ជាតិ
សង្គមជាតិ
អ្នកកាសែតអាស៊ីសេរីពីររូប នៅតែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការដដែល លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា ស្ថិតនៅសាលាឧទ្ធរណ៍
× សាលាឧទ្ធរណ៍ សម្រេចមិនយកសំណើរបស់លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា អតីតអ្នកកាសែតនៃវិទ្យុអាស៊ីសេរី ទៅពិចារណានោះទេ។ អ្នកទាំងពីរ សុំឲ្យសាលាឧទ្ធរណ៍ បញ្ចប់សេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែលដាក់ឲ្យពួកគេ ស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
លោក សំ ចំរើន មេធាវីរបស់លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា បានប្រាប់អ្នកកាសែត ក្រោយបញ្ចប់សវនាការថា លោក មិនអាចទទួលយកបាននោះទេ ដែលសាលាឧទ្ធរណ៍ មិនយកសំណើរបស់លោក ទៅពិចារណា។ លោក បញ្ជាក់ដូច្នេះថា «យើងខកចិត្ត ដែលបណ្តឹងយើងត្រូវបដិសេធ»។
លោក បន្តថា ដោយសារនៅតែស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ កូនក្តីរបស់លោកទាំងពីរ តែងទៅបង្ហាញខ្លួននៅមុខសមត្ថកិច្ចជារៀងរាល់ខែ។
លោកមេធាវី ប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា សំណុំរឿងរបស់កូនក្តីលោក ត្រូវបានបិទបញ្ចប់ការស៊ើបសួរ និងត្រូវបានបញ្ជូនទៅជំនុំជម្រះហើយ។ ប៉ុន្តែ លោក អះអាងថា តុលាការ មិនទាន់កំណត់កាលបរិច្ឆេទនៃបើកសវនាការជំនុំជម្រះនោះទេ។
អ្នកទាំងពីរ បានរងបទចោទចំនួនពីរ គឺបទប្រគល់ឲ្យបរទេសនូវព័ត៌មានជាអាទិ ដែលធ្វើឲ្យអន្តរាយដល់ការការពារជាតិ ក្រោយតុលាការ រកឃើញថាបានដំឡើងប្រព័ន្ធផ្សព្វផ្សាយ និងផលិតព័ត៌មាន ហើយបញ្ជូនទៅឲ្យស្ថាប័នរបស់ខ្លួន ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីតោននៃសហរដ្ឋអាមេរិក និងបទផលិតវីដេអូអាសអាភាស៕
© រក្សាសិទ្ធិដោយ thmeythmey.com