កីឡាជាតិ
ជាតិ
កីឡាករ​៤៨​រូប​ប្រជែង​គ្នា​ដណ្តើម​ជើងឯក​ថ្នាក់ជាតិ ខណៈ​ស្តេច​អុកចត្រង្គ​៣​រូប​អវត្តមាន
20, Jun 2019 , 5:34 pm        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡា​អុកចត្រង្គ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​២០ មិថុនា បាន​បើក​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៩ ដើម្បី​ស្វែងរក​ជើង​ខ្លាំង​សម្រាប់​ត្រៀម​ប្រមូលផ្តុំ​ក្រុម​ជម្រើសជាតិ​។ ក្នុងចំណោម​កីឡាករ​៤៨​រូប ដែល​ចូលរួម​ការប្រកួត​នេះ គេ​មិនឃើញ​មាន​វត្តមាន​ស្តេច​អុកចត្រង្គ​ប្រចាំឆ្នាំ​២០១៦, ២០១៧ និង ២០១៨ ឡើយ​។ លោក វ៉ា​ត់ ចំរើន ជំរុញ​ឲ្យ​កីឡាករ​និង​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម គោរព​បទបញ្ជា​ការប្រកួត និង​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍ Fair Play​។

 
​វា​ជាការ​ប្រកួត​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០១៩ ក៏ពិតមែន តែ​ក៏​ដើម្បី​ចម្រាញ់​រក​ធនធាន​កីឡាករ​ជម្រើសជាតិ សម្រាប់​ត្រៀម​ការប្រកួត​លក្ខណៈ​អន្តរជាតិ​នានា​ផងដែរ​។ ក្នុងន័យនេះ ម្ចាស់​ជ័យលាភី​ក្នុងការ​ប្រកួត នឹង​ទទួលបាន​ឱកាស​ក្លាយជា​កីឡាករ​ជម្រើសជាតិ​ប្រចាំ​សហព័ន្ធ ក្រោម​គោលការណ៍​កំណត់​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​។ 


 
​សម្រាប់​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ​មាន​កីឡាករ​៤៨​រូប​ចូលរួម ដោយ​បែង​ចែកជា​៨​ពូ​ល​ក្នុង​មួយ​ពូ​ល​មាន​៦​រូប​។ ការប្រកួត​ធ្វើឡើង​តាម​រូបមន្ត​វិលជុំ ហើយ​អ្នកទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ​ចំនួន​ពីររូប​ក្នុង​ពូ​ល​នីមួយៗ នឹង​ឡើងទៅ​ប្រកួត​វគ្គ​១៦​នាក់​ចុងក្រោយ ដែល​ធ្វើតាម​រូបមន្ត​ចាញ់​ធ្លាក់​។ ការប្រកួត​ធ្វើឡើង​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២០-២១ ខែមិថុនា នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។ 
 
​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុងចំណោម​កីឡាករ​ទាំង​៤៨​រូប គេ​ពុំ​ឃើញ​មាន​វត្តមាន​ស្តេច​អុកចត្រង្គ ហូ​យ សូ​ណា ហេង សៅ​ឌី និង សុខ លឹម​ហេង នោះឡើយ​។ ទោះបី​គ្មាន​ហេតុផល​ជាក់លាក់ តែ​ការ​អវត្តមាន​ជើង​ខ្លាំង​ទាំង​៣ ត្រូវបាន​គណៈកម្មការ​រៀបចំ​ការប្រកួត​បញ្ជា​ក់ថា ដោយសារ​ពួកគេ​ជាប់​បំពេញភារកិច្ច​ផ្ទាល់ខ្លួន​។ ស្តេច​អុកចត្រង្គ​ពីរ​សម័យ ឈាវ បូរ៉ា ដែល​ទើប​លាលែង​ពី​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អុកចត្រង្គ ក៏​ស្ថិត​ក្នុងចំណោម​កីឡាករ​ទាំង​៤៨​រូប​ផងដែរ​។ 


 
​គួររំលឹកថា កីឡាករ ហូ​យ សូ​ណា បាន​ក្លាយជា​ស្តេច​អុកចត្រង្គ​ប្រចាំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ឆ្នាំ​២០១៦ រីឯ​កីឡាករ ហេង សៅ​ឌី ស្តេច​អុក​ឆ្នាំ​២០១៧ និង សុខ លឹម​ហេង ស្តេច​អុក​ឆ្នាំ​២០១៨​។ ចំណែក​កីឡាករ ឈាវ បូរ៉ា បាន​គ្រង​តំណែង​ស្តេច​អុកចត្រង្គ​ពីរ​ឆ្នាំ​ជាប់​គ្នា គឺ​នៅ​ឆ្នាំ​២០១៤ និង ២០១៥​។ 
 
​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក្រើនរំលឹក​ដល់​មន្ត្រី​អាជ្ញាកណ្តាល​ចៅក្រម ឲ្យ​គោរព​បទបញ្ជា​ការប្រកួត​ឲ្យ​បាន​ម៉ឺងម៉ាត់ និង​វិនិច្ឆ័យ​ដោយ​ឈរលើ​គោលការណ៍ Fair Play​។ ការជំរុញ​នេះ គឺ​ដើម្បី​ផ្តល់​ភាពកក់ក្តៅ ក៏ដូចជា​ទំនុកចិត្ត​ដល់​កីឡាករ ពិសេស​ឲ្យ​ការប្រកួត​ដំណើរការ​ដោយ​រលូន​។ 
 
​ជាមួយ​ការជំរុញ​ឲ្យ​កីឡាករ​ប្រកួត​អស់ពី​សមត្ថភាព លោក​ក៏​ជំរុញ​ឲ្យ​កីឡាករ​គោរព​ក្រមសីលធម៌ និង​ច្បាប់​នៃ​ការប្រកួត​ផងដែរ​។ «​កីឡា​អុកចត្រង្គ​មិនសូវមាន​ក្រមសីលធម៌​នោះទេ បើ​លេង​ខាងក្រៅ ថា​ចុះ​ថា​ឡើង​វ៉ៃ​គ្នា​គិល​។ ប៉ុន្តែ​នៅក្នុង​កីឡា​អត់​ទេ គេ​មាន​ក្រមសីលធម៌ ដូច្នេះ​អត់​មាន​ជេរ​គ្នា ឬថា​ឌឺដង​ដាក់គ្នា​ក្នុងពេល​ប្រកួត​កីឡា​នោះទេ គឺ​ត្រូវគោរព​គ្នា​ទៅវិញទៅមក​»​។ ការបញ្ជាក់​បែបនេះ​រប​ស់លោក វ៉ា​ត់ ចំរើន ធ្វើឡើង​ពេល​លោក​ធ្វើជា​អធិបតី​ក្នុង​ពិធី​បើក​ការប្រកួត​អុកចត្រង្គ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​៕  

Tag:
 អុកចត្រង្គ​
  ហេង សៅ​ឌី​
  សុខ លឹម​ហេង​
  ហូ​យ សូ​ណា
© រក្សាសិទ្ធិដោយ thmeythmey.com