កីឡាជាតិ
ជាតិ
ខេត្តស្វាយរៀងលើកពានក្រសួងអប់រំ ក្រោយយកឈ្នះត្បូងឃ្មុំ ២-១ នៅវគ្គផ្តាច់ព្រ័ត្រ ក្រសួងអប់រំ
× ក្រុមបាល់ទាត់មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង គ្រងជើងឯកពានរង្វាន់ក្រសួងអប់រំយុវជននិងកីឡាលើកទី២ ក្រោយយកឈ្នះក្រុមត្បូងឃ្មុំក្នុងលទ្ធផល ២-១ នៅវគ្គផ្តាច់ព្រ័ត្រកាលពីល្ងាចថ្ងៃទី២០ មិថុនា នៅពហុកីឡដ្ឋានជាតិ។ ចំណែកមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រៃវែងទទួលបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះស្ទឹងត្រែង ៤-២។ ពានរង្វាន់នេះ រៀបចំឡើងដើម្បីលើកកម្ពស់សុខមាលភាពមន្ត្រីរាជការ រឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិរវាងអង្គភាពចំណុះឲ្យក្រសួង។
ក្រោយឆ្លងកាត់ការប្រកួតអស់រយៈពេលជិត៤ខែ ពានរង្វាន់ឯកឧត្តម ហង់ ជួន ណារ៉ុន ដែលទើបប្តូរឈ្មោះជាពានរង្វាន់ក្រសួងអប់រំយុវជននិងកីឡានៅឆ្នាំ២០១៩ បានរកឃើញម្ចាស់ជើងឯកហើយ គឺក្រុមបាល់ទាត់មន្ទីរអប់រំ យុវជននិងកីឡាខេត្តស្វាយរៀង។ បន្ទាប់ពីពួកគេបានយកឈ្នះមន្ទីរអប់រំ យុវជននិងកីឡាខេត្តត្បូងឃ្មុំ ២-១ នៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី២០ មិថុនា នាពហុកីឡដ្ឋានជាតិ។
ចំណែកក្រុមមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រៃវែងបានយកឈ្នះមន្ទីរអប់រំយុវជននិងកីឡាខេត្តស្ទឹងត្រែង ៤-២ ដើម្បីទទួលបានចំណាត់ថ្នាក់លេខ៣។ សម្រាប់ប្រាក់រង្វាន់លើកទឹកចិត្តក្រុមជើងឯកទទួលបាន៤លានរៀល ជើងឯករងបាន៣លានរៀល និងលេខ៣បាន២លាលរៀល។ រីឯក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែងបានក្លាយក្រុម Fair Play ដោយទទួលបានថវិកាលើកទឹកចិត្តចំនួន៥០ម៉ឺនរៀល។
លោក ហង់ ជួន ណារ៉ុន ថ្លែងក្នុងពិធីបិទការប្រកួតពានរង្វាន់ក្រសួងអប់រំយុវជននិងកីឡា, រូបភាពពីអគ្គនាយកដ្ឋានកីឡា
ក្រៅពីនេះក៏មានប្រាក់រង្វាន់សម្រាប់អ្នកទាត់បាលបញ្ចូលទីច្រើនជាងគេ(ខុម ពិសិដ្ឋ) ក្រុមមានឯកសណ្ឋានស្អាតទទួលបានការគាំទ្រច្រើនជាងគេ អ្នកកាន់ស្លាកឈ្មោះក្រុមមានអ្នកគាំទ្រច្រើនជាងគេ និងក្រុមអាជ្ញាកណ្តាលកាត់ក្តីការប្រកួតវគ្គផ្តាច់ព្រ័ត្រ។
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើជាអធិបតីក្នុងពិធីបិទការប្រកួតពានរង្វាន់នេះ បានវាយតម្លៃថា ព្រឹត្តិការណ៍នេះ បានប្រព្រឹត្តទៅដោយរលូន មានការអធ្យាស្រ័យ យោគយល់គ្នា ពិសេសក្រុមនីមួយៗលេងប្រកបដោយ Fair Play ដែលធ្វើឲ្យមានការប៉ះទង្គិចតិចតួចបំផុត។
លោករដ្ឋមន្ត្រីក្រសួងអប់រំបានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាជោគជ័យមួយសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា ព្រោះតាមរយៈការប្រកួតនេះធ្វើឲ្យចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងនាយកដ្ឋាន អគ្គនាយកដ្ឋានកីឡា និងមន្ទីរអប់រំនៃខេត្តនីមួយៗកាន់តែមានភាពល្អប្រសើរ៕
ក្រសួងអប់រំ
លោក ណុះ ស្លេះ ប្រគល់ស្បែកជើងមាសដល់កីឡាករ ខុម ពិសិដ្ឋ ដែលរកគ្រាប់បាល់បានច្រើនជាងគេ, រូបភាពពីអគ្គនាយកដ្ឋានកីឡា
Tag:
ពានក្រសួងអប់រំយុវជននិងកីឡា
ស្វាយរៀង
ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com