«ទិវាជាតិ​នៃ​​ការចងចាំ​​» នឹងក្លាយជាមេរៀនថ្មីនៅតាមសាលា
ជាតិ
សង្គមជាតិ
«ទិវាជាតិ​នៃ​​ការចងចាំ​​» នឹងក្លាយជាមេរៀនថ្មីនៅតាមសាលា
20, Jun 2019 , 6:25 pm        
រូបភាព
រូបពីអង្គភាពប្រតិកម្មរហ័ស
រូបពីអង្គភាពប្រតិកម្មរហ័ស
ក្រសួង​អប់រំ ​​​គ្រោងបញ្ចូល​​​ខ្លឹម​សារ ​ដែល​ទាក់ទង​នឹង «ទិវាជាតិ​នៃ​ការចង​ចាំ» ទៅ​ក្នុង​កម្ម​វិធី​សិក្សា​ ដើម្បី​ឲ្យសិស្ស ​បាន​ឈ្វេង​យល់​ពី​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​មួយនេះ​។



លោក ឌី ខាំ​បូ​លី​ អ្នក​នាំពាក្យ​ក្រសួង​អប់រំ យុវជន និងកីឡា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថ្មីៗ​​ថា កាលបរិច្ឆេទ ដែលត្រូវដាក់ដាក់មេរៀន​​​​ ​ស្តី​ពី​«​ទិវា​ជាតិ​នៃ​ការ​ចង​ចាំ» ចូលទៅ​ក្នុង​​​កម្ម​វិធី​សិក្សា មិនទាន់ត្រូវបានកំណត់ឲ្យច្បាស់នោះទេ។ ប៉ុន្តែ លោក អះអាងថា ក្រសួង​​កំពុង​តែ​រៀបចំ​​ក្នុង​ដំណាក់កាលនៃ​​ការជ្រើ​ស​រើ​ស​កម្ម​វិធី​ ដំណើរ​ការនៃ​​ការ​បញ្ចូល​ខ្លឹម​សារ​​សំខាន់ៗ ដែលផ្តល់ជា​ចំណេះ​ដឹងដល់​ការ​រៀន​សូត្រ​របស់​សិស្ស និង​ការ​រៀប​ចំ​សៀវភៅ​សិក្សា​គោលជាមុន​សិន ​ទើប​​​​អាច​ដាក់​បញ្ចូល​​ក្នុង​កម្មវិធី​សិក្សា​​។ ​ ​

អ្នក​នាំ​ពាក្យ​រូប​នេះ​ បញ្ជាក់ថា ការ​ដាក់​បញ្ចូល​ខ្លឹម​សារ​ដែល​ទាក់​ទង​នឹង​​ «ទិវាជាតិ​នៃ​ការ​ចង​ចាំ»​​ នេះ ​​គឺជា​ចំណេះ​ដឹង​ដ៏​សំខាន់​សម្រាប់​ឲ្យ​សិស្សជំនាន់​ក្រោយបាន​ឈ្វេង​យល់ពី​​ប្រវត្តិសាស្ត្រ​ ដែលប្រជា​ជន​ខ្មែរ ​រង​គ្រោះ​ និង​ឈឺ​ចាប់ពី​ឧក្រិដ្ឋ​កម្ម​​​ ក្នុង​របបកម្ពុជាប្រជា​ធិបតេយ្យ​​​​។ ​លោក មានប្រសាសន៍ថា៖«នេះ​ជា​ព្រឹត្តិការណ៍ និង​ជាប្រវត្តិសាស្ត្រ តម្លៃ​ជា​សាកល​សម្រាប់​ឲ្យ​សិស្សានុសិស្សជំនាន់​ក្រោយ​បានសិក្សា​រៀន​សូត្រ»។​ ​

រដ្ឋាភិបាល​បាន​កំណត់​យក​ថ្ងៃ​ទី​​២០ ខែ​ឧសភា ជា ​«ទិវា​​ជាតិ​នៃ​ការ​ចង​ចាំ» និងបាន​​ដាក់បញ្ចូល​ក្នុង​ថ្ងៃ​បុណ្យ​​ជាតិ​ជា​ផ្លូវ​ការ ដើម្បីឲ្យ​​ពលរដ្ឋ​ខ្មែរគ្រប់​រូប​​​គោរព​ដល់​វិញ្ញាណក្ខន្ធ​របស់​ជន​រង​គ្រោះ​ដែល​​បាន​ស្លាប់​នៅ​ក្នុង​របបប្រល័យ​ពូជសាសន៍​​៕

Tag:
 ក្រសួងអប់រំ
  ប្រវត្តិសាស្ត្រ
  ប៉ុល ពត
© រក្សាសិទ្ធិដោយ thmeythmey.com