ​មួយចំនួន​ប៉ុណ្ណោះ ក្រៅពីនេះ​ពួកគេ​ស្លៀកពាក់​ធម្មតា​ដូច​ជនជាតិខ្មែរ​»​។​


 
​និយាយ​ពី​ការប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ ចំពោះ​យុវជន​ជនជាតិដើម​ភាគតិច​គ្រឹ​ង ដែល​បោះបង់​ការសិក្សា​ភាគច្រើន ទៅធ្វើជា​កម្មករ​ស៊ីឈ្នួល​ធ្វើ​ចម្ការ​ឲ្យ​គេ និង​ខ្លះទៀត​ទៅធ្វើ​ចម្ការ​ជាមួយ​គ្រួសារ​។ ចំណែក​ចាស់ៗ​ដែលមាន​អាយុ​ចាប់ពី ៥០ ទៅ ៨០​ឆ្នាំ ពួកគាត់​នៅតែ​បន្តធ្វើ​ការងារ​របស់ខ្លួន ដូចជា ដាំ​ដំណាំ​នៅ​ចម្ការ ឬ​នៅក្នុង​ទីធ្លា​ផ្ទះ ធ្វើកា​ផា និង​បត​ស្រា​ពាង​ជាដើម​៕





































© រក្សាសិទ្ធិដោយ thmeythmey.com