ជាតិ
សង្គមជាតិ
លោក ព្រាប កុល ធ្វើ​យុទ្ធនាការ​រៃអង្គាសប្រាក់​ជួយ​លោក មាស នី ដែល​ជួប​បញ្ហា​ភ្លើង​ឆេះ​ផ្ទះ​
21, Jun 2019 , 11:09 am        
រូបភាព
រូបពីហ្វេសប៊ុកលោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា (ខាងឆ្វេង) និងលោក មាស នី អ្នកវិភាគនយោបាយ និងសង្គម(ខាងស្ដាំ)
រូបពីហ្វេសប៊ុកលោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា (ខាងឆ្វេង) និងលោក មាស នី អ្នកវិភាគនយោបាយ និងសង្គម(ខាងស្ដាំ)
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​លោក ព្រាប កុល បានរៀបចំ​យុទ្ធនាការ​រៃអង្គាស​ថវិកា​សម្រាប់​ជួយ​អ្នកវិភាគ​នយោបាយ និង​សង្គម​លោក មាស នី ដែល​ជួប​បញ្ហា​ភ្លើង​ឆេះ​ផ្ទះ​។ យុទ្ធនាការ​នេះ មាន​រយៈពេល​២​សប្ដាហ៍ គឺ​ចាប់ពី​ថ្ងៃទី​២០ មិថុនា ដល់​ថ្ងៃទី​១ កក្កដា​។​


 
​គិត​ត្រឹម​ពេលព្រឹក​ថ្ងៃទី​២១ មិថុនា​នេះ មាន​សប្បុរសជន​ចូលរួម​បរិច្ចាគ​ថវិកា ប្រមាណ​៦​ពាន់​ដុល្លារ​ហើយ សម្រាប់​ជួយ​រំលែក​ទុក្ខលំបាក​របស់លោក មាស នី តាមរយៈ​ការ​យុទ្ធនាការ​របស់លោក ព្រាប កុល​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​រូបនេះ បាន​បញ្ជាក់ថា ការធ្វើ​យុទ្ធនាការ​រៃអង្គាសប្រាក់​នេះ ក្នុង​គោលបំណង​ចង់បង្ហាញ​ពី​ការ​សាមគ្គី និង​ស្មារតី​ខ្មែរ​ជួយ​ខ្មែរ​ក្នុង​គ្រាអាសន្ន ។ សម្រាប់​លោក ព្រាប កុល យុទ្ធនាការ​នេះ ក៏​ជា​ឱកាសល្អ​បំផុត ក្នុង​ការផ្តល់​កម្លាំងចិត្ត​ដល់​លោក មាស នី ដែលជា​បញ្ញវន្ត​មួយរូប ហើយ​បានធ្វើ​ពលិកម្ម​សេចក្តីសុខ​ផ្ទាល់ខ្លួន ក្នុងការ​ចែករំលែក​ចំណេះដឹង ដើម្បី​បុព្វហេតុ​ជាតិ និង​មាតុភូមិ​។​
 
«​ទី​១ យើង​ចង់​ចូលរួម​រំលែក​ទុក្ខ​ដល់​លោក​បណ្ឌិត មាស នី ដែលជា​បញ្ញវន្ត​មួយរូប ហើយ​គាត់​បាន​ចំណាយ​ពេលវេលា សេចក្តីសុខ​ផ្ទាល់ខ្លួន​របស់គាត់ ធ្វើ​ការងារ​សិក្សា​ស្រាវជ្រាវ​វិភាគ​ទាក់ទង​បញ្ហា​សង្គម រយៈពេល​ជាច្រើន​ឆ្នាំ​កន្លងមកនេះ​។ អ៊ីចឹង​នៅពេល​គាត់​ជួប​គ្រោះអាសន្ន​ជា​អកុសល​នេះ ដែល​យើង​ចង់បង្ហាញ​នូវ​ការ​សាមគ្គី និង​គាំទ្រ​ដល់​លោក​។ ហើយ​អ្វីដែល​យើង​អាច​ធ្វើបាន គឺ​ខ្ញុំ​បាន​អំពាវនាវ​ដល់​ជនរួមជាតិ សប្បុរសជន​ចូលរួម​ជា​ថវិកា តាម​សទ្ធា តាម​លទ្ធភាព​របស់គាត់​រៀងខ្លួន​ហ្នឹង ដើម្បី​ខ្ញុំ​អាច​យកទៅ​ជូន​លោក​បណ្ឌិត​ដោយផ្ទាល់​នៅ​ថ្ងៃទី​១ កក្កដា​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា​។​
 
​បើតាម​លោក មាស នី ថវិកា​ដែល​សប្បុរសជន​បរិច្ចាគ​នេះ ភាគច្រើន​គឺ​ពលរដ្ឋ​នៅក្នុង​ស្រុក ដែលជា​បញ្ញវន្ត និង​ពលរដ្ឋ ចូលចិត្ត​ការវិភាគរ​ប​ស់លោក មាស នី​។ ចំណែក​ពលរដ្ឋ​នៅក្រៅ​ប្រទេស​ដូចជា​អាមេរិក អូស្ត្រាលី និង​កូរ៉េខាងត្បូង​នោះ ក៏​កំពុង​ធ្វើ​យុទ្ធនាការ​អង្គាសប្រាក់​ជួយ​អ្នកវិភាគ​កម្ពុជា​រូបនេះ​ផងដែរ​។ នេះ​ជា​ព័ត៌មាន ដែល​លោក មាស នី ទទួលបាន​។ 
«​ខ្ញុំ​ប្រគល់​ប្រាក់​សរុប​បាន​ពី​ការ​រៃអង្គាស​ទាំងអស់ ជូន​ដល់​លោក បណ្ឌិត មាស នី ដោយផ្ទាល់ ដោយ​ភ្ជាប់​ជាមួយនិង​របាយការណ៍​ធនាគារ និង ក្រុមហ៊ុន Wing និង​ដោយមាន​លោក បណ្ឌិត ប៉ា ច​ន្ទ័​រឿន និង លោក បណ្ឌិត ឡៅ ម៉ុងហៃ ដែលជា​ក្រុមការងារ​ធ្វើជា​សាក្សី​ដឹងឮ​»​។ នេះ​ជាការ​បន្ថែម​របស់លោក ព្រាប កុល​។​
 
​គួរ​បញ្ជាក់ថា ផ្ទះ​របស់លោក មាស នី អ្នកវិភាគ​ន​យោ​យ​បាយ និង​ជា​អ្នកសិក្សា​ពី​ការអភិវឌ្ឍ​សង្គម រង​ការខូចខាត​ទាំងស្រុង ដោយ​អគ្គិភ័យ​ឆាបឆេះ នៅ​ល្ងាច​ថ្ងៃទី​១៨​មិថុនា​។​ផ្ទះ ដែល​ឆេះ​នោះ គឺ​នៅ​ផ្សារលើ ខេត្តបាត់ដំបង​៕

© រក្សាសិទ្ធិដោយ thmeythmey.com