ធនាគារ​វិនិយោគ​អឺរ៉ុប ផ្ដល់​កម្ចី​ជិត​១០០​លាន​ដុល្លារ សង់​រោងចក្រ​ទឹកស្អាត​បាក់​ខែង​
ជាតិ
សេដ្ឋកិច្ច
ធនាគារ​វិនិយោគ​អឺរ៉ុប ផ្ដល់​កម្ចី​ជិត​១០០​លាន​ដុល្លារ សង់​រោងចក្រ​ទឹកស្អាត​បាក់​ខែង​
20, Jun 2019 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ធនាគារ​វិនិយោគ​អឺរ៉ុប (EIB) បានផ្ដល់​កម្ចី​ថ្មី​ទំហំ ៨៥,៩​លាន​អឺរ៉ូ (​ប្រហែល​៩៦​លាន​ដុល្លារ​) ដល់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ដើម្បី​កែលម្អ​ការផ្គត់ផ្គង់​ទឹកស្អាត ទាំង​ក្នុង​និង​ជុំវិញ​រាជធានី​ភ្នំពេញ​។ គម្រោង​នេះ​ក៏​ទទួលបាន​ការគាំទ្រ​ហិរញ្ញវត្ថុ​វិនិយោគ​ឥត​សំណង​ពី​សហភាព​អឺរ៉ុប​ចំនួន ១៣,៥​លាន​អឺរ៉ូ និង​មានការ​គាំទ្រ​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ផងដែរ​។​


 
​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​រួម​របស់​ធនា​ការ EIB រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​១៨​ខែមិថុនា ការផ្ដល់​ហិរញ្ញប្បទាន​នេះ នឹង​ផ្ដល់​លទ្ធភាព​ឲ្យ​មានការ​សាងសង់​រោងចក្រ​ទឹកស្អាត​បាក់​ខែង ជាយក្រុង​ភាគ​ខាងជើង​ភ្នំពេញ ដោយ​ប្រភព​សម្រាប់​យក​ទឹក​មាន​ទីតាំង​ស្ថិតនៅ​ច្រាំង​ខាងលិច​ទន្លេ​ម​ង្គ​។ ហិរញ្ញ​វប្ប​ទាន​នេះ នឹង​ជួយ​បង្កើន​សមត្ថភាព​ផលិត​ទឹកស្អាត និង​ពង្រីក​បណ្ដាញ​ចែកចាយ​ទឹកស្អាត​ក្នុង​ក្រុងភ្នំពេញ​។ 
 
​លោក Andrew McDowell អនុប្រធាន​ធនាគារ EIB ទទួលបន្ទុក​ប្រតិបត្តិការ EIB ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា តាមរយៈ​ការផ្តល់​ទឹកស្អាត​សម្រាប់​ទទួលទាន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​ភ្នំពេញ គម្រោង​នេះ​នឹង​ជួយ​កាត់បន្ថយ​វិសមភាព និង​នាំមក​នូវ​ការរីកចម្រើន​ពិតប្រាកដ​ដល់​សុខភាព និង​ការអប់រំ​របស់​ប្រជាពលរដ្ឋ​។ លោក​ថ្លែងបន្ត​ដូច្នេះ​ថា​៖«​នេះ​គឺជា​អ្វីដែល​កើតឡើង​ពិតប្រាកដ ជាពិសេស​សម្រាប់​អ្នក​ដែល​រស់​នៅតាម​តំបន់​ក្រីក្រ​ជាងគេ​ក្នុង​ទីក្រុង ជាពិសេស​ស្ត្រី និង​ក្មេងស្រី​តូចៗ ដែល​កន្លងមក​បំពេញ​តួនាទី​ជា​អ្នក​ទៅ​ដងទឹក ហើយ​ជា​អ្នក​ដែល​ពុំមាន​លទ្ធភាព​ទទួលបាន​ទឹក ពី​ប្រភព​ទឹកស្អាត​ដែលមាន​សុវត្ថិភាព​និង​អាច​ជឿទុកចិត្ត​បាន​»​។ 
 
​លោក Andrew McDowell គូសបញ្ជាក់​យ៉ាងដូច​នេះ​ទៀតថា​៖«​គម្រោង​នេះ ក៏​នឹង​ជួយ​សហគមន៍​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ តាមរយៈ​ការការពារ​ទឹក​នៅលើ​ដី​ផងដែរ​។ ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ ដែល​បាន​ចូលរួម​ជាមួយ​គម្រោង​នេះ រួមគ្នា​ជាមួយនិង​គណៈកម្មការ​អឺរ៉ុប ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) និង​ដៃគូ​ក្នុងប្រទេស​កម្ពុជា​របស់​យើង​។ កិច្ចការ​រួមគ្នា​នេះ បានបង្ហាញ​ពី​តម្លៃបន្ថែម​ពិតប្រាកដ​នៃ​កិច្ចសហប្រតិបត្តិការ​»​។​
 
