ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រកឃើញ​ហើយ​មូលហេតុ​ដែល​នាំ​ឲ្យ​កើត​ពពែ​ឆ្កែ​
21, Jun 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​ពពែ​ឆ្កែ អាច​មិន​ផ្តល់​ផាសុកភាព និង​បង្ក​ភាពស៊ាំ​ញ៉ាំ​ច្រើន​ដល់​អ្នកជំងឺ​។ ទោះបីជា​អ្នកថែរក្សា​ភ្នែក​បាន​យ៉ាង​ល្អ​ក៏ដោយ អ្នក​នៅតែ​អាច​កើត​វា​បាន​ដដែល​ទេ​។ ការកើត​ពពែ​ឆ្កែ បង្កឡើង​ដោយ​ការបង្ក​រោគ​ដោយ​បាក់តេរី​មួយ​ក្នុង​ក្រពេញ​ញើស ឬ​គល់​រោម​ត្របកភ្នែក​។ ក្រពេញ និង​គល់​រោម​ទាំងនេះ​អាច​នឹងរង​ការស្ទះ​ដោយ​កោសិកា​ស្បែក​ងាប់ៗ​ចូល​កកកុញ​។ ពេលខ្លះ បាក់តេរី​ក៏​ជាប់​ក្នុងនោះដែរ រហូតដល់​បង្ក​រោគ​។ ជា​លទ្ធផល​ចេញ​ជាការ​ហើម និង​ដុំ​ឈឺចាប់​ខ្លាំង ដែល​ខ្មែរ​យើង​ហៅថា​ពពែ​ឆ្កែ​ទៅ​។


 
​វា​មិនសូវ​ខុសគ្នា​នឹង​ការកើត​មុន​ទេ គឺមាន​ខ្ទុះ​ក្នុង​ដុំ​ដែល​ឈឺចាប់​នោះ ដែល​ច្រើនតែ​ចេញ​ជា​ក្បាល​មក​ខាងក្រៅ និង​បង្កើតជា​ចំណុច​ពណ៌​លឿង​នៅ​ចុង​នៃ​ដុំ​ពពែ​ឆ្កែ​នោះ​។ អាកា​រៈ​ផ្សេងៗ​ទៀត​នៃ​ការកើត​ពពែ​ឆ្កែ​មានដូចជា​៖
 
•​ ​ហើម​ត្របកភ្នែក​
•​ ​ហូរ​ទឹករំអិល​ពណ៌​លឿងខ្ចី​មក​ខាងក្រៅ​
•​ ​ខ្លាច​ពន្លឺ​
•​ ​មាន​អារម្មណ៍​ថា មាន​អ្វីមួយ​ក្នុង​ភ្នែក​
•​ ​ចេះតែ​រកាំៗ​ក្នុង​ភ្នែក​
•​ ​ហូរ​ទឹកភ្នែក​
•​ ​កើតជា​ថ្នក់​នៅ​គែម​របស់​ត្របកភ្នែក​
 
​ភាគច្រើន​ការកើត​ពពែ​ឆ្កែ​បង្កឡើង​ដោយ​បាក់តេរី​ឈ្មោះថា Staphylococcus ដែលជា​បាក់តេរី​មួយ​ប្រភេទ​រស់នៅ​លើ​ស្បែក និង​ជាធម្មតា​មិន​បង្ក​គ្រោះថ្នាក់​អ្វី​ឡើយ​។ នៅពេល​បាក់តេរី​ឆ្លង​ចូលទៅ​ភ្នែក ហើយ​ជាប់​ក្នុង​ក្រពេញ ឬ​គល់​រោម វា​នឹង​បង្ក​ជាការ​បង្ក​រោគ​។ ការបង្ក​រោគ​នៅ​ភ្នែក​ច្រើនតែ​កើតចេញពី​ការថែទាំ​ភ្នែក​មិនបាន​ល្អ ឬ​ប្រើប្រាស់ Contact Lense​។ លក្ខណៈ​ដែល​អាចធ្វើ​ឲ្យ​អ្នក​ប្រឈម​ខ្លាំង​នឹង​ការបង្ក​រោគ​ដោយសារតែ Contact Lense មានដូចជា​៖
 
•​ ​លាង​សម្អាត Contact Lense មិនបាន​ត្រឹមត្រូវ ឬ​ល្អ​
•​ ​ប៉ះពាល់​នឹង Contact Lense មុនពេល​លាង​សម្អាត​ដៃ​
•​ ​ពាក់ Contact Lense ពេល​កំពុងតែ​គេង​
•​ ​យក Contact Lense ដែល​ខូច​ហើយ​មក​ប្រើ​វិញទៀត​
•​ ​ប្រើប្រាស់ Contact Lense ដែល​ហួស​កាលបរិច្ឆេទ​។​
 
​ការ​ប្រឈម​នឹង​ការកើត​ពពែ​ឆ្កែ​នឹង​កើនឡើង​បើសិនជា​អ្នក​ធ្លាប់​កើត​វា​ពីមុន​ម្តង​រួចហើយ​។ ពពែ​ឆ្កែ​ក៏​អាច​កើតឡើង​ម្តងទៀត​ដែរ​ក្រោយពី​វា​បានជា​ហើយក៏​ដោយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com