ឃ្លាំងស្តុក-ឡសម្ងួតស្រូវ នៅខេត្តចំនួន១១ ដែលចិនផ្ដល់កម្ចី នឹងចាប់ផ្ដើមសង់នៅដើមឆ្នាំក្រោយ
ជាតិ
សេដ្ឋកិច្ច
ឃ្លាំងស្តុក-ឡសម្ងួតស្រូវ នៅខេត្តចំនួន១១ ដែលចិនផ្ដល់កម្ចី នឹងចាប់ផ្ដើមសង់នៅដើមឆ្នាំក្រោយ
20, Jun 2019 , 7:15 pm        
រូបភាព
ភ្នំពេញ៖ បន្ទាប់ពីពិភាក្សា និងធ្វើការរួមគ្នារវាងភាគីកម្ពុជា និងភាគីចិន អស់ជាច្រើនឆ្នាំរួចមក ឥឡូវនេះភាគីទាំងពីរបានឈានដល់ចុះកិច្ចសន្យា ដែលនាំទៅដល់ការចាប់ផ្ដើមសាងសង់ឃ្លាំងស្តុក ឡសម្ងួត នៅខេត្តចំនួន១១ របស់កម្ពុជា។



កិច្ចសន្យាពាណិជ្ជកម្មសម្រាប់គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ និងលោក Chen Xiaojia ប្រធានក្រុមហ៊ុន CITIC Construction Co,. Ltd ក្រោមអធិបតីលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២០ខែមិថុនានេះ។

ប្រសាសន៍លោក ស៊ាង ថៃ ជុំវិញគម្រោងសាងសង់ឃ្លាំងស្តុក-ឡសម្ងួតដែលផ្ដល់កម្ចីដោយចិន៖




តាមរយៈកិច្ចសន្យានេះ ក្រុមហ៊ុន Citic និងក្រុមហ៊ុន Green Trade ដែលចំណុះក្រសួងពាណិជ្ជកម្ម នឹងសាងសង់ឃ្លាំងស្តុកស្រូវ-អង្ករ ចំនួន១២កន្លែង ដែលមានសមត្ថភាពស្តុកសរុប ៨២៧ ០០០ តោន និងឡសម្ងួតចំនួន១០កន្លែង ក្នុងសមត្ថភាពសម្ងួត ១៣០០០តោនក្នុងមួយថ្ងៃ នៅខេត្តពោធិ៍សាត់ បាត់ដំបង តាកែវ បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង កណ្ដាល កំពង់ស្ពឺ និងខេត្តព្រះសីហនុ។

គម្រោងនេះស្ថិតក្រោមក្របខណ្ឌឥណទានសម្បទានពីប្រទេសចិន ដោយកាលពីឆ្នាំ២០១៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់សំណើខ្ចីថវិកាពីរដ្ឋាភិបាលចិនចំនួន ៣០០លានដុល្លារ សម្រាប់គម្រោងសង់ឃ្លាំង និងឡសម្ងួតនៅកម្ពុជា។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ស៊ាង ថៃ បានឲ្យដឹងថា បន្ទាប់ពីចុះកិច្ចសន្យានេះហើយ ការសាងសង់នឹងត្រូវចាប់ផ្ដើមនៅដើមឆ្នាំ២០២០ ហើយគ្រោងបញ្ចប់ក្នុងរយៈពេល២ឆ្នាំ ដើម្បីឈានដល់ដាក់ឲ្យដំណើរការហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។ លោកថ្លែងដូច្នេះថា៖«យើងចុះហត្ថលេខាថ្ងៃនេះ អាចនឹងចាប់ផ្ដើមសាងសង់នៅដើមឆ្នាំក្រោយ ហើយរយៈពេលសាងសង់គឺអាស្រ័យតាមសភាពការណ៍ដែរ មិនមែនចាប់ផ្ដើមភ្លាម ១២កន្លែងនោះទេ តែរយៈពេលបញ្ចប់សាងសង់ទាំងអស់ប្រហែល២ឆ្នាំ បើគ្មានបញ្ហាអ្វីមករាំងស្ទះនោះទេ»។

លោក ស៊ាង ថៃ អះអាងថា គម្រោងបង្កើតឃ្លាំងស្តុក និងឡសម្ងួតស្រូវទាំងនេះ នឹងជួយវិស័យស្រូវអង្ករកម្ពុជា ពិសេសបញ្ហាដែលកសិករលក់ស្រូវបានថោក។ លោកលើកឡើងដូចនេះថា៖«សព្វថ្ងៃនេះ ពេលយើងចាប់ផ្ដើមប្រមូលផល តម្លៃស្រូវច្រើនតែធ្លាក់ចុះ ព្រោះទាំងអស់គ្នាបង្ខំលក់ តែពេលមានឃ្លាំងទាំងនេះ អ្នកដាំដុះអាចរក្សាកសិផលសិន ចាំតម្លៃសមរម្យចាំលក់»។

