ភ្នំពេញ៖ ធនាគារវិនិយោគអឺរ៉ុប (EIB) បានផ្ដល់កម្ចីថ្មីទំហំ ៨៥,៩លានអឺរ៉ូ (ប្រហែល៩៦លានដុល្លារ) ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីកែលម្អការផ្គត់ផ្គង់ទឹកស្អាត ទាំងក្នុងនិងជុំវិញរាជធានីភ្នំពេញ។ គម្រោងនេះក៏ទទួលបានការគាំទ្រហិរញ្ញវត្ថុវិនិយោគឥតសំណងពីសហភាពអឺរ៉ុបចំនួន ១៣,៥លានអឺរ៉ូ និងមានការគាំទ្រពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ផងដែរ។
បើតាមសេចក្ដីប្រកាសព័ត៌មានរួមរបស់ធនាការ EIB រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងសហភាពអឺរ៉ុប នៅថ្ងៃទី១៨ខែមិថុនា ការផ្ដល់ហិរញ្ញប្បទាននេះ នឹងផ្ដល់លទ្ធភាពឲ្យមានការសាងសង់រោងចក្រទឹកស្អាតបាក់ខែង ជាយក្រុងភាគខាងជើងភ្នំពេញ ដោយប្រភពសម្រាប់យកទឹកមានទីតាំងស្ថិតនៅច្រាំងខាងលិចទន្លេមង្គ។ ហិរញ្ញវប្បទាននេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកស្អាត និងពង្រីកបណ្ដាញចែកចាយទឹកស្អាតក្នុងក្រុងភ្នំពេញ។
លោក Andrew McDowell អនុប្រធានធនាគារ EIB ទទួលបន្ទុកប្រតិបត្តិការ EIB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា តាមរយៈការផ្តល់ទឹកស្អាតសម្រាប់ទទួលទានដល់ប្រជាពលរដ្ឋក្នុងទីក្រុងភ្នំពេញ គម្រោងនេះនឹងជួយកាត់បន្ថយវិសមភាព និងនាំមកនូវការរីកចម្រើនពិតប្រាកដដល់សុខភាព និងការអប់រំរបស់ប្រជាពលរដ្ឋ។ លោកថ្លែងបន្តដូច្នេះថា៖«នេះគឺជាអ្វីដែលកើតឡើងពិតប្រាកដ ជាពិសេសសម្រាប់អ្នកដែលរស់នៅតាមតំបន់ក្រីក្រជាងគេក្នុងទីក្រុង ជាពិសេសស្ត្រី និងក្មេងស្រីតូចៗ ដែលកន្លងមកបំពេញតួនាទីជាអ្នកទៅដងទឹក ហើយជាអ្នកដែលពុំមានលទ្ធភាពទទួលបានទឹក ពីប្រភពទឹកស្អាតដែលមានសុវត្ថិភាពនិងអាចជឿទុកចិត្តបាន»។
លោក Andrew McDowell គូសបញ្ជាក់យ៉ាងដូចនេះទៀតថា៖«គម្រោងនេះ ក៏នឹងជួយសហគមន៍បន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការការពារទឹកនៅលើដីផងដែរ។ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាមួយគម្រោងនេះ រួមគ្នាជាមួយនិងគណៈកម្មការអឺរ៉ុប ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងដៃគូក្នុងប្រទេសកម្ពុជារបស់យើង។ កិច្ចការរួមគ្នានេះ បានបង្ហាញពីតម្លៃបន្ថែមពិតប្រាកដនៃកិច្ចសហប្រតិបត្តិការ»។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា លើកឡើងថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ៦ មានបញ្ចូលចំណុចដៅ ដើម្បីធានាឱ្យមានទឹក និងការគ្រប់គ្រងទឹកប្រកបដោយចីរភាព សម្រាប់ទាំងអស់គ្នាត្រឹមឆ្នាំ២០៣០។ លោកថ្លែងដូច្នេះថា៖«សហភាពអឺរ៉ុប ប្តេជ្ញាជួយដល់ប្រទេសកម្ពុជា ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី ៦ តាមរយៈការផ្គត់ផ្គង់ទឹកស្អាតដល់ទីក្រុងភ្នំពេញ ដែលជារាជធានីរបស់ប្រទេសកម្ពុជា និងជាទីក្រុងដែលមានកំណើនប្រជាពលរដ្ឋឆាប់រហ័សជាងគេ។
លោក George Edgar បញ្ជាក់ថា ហិរញ្ញប្បទានវិនិយោគឥតសំណង ដែលផ្តល់ដោយសហភាពអឺរ៉ុបទៅក្នុងគម្រោងនេះ នឹងផ្ដោតជាអាទិភាពលើការតភ្ជាប់បណ្តាញទឹកដល់ប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅតាមជាយក្រុងនិងរស់នៅក្នុងទីក្រុង ដូចជាគ្រួសារដែលមានស្ត្រីជាមេគ្រួសារនិងមានចំណូលទាប និងគ្រួសារដែលមានសមាជិកមានពិការភាពជាដើម។
លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រសាសន៍ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្តួចផ្តើមដំណើរការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនកាលពី ២២ ឆ្នាំមុន។ លោកប្រាប់ថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានសម្រេចនូវលទ្ធផលគួរឱ្យកត់សម្គាល់ដូចជា៖ ទឹកដែលពុំមានផ្តល់ចំណូលបាន ថយចុះពី ៧២ភាគរយ មកនៅ ៨ភាគរយ, ចំណូលដែលបានពីការលក់កើនឡើង ១០ដង ហើយឥឡូវនេះអត្រានៃការចេញវិក្កយបត្រទឹក កើនឡើងកៀកដល់ ១០០ភាគរយ។
លោក ស៊ឹម ស៊ីថា សង្កត់ធ្ងន់ដូច្នេថាថា៖«លទ្ធផលទាំងនេះ ពុំអាចសម្រេចបានឡើយ ប្រសិនបើពុំមានការបន្តការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ AFD និង EIB បំពេញតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការបង្កើនសមត្ថភាពផលិតកម្ម និងចែកចាយដើម្បីបំពេញតម្រូវការទឹក ដូចដែលបានព្យាករក្នុងផែនការមេ ២០១៦-២០៣០។ ការគាំទ្រនេះ បានផ្តល់លទ្ធភាពឱ្យរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ ឆ្លើយតបចំពោះកំណើនប្រជាសាស្ត្រ និងកំណើនសេដ្ឋកិច្ចក្នុងកម្រិតខ្ពស់ ជាពិសេសនៅតាមតំបន់ជិតខាង»។
គម្រោងខាងលើនេះ មានទិសដៅស្របគ្នាជាមួយនិងកម្មវិធីណែនាំពហុឆ្នាំ ២០១៤-២០២០ សម្រាប់កិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុប ជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងវិស័យទី ១ នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់សហភាពអឺរ៉ុប គឺ “វិស័យគ្រប់គ្រងកសិកម្ម និងធនធានធម្មជាតិ” និង ស្របតាមយុទ្ធសាស្ត្រស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អឺរ៉ុប សម្រាប់កម្ពុជា ២០១៤-២០១៨ ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន៕