៥​ខែ សមត្ថកិច្ច រឹបអូស​គ្រឿងញៀន​ជាង​៣០០​គីឡូក្រាម និង​ឃាត់​ខ្លួន​ជាង​៧០០០​នាក់​
ជាតិ
សង្គមជាតិ
៥​ខែ សមត្ថកិច្ច រឹបអូស​គ្រឿងញៀន​ជាង​៣០០​គីឡូក្រាម និង​ឃាត់​ខ្លួន​ជាង​៧០០០​នាក់​
21, Jun 2019 , 9:29 am        
រូបភាព
​ភ្នំពេញ​៖ សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ទូទាំងប្រទេស បាន​ចំនួន ៣៣៣៥ ករណី ហើយ​ឃាត់ខ្លួន​ជនល្មើស​បាន ៧០៩៧ នាក់ និង​ប្រមូលបាន​គ្រឿងញៀន​ចំនួន​៣១០.៩៨​គីឡូក្រាម នៅក្នុង​រយៈពេល​៥​ខែ​ដើមឆ្នាំ​២០១៩​។ នេះ​បើតាម​របាយការណ៍​ស្តីពី​លទ្ធផល​បង្ក្រាប​ការជួញដូរ ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅតាម​គោលដៅ​ក្លិប​កម្សាន្ត និង​ទីតាំង​សប្បាយ​នានា របស់​ក្រសួងមហាផ្ទៃ ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២០ ខែមិថុនា ។

 
​តាមរយៈ​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ប្រមូលបាន​ដើម​កញ្ឆា​ស្រស់ ចំនួន​៤៧,១០៣​ដើម រួមទាំង​ករណី​ជួញដូរ ២០៣៩​ករណី និង​ឃាត់ខ្លួន​មនុស្ស​បាន​៣៨៧៣​នាក់ ,​ករណី​សំយោគ​-​កែច្នៃ​១​ករណី  ករណី​ដាំ​ដុះ ១៩​ករណី ឃាត់ខ្លួន​មនុស្ស​បាន​៤​នាក់ និង​ករណី​ប្រើប្រាស់ ១២៧៦ករណី ឃាត់ខ្លួន​បាន ៣២២០​នាក់​។ 
 
​របាយការណ៍​ដដែល​បាន​បន្តថា សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនល្មើស​ទៅកាន់​តុលាការ​ចំនួន ២៣២​នាក់​, បញ្ចូនទៅ​មណ្ឌល​ព្យាបាល និង​ស្តារនីតិសម្បទា​ចំនួន​២១០៥​នាក់ និង​អប់រំ​ធ្វើ​កិច្ចសន្យា​ប្រគល់ជូន​អាណាព្យាបាល ដើម្បី​ឈានទៅ​ព្យាបាល​បន្សាប​នៅតាម​សហគមន៍​ចំនួន​៨៨៣​នាក់​។​
 
​ចំពោះ​បទល្មើស​គ្រឿងញៀន ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​នោះ គឺ​ភាគច្រើន​នៅតាម​អាជីវកម្ម ក្លិប​កម្សាន្ត និង​ទីតាំង​សប្បាយ​នានា ចំនួន ៧១១៣​ទីតាំង ដោយ​ទីតាំង​ទាំងនោះ ត្រូវបាន​សមត្ថកិច្ច​ចុះ​ផ្សព្វផ្សាយ​អប់រំ​ធ្វើ​កិច្ចសន្យា ដើម្បី​ស្នើសុំ​កិច្ចសហការ​បង្ក្រាប ទប់ស្កាត់​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​ចំនួន​៣៧៤១​កន្លែង​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងមហាផ្ទៃ​៕
 

Tag:
 គ្រឿងញៀន​
© រក្សាសិទ្ធិដោយ thmeythmey.com