មិនត្រឹមតែកសិករនោះទេ តែសហគ្រាសរោងម៉ាស៊ីនកិនស្រូវ ក៏នឹងទទួលបានផលផងដែរ។ លោក ស៊ាង ថៃ ប្រាប់ដូច្នេះថា៖«អ្នកខ្លះមកទិញយើង គេរកបរិមាណមួយដែលយើងអាចចុះកិច្ចសន្យាលក់ឲ្យគេច្រើនតោន តែដល់ក្នុងដៃយើងអត់មាន អ៊ីចឹងវាអត់លះ ហើយបើរកឲ្យគេអត់បាន គឺខុសកិច្ចសន្យាទៅទៀត តែដល់ពេលយើងមានឃ្លាំងមានឡសម្ងួត យើងអាចដឹងក្នុងដៃយើងមានប៉ុន្មាន ហើយអាចនិយាយជាមួយគេបាន»។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មិនទាន់អាចបញ្ជាក់បានទេថា តើនៅពេលសាងសង់ឃ្លាំងស្តុកទាំងនោះរួច ស្ថាប័ន ឬក្រុមហ៊ុនណាដែលជាអ្នកគ្រប់គ្រងប្រតិបត្តិការនោះទេ ដោយលោកបញ្ជាក់ថានឹងមានការពិភាក្សារឿងនេះលម្អិតទៀត។

បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ ត្រូវបានរៀបចំឡើងដើម្បីជួយដល់កសិករ ពាណិជ្ជករ និងក្រុមហ៊ុននាំចេញអង្ករ ព្រមទាំងរួមចំណែកគាំទ្រយុទ្ធសាស្រ្តរបស់រដ្ឋាភិបាលក្នុងការជំរុញការនាំចេញអង្ករយ៉ាងតិច ១លានតោនក្នុងមួយឆ្នាំ តាមរយៈការសាងសង់ឃ្លាំងស្តុក ឡសម្ងួត នៅតាមទីតាំងយុទ្ធសាស្រ្ត និងការដាក់ឲ្យអនុវត្តយន្តការយកស្រូវអង្ករ ស្តុកក្នុងឃ្លាំងជាវត្ថុបញ្ចាំសម្រាប់ខ្ចីប្រាក់ពីធនាគារ។

ការផ្ដល់ឥណទានដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្រូវអង្ករនៅកម្ពុជានៅពេលនេះ ក៏ស្របពេលដែលរដ្ឋាភិបាលចិនបានដំឡើងកូតាទិញអង្ករពីកម្ពុជាជាបន្តបន្ទាប់។ ចុងក្រោយនេះចិនព្រមបើកឲ្យកម្ពុជានាំអង្ករទៅទីផ្សារខ្លួន ៤០ម៉ឺនតោន ចាប់ពីខែសីហាឆ្នាំ២០១៩ ដល់ចុងឆ្នាំ២០២០ ។

គួរបញ្ជាក់ថា ក្រៅពីគម្រោងសាងសង់ឃ្លាំងស្តុកចំនួន១១ខេត្តខាងលើនេះ កម្ពុជាមានឃ្លាំងស្តុកដែលសម្រាប់បម្រើឲ្យការនាំចេញអង្ករធំៗ នៅខេត្តចំនួន៤។ ក្នុងនោះខេត្តបាត់ដំបងធំជាងគេ ដែលអាចស្តុកដល់ ២០ម៉ឺនតោន ហើយក្រៅពីនោះនៅខេត្តកំពង់ធំ ព្រៃវែង តាកែវ អាចស្តុក៥ម៉ឺនតោនក្នុងមួយកន្លែង។ ហើយនេះជាគម្រោងដែលត្រូវបានទម្លាក់ឥណទានដោយរដ្ឋាភិបាលប្រមាណ ៣០លានដុល្លារ។

ក្រៅពីឃ្លាំងស្តុក រដ្ឋាភិបាលបានព្យាយាមដោះស្រាយបញ្ហាស្រូវរបស់កសិករធ្លាក់ថ្លៃ ដោយបានទម្លាក់កញ្ចប់ថវិកាពិសេស សម្រាប់ឲ្យធនាគារអភិវឌ្ឍន៍ជនបទរបស់រដ្ឋ ផ្ដល់កម្ចីដល់រោងម៉ាស៊ីន និងអ្នកប្រមូលទិញ ដើម្បីប្រមូលស្រូវកសិករ ចៀសវាងជន់លក់បានថោក។ កញ្ចប់ថវិកាពិសេស ៥០លានដុល្លារនេះ ត្រូវបានអគ្គនាយកធនាគារមួយនេះគឺលោក កៅ ថាច អះអាងថា នៅតែបន្តផ្ដល់ឲ្យដល់រោងម៉ាស៊ីនកិនស្រូវ ដោយមិនទាន់បញ្ឈប់នោះទេ។

គួរបញ្ជាក់ថា ការនាំចេញអង្កររបស់កម្ពុជាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មិនសូវកើនខ្លាំងនោះទេ។ ក្នុងឆ្នាំ២០១៨ កម្ពុជានាំអង្ករជាង ៦២ម៉ឺនតោន ធ្លាក់ចុះ ១,៥ភាគរយ បើធៀបនឹងឆ្នាំ២០១៧ ៕

Tag:
 អង្ករ
  ឃ្លាំងស្តុក
© រក្សាសិទ្ធិដោយ thmeythmey.com