​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លើកឡើងថា គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី ៦ មាន​បញ្ចូល​ចំណុច​ដៅ ដើម្បី​ធានាឱ្យមាន​ទឹក និង​ការគ្រប់គ្រង​ទឹក​ប្រកបដោយ​ចីរភាព សម្រាប់​ទាំងអស់គ្នា​ត្រឹម​ឆ្នាំ​២០៣០​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​សហភាព​អឺរ៉ុប ប្តេជ្ញា​ជួយ​ដល់​ប្រទេស​កម្ពុជា ក្នុងការ​សម្រេច​ឱ្យបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទី ៦ តាមរយៈ​ការផ្គត់ផ្គង់​ទឹកស្អាត​ដល់ទី​ក្រុងភ្នំពេញ ដែលជា​រាជធានី​របស់​ប្រទេស​កម្ពុជា និង​ជាទី​ក្រុង​ដែលមាន​កំណើន​ប្រជាពលរដ្ឋ​ឆាប់រហ័ស​ជាងគេ​។ 
 
​លោក George Edgar បញ្ជាក់ថា ហិរញ្ញប្បទាន​វិនិយោគ​ឥត​សំណង ដែល​ផ្តល់​ដោយ​សហភាព​អឺរ៉ុប​ទៅក្នុង​គម្រោង​នេះ នឹង​ផ្ដោត​ជា​អាទិភាព​លើ​ការតភ្ជាប់​បណ្តាញទឹក​ដ​ល់​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​រស់​នៅតាម​ជាយក្រុង​និង​រស់នៅក្នុង​ទីក្រុង ដូចជា​គ្រួសារ​ដែលមាន​ស្ត្រី​ជា​មេ​គ្រួសារ​និង​មាន​ចំណូល​ទាប និង​គ្រួសារ​ដែលមាន​សមាជិក​មាន​ពិការភាព​ជាដើម​។​
 
​លោក ស៊ឹម ស៊ីថា អគ្គនាយក​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មានប្រសាសន៍ថា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ បាន​ផ្តួចផ្តើម​ដំណើរការ​ស្តារឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ខ្លួន​កាលពី ២២ ឆ្នាំមុន​។ លោក​ប្រាប់ថា កិច្ចខិតខំ​ប្រឹងប្រែង​ទាំងនេះ បានសម្រេច​នូវ​លទ្ធផល​គួរឱ្យកត់សម្គាល់​ដូចជា​៖ ទឹក​ដែល​ពុំមាន​ផ្តល់​ចំណូល​បាន ថយចុះ​ពី ៧២​ភាគរយ មក​នៅ ៨​ភាគរយ​, ចំណូល​ដែល​បាន​ពី​ការលក់​កើនឡើង ១០​ដង ហើយ​ឥឡូវនេះ​អត្រា​នៃ​ការចេញ​វិក្កយបត្រ​ទឹក កើនឡើង​កៀក​ដល់ ១០០​ភាគរយ​។ 
 
​លោក ស៊ឹម ស៊ីថា សង្កត់ធ្ងន់​ដូ​ច្នេ​ថា​ថា​៖«​លទ្ធផល​ទាំងនេះ ពុំ​អាច​សម្រេច​បានឡើយ ប្រសិនបើ​ពុំមាន​ការបន្ត​ការគាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​ដៃគូ​អភិវឌ្ឍន៍​របស់​រដ្ឋាក​រ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ​។ AFD និង EIB បំពេញ​តួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​ដល់​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ ក្នុងការ​បង្កើន​សមត្ថ​ភាព​ផលិតកម្ម និង​ចែកចាយ​ដើម្បី​បំពេញតម្រូវការ​ទឹក ដូចដែល​បាន​ព្យាករ​ក្នុង​ផែនការមេ ២០១៦-២០៣០​។ ការគាំទ្រ​នេះ បានផ្តល់​លទ្ធភាព​ឱ្យ​រដ្ឋាករទឹក​ស្វយ័ត ក្រុងភ្នំពេញ ឆ្លើយតប​ចំពោះ​កំណើន​ប្រជាសាស្ត្រ និង​កំណើនសេដ្ឋកិច្ច​ក្នុង​កម្រិត​ខ្ពស់ ជាពិសេស​នៅតាម​តំបន់​ជិតខាង​»​។​
 
​គម្រោង​ខាងលើនេះ មាន​ទិសដៅ​ស្របគ្នា​ជាមួយនិង​កម្មវិធី​ណែនាំ​ពហុ​ឆ្នាំ ២០១៤-២០២០ សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​បស់​សហភាព​អឺរ៉ុប ជាមួយនិង​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​ក្នុង​វិស័យ​ទី ១ នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​របស់​សហភាព​អឺរ៉ុប គឺ “​វិស័យ​គ្រប់គ្រង​កសិកម្ម និង​ធនធានធម្មជាតិ​” និង ស្របតាម​យុទ្ធសាស្ត្រ​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​របស់​អឺរ៉ុប សម្រាប់​កម្ពុជា ២០១៤-២០១៨ ដែល​ផ្តោតលើ​ហេដ្ឋារចនាសម្ព័ន្ធ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​៕

Tag:
 ទឹកស្អាត​
  បាក់​ខែង
© រក្សាសិទ្ធិដោយ thmeythmey.com