កីឡាអន្តរជាតិ
អន្តរជាតិ
World Cup នារី​៖ នី​ហ្សេ​រី​យ៉ា និង​កា​មេ​រូ​ន ក្រុម​ចុងក្រោយ​ដែល​ឡើងទៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​
21, Jun 2019 , 12:00 pm        
រូបភាព
​ចំណាត់ថ្នាក់​ទី​៣​ល្អ​បំផុត​ក្នុង​ពូ​ល​បាន​នាំ​ឲ្យ​ក្រុមកីឡា​បាល់ទាត់​នារី​ពី​ទ្វីបអាហ្វ្រិក នី​ហ្សេ​រី​យ៉ា និង​កា​មេ​រូ​ន​ក្លាយជា​ក្រុមទី​១៦ សម្រាប់​ការប្រកួត​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ FIFA Women's World Cup ឆ្នាំ​២០១៩​។


 
​ការប្រកួត​កាត់សេចក្តី​ចុងក្រោយ​ពូ​ល E នា​ថ្ងៃទី​២០ ខែមិថុនា ក្រុមកីឡា​ការិនី​កា​មេ​រូ​ន​បាន​យកឈ្នះ​នូ​វែ​ល​សេ​ឡង់​ដោយ​លទ្ធផល ២-១​។ ជ័យជម្នះ​នេះ​បាន​នាំ​ពួកគេ​ទទួល​៣​ពិន្ទុ ឈរ​ចំណាត់ថ្នាក់​ទី​៣​ល្អ​បំផុត ដើម្បី​បន្តទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ 
 
​ស៊ី​លី​ដែល​យកឈ្នះ​ថៃ ២-០ នា​ការប្រកួត​ចុងក្រោយ​ពូ​ល F ដែរនោះ​ក៏​ទទួលបាន​៣​ពិន្ទុ​ដូចគ្នា ប៉ុន្តែ​ចាញ់​ប្រៀប​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​របស់​កា​មេ​រូ​ន​។ ស៊ី​លី​ស៊ីសង​គ្រាប់​បាល់​នៅសល់ -៣ ចំណែក​កា​មេ​រូ​នស​ល់ -២​។ ដោយឡែក នី​ហ្សេ​រី​យ៉ា​ដែលមាន​៣​ពិន្ទុ​ពូ​ល A ស្រាប់ ក៏បាន​សិទ្ធិ​បន្តទៅ​កាន់​វគ្គ​ខ្វែង​ផងដែរ ដ្បិត​នៅសល់​គ្រាប់​ស៊ីសង​រួច -២​ស្មើ​កា​មេ​រូ​ន​។​
 
​លក្ខខណ្ឌ​នៃ​ព្រឹត្តិការណ៍​ការប្រកួត​កីឡាបាល់ទាត់​ពិភពលោក​ផ្នែក​នារី​គឺ​តម្រូវ​ឲ្យ​មាន​ក្រុម​លេខ​៣​តាម​ពូ​ល​ល្អ​បំផុត​សរុប​ចំនួន​៤​ក្រុម​អាច​រួម​ដំណើរ​ជាមួយ​ក្រុម​លេខ​១ និង​លេខ​២​ទៅ​វគ្គ​បន្ត​។ ក្រុម​ទាំង​៤ ដែល​ទទួលបាន​ចំណាត់ថ្នាក់​ទី​៣​ល្អ​បំផុត មាន​ចិន ប្រេ​ស៊ី​ល នី​ហ្សេ​រី​យ៉ា និង​កា​មេ​រូ​ន​។​
 
​នី​ហ្សេ​រី​យ៉ា និង​កា​មេ​រូ​ន​ជា​ក្រុមទី​១៦ បន្ទាប់ពី​ម្ចាស់ផ្ទះ​បារាំង អាល្លឺម៉ង់ អ៊ីតាលី អង់គ្លេស ហូ​ឡង់ កាណាដា ស៊ុយអែត ម្ចាស់​ជើងឯក​ចាស់​អាមេរិក ន័​រ​វែ​ស អេ​ស្ប៉ា​ញ ជប៉ុន​និង​ចិន​ដែល​បាន​កៅអី​ទៅ​អង្គុយចាំ​នៅ​វគ្គ​១/៨​ផ្តាច់ព្រ័ត្រ​រួចស្រេច​។​
 
​នៅ​វគ្គ​១៦​ក្រុម នី​ហ្សេ​រី​យ៉ា​ត្រូវ​តទល់​ជាមួយ​អាល្លឺម៉ង់ ខណៈ​កា​មេ​រូ​ន​ប៉ះ​អង់គ្លេស​។ ន័​រ​វែ​ស​ជួប​អូស្ត្រាលី ម្ចាស់ផ្ទះ​បារាំង​ស្វាគមន៍​ប្រេ​ស៊ី​ល អេ​ស្ប៉ា​ញ​ជួប​ម្ចាស់​ជើងឯក​ចាស់​អាមេរិក ស៊ុយ​អ៊ែត​ជាមួយ​កាណាដា អ៊ីតាលី​ប៉ះ​ចិន និង​ហូឡង់ត​ទល់​ជាមួយ​ជប៉ុន​។ ការប្រកួត​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ តទៅ​៕


Tag:
 បាល់ទាត់​
  World Cup Women
© រក្សាសិទ្ធិដោយ thmeythmey.com